រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ថ្លែងថា កូរ៉េជាដៃគូអភិវឌ្ឍន៍ទ្វេភាគីសំខាន់លំដាប់ទី៣ ដែលបានផ្តល់ហិរញ្ញប្បទាន ទាំងឥណទានសម្បទាន និងហិរញ្ញប្បទានឥតសំណង ឆ្លើយតបទៅនិងតម្រូវការអាទិភាព និងបានរួមចំណែកជំរុញកំណើនសេដ្ឋកិច្ច និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅសប្តាហ៍កន្លងមក នេះ បានទទួលជួបពិភាក្សាការងារជាមួយឯកឧត្តម KIM Chang Yong ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋ កូរ៉េ ប្រចាំនៅព្រះរាជាណាចក្រម្ពុជា ស្តីពីការបន្តជំរុញ និងពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា-សាធារណរដ្ឋកូរ៉េ, ដោយក្នុងជំនួប នោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះឯកឧត្តមឯកអគ្គរដ្ឋទូត និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់រដ្ឋាភិបាលនិងប្រជាជនកូរ៉េ ដែលបានផ្តល់ហិរញ្ញប្បទានអភិវឌ្ឍន៍ផ្លូវការ រួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមកម្ពុជា តាម រយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) និងមូលនិធិសហប្រតិបត្តិការសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច (EDCF)។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ បន្តថា ទំនាក់ទំនងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ត្រូវបាន ពង្រឹងនិងពង្រីកឥតឈប់ឈរ ខណៈដែលប្រទេសទាំងពីរកម្ពុជា-កូរ៉េ បានដំឡើងកម្រិតនៃទំនាក់ទំនងទៅជា “ដៃគូយុទ្ធសាស្ត្រ” កាល ពីឆ្នាំ២០២៤។ ជាមួយគ្នានេះ, ហិរញ្ញប្បទានពីសាធារណរដ្ឋកូរ៉េ ទាំងឥណទានសម្បទាន និងហិរញ្ញប្បទានឥតសំណងបានឆ្លើយតប ទាន់ពេលវេលា និងចំតម្រូវការជាអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ហើយបានរួមចំណែកយ៉ាងធំធេងដល់ការកសាងមូលដ្ឋានគ្រឹះ ដើម្បីជំរុញកំណើនសេដ្ឋកិច្ច និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា។ រដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ គឺជាដៃគូអភិវឌ្ឍន៍ ទ្វេភាគីដ៏សំខាន់លំដាប់ទី ៣ និងនិងជាដៃគូអភិវឌ្ឍន៍សំខាន់លំដាប់ទី៥ ក្នុងក្របខណ្ឌហិរញ្ញប្បទានសហប្រតិបត្តិការពីដៃគូអភិវឌ្ឍន៍ ទាំងអស់នៅកម្ពុជា ។ ជាក់ស្តែងសមិទ្ធិផលរូបវន្តជាច្រើនដែលជាផ្លែផ្កានៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ទាំងក្នុងក្របខណ្ឌ ហិរញ្ញប្បទានឥតសំណង និងឥណទានសម្បទានដូចជា ផ្លូវថ្នល់ ស្ពាន ប្រព័ន្ធធារាសាស្រ្ត បណ្តាញអគ្គិសនី មន្ទីរពេទ្យ និងសាលា រៀនជាដើម បានគ្របដណ្តប់នៅទូទាំងប្រទេសកម្ពុជា។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា កម្ពុជានឹងបន្តពូនជ្រុំកិច្ចសហប្រតិបត្តិការហិរញ្ញវត្ថុ និងអភិវឌ្ឍន៍រវាងប្រទេស ទាំងពីរកម្ពុជា-សាធារណរដ្ឋកូរ៉េ ស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១របស់រាជរដ្ឋាភិបាលកម្ពុជា ស្របពេលដែលកម្ពុជា យកចិត្តទុកដាក់លើការកែលម្អបរិស្ថានវិនិយោគ, ការពារ និងជំរុញទំនុកចិត្តវិនិយោគិន ក៏ដូចជាជំរុញការអភិវឌ្ឍសហគ្រាសមីក្រូ តូច និងមធ្យមនៅកម្ពុជាជាដើម ។

ឯកឧត្តម KIM Chang Yong បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងប្រកបដោយជោគជ័យរបស់ រាជរដ្ឋាភិបាលកម្ពុជា ក្នុងការរក្សាសុខសន្តិភាព ស្ថិរភាពនយោបាយ និងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច បើទោះបីជាស្ថិត ក្នុងបរិការណ៍ដែលពិភពលោកកំពុង ប្រឈមនឹងវិបត្តិសេដ្ឋកិច្ច បញ្ហាភូមិសាស្ត្រនយោបាយ និងផលវិបាកនៃសង្គ្រាមរវាងប្រទេសរុស្ស៊ី-អ៊ុយក្រែន និងវិបត្តិថាមពលក៏ដោយ ។ បញ្ហានេះរដ្ឋាភិបាលកូរ៉េ នឹងបន្តផ្តល់ហិរញ្ញប្បទានដល់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីគាំទ្រដល់ការអភិវឌ្ឍប្រទេស ស្របតាមតម្រូវការ វិស័យអាទិភាព និងគោលនយោបាយអភិវឌ្ឍន៍ ខណៈកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរក៏បានកំពុង មានការរីកចំរើនគួរឱ្យកត់សម្គាល់៕ អត្ថបទ៖ សុន រ៉ាឌី
