ក្រុមបាល់ទាត់ជម្រើសជាតិយុវជនអាយុក្រោម ២០ឆ្នាំកម្ពុជា នឹងបន្ដជួបក្រុមជម្រើសជាតិយុវជនអាយុក្រោម ២០ឆ្នាំជប៉ុន នាវេលាម៉ោង ៧យប់ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦ នេះ ក្នុងប្រកួតទី២ នៃវគ្គជម្រុះពានរង្វាន់យុវជនអាយុក្រោម ២០ឆ្នាំទ្វីបអាស៊ី AFC U20 Asian Cup China 2027 ពូលG នៅពហុកីឡដ្ឋានជាតិ(អូឡាំពិក) រាជធានីភ្នំពេញ។
នេះគឺជាការប្រកួតដ៏សំខាន់របស់ក្រុមគោព្រៃជំទង់កម្ពុជា ដែលត្រូវប្រឈរមុខជាមួយក្រុមខ្លាំងប្រចាំទ្វីប ខណៈបើឈ្នះ ក្រុមយុវជន U20 កម្ពុជា នឹងមានឱកាសខ្ពស់ សម្រាប់ដំណើរឆ្ពោះទៅជុំផ្ដាច់ព្រ័ត្រ នាឆ្នាំ២០២៧ នៅប្រទេសចិន។
គួរដឹងថា នេះជាការប្រកួតទី២ ក្នុងពូល បន្ទាប់ពីបើកឆាក ទាំងកម្ពុជា និងជប៉ុន សុទ្ធតែទទួលបានជ័យជម្នះ ពោលគឺក្រុមយុវជនសាំម៉ូរ៉ៃជប៉ុន បានយកឈ្នះកូវ៉ែត ៤-០ និងក្រុមគោព្រៃជំទង់កម្ពុជា បានយកឈ្នះក្រុមជម្រើសជាតិ U20 យេម៉ែន ២-១ ដែលនាំឲ្យក្រុមទាំងពីរ មាន ៣ពិន្ទុស្មើគ្នា។
ប៉ុន្ដែមុនឈានដល់ការប្រកួតដ៏គួរឲ្យចាប់អារម្មណ៍នេះ ក៏នឹងមានជំនួបស្វែងរកជ័យជម្នះលើកដំបូងរវាងក្រុមជម្រើសជាតិ U20 យេម៉ែន និង U20 កូវ៉ែត ដែលនឹងចាប់ផ្ដើមការប្រកួតនាវេលាម៉ោង ៤ល្ងាច នៅពហុកីឡដ្ឋានជាតិ(អូឡាំពិក) ផងដែរ។
សូមរំឮកថា វគ្គជម្រុះពានយុវជន U20 ប្រចាំទ្វីបអាស៊ី ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះពូលG នេះ មានបេក្ខភាព ៤ក្រុមចូលរួម ដើម្បីស្វែងរកក្រុមកំពូលតារាងឡើងទៅជុំផ្ដាច់ព្រ័ត្រ ខណៈក្រុមលេខ២ ត្រូវចាំអ៊ុតក្រុមលេខ២ ល្អជាងគេ ក្នុងចំណោម ៨ពូលចំនួន ២ក្រុម ឡើងទៅបង្គ្រប់កៅអីវគ្គ ១៦ក្រុមចុងក្រោយ នាឆ្នាំ២០២៧ នៅប្រទេសចិន។
ក្រោយជួបក្រុមខ្លាំងជប៉ុន ក្រុមគោព្រៃជំទង់កម្ពុជា នឹងត្រូវជួបក្រុមជម្រើសជាតិ U20 កូវ៉ែត បញ្ចប់ពូល នាថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៦ ខាងមុខ៕ អត្ថបទ លី ឈុនឡា
