នៅក្នុងសន្និសីទសារព័ត៌មាន នាព្រឹកថ្ងៃទី១ ខែកញ្ញានេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រួមជាមួយដៃគូសហការ បានប្រកាសជាផ្លូវការអំពីការរៀបចំ «ពិព័រណ៍ជាតិការងារ និងផលិតភាពការងារ ឆ្នាំ២០២៦» ដោយនាំមកនូវឱកាសការងាររហូតដល់ទៅជាង ៣ម៉ឺន ៥ពាន់កន្លែង ពីបណ្តាក្រុមហ៊ុន ស្ថាប័ន និងរោងចក្រសហគ្រាសឈានមុខ ១៥០ ក្នុងប្រទេសកម្ពុជា។
ស្របពេលដែលឱកាសការងារដ៏ច្រើនសន្ធឹកសន្ធាប់នេះត្រូវបានបើកចំហ ភាគីពាក់ព័ន្ធ និងអ្នកជំនាញផ្នែកធនធានមនុស្ស បានផ្តល់ការណែនាំយ៉ាងទទូចដល់យុវជន សិស្ស-និស្សិត និងអ្នកកំពុងស្វែងរកការងារធ្វើទាំងអស់ ឱ្យរួសរាន់រៀបចំ និងត្រៀមប្រវត្តិរូបសង្ខេប (CV) របស់ខ្លួនឱ្យបានរួចរាល់ និងមានស្តង់ដារត្រឹមត្រូវ។

នៅក្នុងសន្និសីទសារព័ត៍មានស្តីពី “ពិព័រណ៍ជាតិការងារ និងផលិតភាពការងារ ឆ្នាំ២០២៦” លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានមានប្រសាសន៍ថា គោលបំណងសំខាន់ៗនៃព្រឹត្តិការណ៍ដ៏ធំនាពេលខាងមុខនេះ គឺដើម្បីបន្តរក្សាតុល្យភាពក្នុងទីផ្សារការងារតាមរយៈការជួយជ្រោមជ្រែងនិយោជកដែលមានតម្រូវការជ្រើសរើសកម្លាំងពលកម្ម និងអ្នកស្វែងរកការងារ បង្កើតឱ្យមានកន្លែងជួបជុំគ្នាដ៏ធំ និងងាយស្រួលរវាងអ្នកស្វែងរកការងារ និយោជក អ្នកផ្តល់ការអប់រំបណ្ដុះបណ្ដាល និងដៃគូពាក់ព័ន្ធនានា ដើម្បីធ្វើការផ្លាស់ប្ដូរ និងចែករំលែកព័ត៌មានទីផ្សារការងារ ហើយក៏មានការរៀបចំផងដែលនូវសិក្ខាសាលាស្តីពី ផលិតភាពការងារដើម្បីកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព ដោយមានការចែករំលែកចំណេះដឹង និងបទពិសោធន៍ពីវាគ្មិនជំនាញជាច្រើន។

នៅក្នុងឱកាសនោះ វាគ្មិនកិត្តិយសលើកឡើងដោយគូសបញ្ជាក់ថា ពិព័រណ៍ជាតិឆ្នាំនេះ មិនត្រឹមតែជាកន្លែងផ្តល់ការងារធ្វើប៉ុណ្ណោះទេ ប៉ុន្តែជាវេទិកាតភ្ជាប់ដ៏មានប្រសិទ្ធភាព។ ដូច្នេះ យុវជន និងអ្នកស្វែងរកការងារ គួរត្រៀម CV ឱ្យបានច្រើនច្បាប់ និងស្វែងយល់ពីជំនាញដែលក្រុមហ៊ុនចង់បាន ដើម្បីបង្កើនឱកាសទទួលបានការងារធ្វើភ្លាមៗ។
សូមជំរាបជូនថា កម្មវិធីពិព័រណ៍ជាតិការងារ និងផលិតភាពការងារ ឆ្នាំ២០២៦ នឹងរៀបចំឡើងរយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី១២ និង១៣ ខែកញ្ញា ឆ្នាំ២០២៦ នៅមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។ ព្រឹត្តិការណ៍នេះ នឹងរៀបចំឡើងក្រោមប្រធានបទ «ជំនាញ និងការងារ៖ ផលិតភាពការងារដើម្បីកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព»។ សូមបញ្ជាក់ទៀតថា ព្រឹត្តិការណ៍ខាងលើនេះ ក៏នឹងត្រូវរៀបចំតាមប្រព័ន្ធអនឡាញផងដែរ ដែលអ្នកស្វែងរកការងារធ្វើនៅទូទាំងប្រទេស អាចដាក់ពាក្យស្វែងរកការងារធ្វើតាមប្រព័ន្ធអនឡាញបាន តាមរយៈគេហទំព័រពិព័រណ៌ការងារ careerfair.nea.gov.kh ឬអាចខលទៅកាន់លេខ ១២៩៧ ឬ ១២៨៦៕ អត្ថបទ៖ ឈិត បូរ៉ាវី
