មន្ដ្រីជាន់ខ្ពស់ នៃក្រសួងទេសចរណ៍ និងរដ្ឋបាលខេត្តកំពត រំពឹងព្រឹត្តិការណ៍រត់ឆ្លងកាត់ឧបសគ្គលើភ្នំបូកគោ ដែលជាកម្មវិធីអមដ៏សំខាន់មួយ នៃព្រឹត្តិការណ៍ទេសចរណ៍រដូវកាលបៃតងតំបន់ឆ្នេរ ឆ្នាំ២០២៦ នៅខេត្តកំពត នាដើមខែតុលាខាងមុខ នឹងក្លាយជាវេទិការផ្សារភ្ជាប់ការផ្សព្វផ្សាយសក្ដានុពលទេសចរណ៍ និងការអភិវឌ្ឍរីកចម្រើន ព្រមទាំងបង្កើនការយល់ដឹងកាន់តែទូលំទូលាយពីភូមិសាស្ដ្ររមណីយដ្ឋានវ័យចំណាស់របស់ខេត្តស្ថិតនៅភាគនិរតីនេះផងដែរ។

ការបង្ហាញសុទិដ្ឋិនិយមនេះ ធ្វើឡើងក្រោយកិច្ចប្រជុំ កាលពីថ្ងៃទី២ ខែកញ្ញា នៅសាលាខេត្តកំពត ដើម្បីពិភាក្សាការងារ និងត្រួតពិនិត្យទីតាំងត្រៀមរៀបចំព្រឹត្តិការណ៍ទេសចរណ៍រដូវកាលបៃតងតំបន់ឆ្នេរ ឆ្នាំ២០២៦ ដែលគ្រោងនឹងប្រព្រឹត្តទៅរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៤ ខែតុលា ក៏ដូចជាកិច្ចពិភាក្សាត្រៀមរៀបចំព្រឹត្តិការណ៍រត់ឆ្លងកាត់ឧបសគ្គ ផ្សារភ្ជាប់ទេសចរណ៍ក្នុងរដូវកាលបៃតង ក្រោមប្រធានបទ «រត់ដើម្បីទេសចរណ៍បៃតង លើភ្នំបូកគោ» ដែលនឹងរៀបចំលើភ្នំបូកគោ នាថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៦ ខាងមុខ។
ឯកឧត្តម វ៉ាហេង ដាវុធ រដ្ឋលេខាធិការក្រសួងទេសចរណ៍ មានប្រសាសន៍ថា សម្រាប់រដូវកាលបៃតងឆ្នាំនេះ ក្រោមការដឹកនាំរបស់ឯកឧត្តម ហួត ហាក់ រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ បានដាក់ចេញនូវគោលការណ៍ «១ខែ ១ព្រឹត្តិការណ៍« ខណៈបន្ទាប់ពិធីបើកផ្លូវការ នៅរាជធានីភ្នំពេញ ក្រសួងបានរៀបចំព្រឹត្តិការណ៍ទេសចរណ៍រដូវកាលបៃតង ៣លើករួចមកហើយ រួមមាននៅខេត្តសៀមរាប រាជធានីភ្នំពេញ និងខេត្តស្ទឹងត្រែង គ្រាដែលខេត្ដកំពត គឺជាគោលដៅខេត្តទី៤ ត្រូវរៀបចំក្នុងនាមតំណាងខេត្តតំបន់ឆ្នេរ ដែលធ្វើឡើងក្រោមប្រធានបទ «សក្ដានុពលទេសចរណ៍ម្ហូបអាហារ និងភាពស្រស់ស្អាត នៃតំបន់ឆ្នេរក្នុងរដូវកាលបៃតង»។
ទន្ទឹមជាមួយព្រឹត្តិការណ៍ដ៏ធំនេះ ក្រសួងគ្រោងនឹងមានរៀបចំកម្មវិធីអមជាច្រើន ក្នុងនោះដោយមានការចូលរួមពីវិស័យឯកជន រួមមានសណ្ឋាគារ ឋានសួគ៌ សុខា ភ្នំបូកគោ និងក្រុមហ៊ុន NexSports ក្រោមការគាំទ្រពីក្រសួង ក៏នឹងមានរៀបចំនូវព្រឹត្តិការណ៍រត់ឆ្លងកាត់ឧបសគ្គចម្ងាយ ២៥គីឡូម៉ែត្រ, ១២គីឡូម៉ែត្រ ណិង ៥គីឡូម៉ែត្រ ដើម្បីជាឱកាសបំផុសចលនាកីឡាដល់ប្រជាពលរដ្ឋផង ជំរុញកំណើនភ្ញៀវទេសចរណ៍ផង និងបង្កើនការយល់ដឹងពីភូមិសាស្ដ្រភ្នំបូកគោផងដែរ។

ឆ្លៀតឱកាសនោះដែរ ឯកឧត្តម មឿង គង្គា អភិបាលរងខេត្តកំពត បានបង្ហាញក្ដីរីករាយ ក្នុងនាមម្ចាស់ផ្ទះ ដែលត្រូវបានក្រសួង ក៏ដូចជារាជរដ្ឋាភិបាល កំណត់យកខេត្តកំពត ដើម្បីរៀបចំព្រឹត្តិការណ៍នេះ។ ផ្អែកលើសកម្មភាពជាច្រើន រួមទាំងកម្មវិធីកីឡា ដើម្បីអបអរសាទរព្រឹត្តិការណ៍ទេសចរណ៍រដូវកាលបៃតងតំបន់ឆ្នែរនេះ រួមជាមួយសមិទ្ធផលថ្មីៗជាច្រើន ដែលខេត្តបាននឹងកំពុងខិតខំអភិវឌ្ឍន៍ ឯកឧត្តមសង្ឃឹមថា សន្ទុះភ្ញៀវទេសចរណ៍នឹងកាន់តែកើនឡើងបន្ថែមទៀត។

ជាមួយគ្នា ឯកឧត្តម មហាំម៉ាត់ យូណេះ អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាប្រធានលេខាធិការដ្ឋានក្រុមការងារជំរុញយុទ្ធនាការទេសចរណ៍ក្នុងរដូវកាលបៃតង បានបញ្ជាក់ពីការកំណត់ខេត្តកំពត ជាខេត្តជាប់សមុទ្រដំបូងគេ ដើម្បីរៀបចំព្រឹត្តិការណ៍ទេសចរណ៍រដូវកាលបៃតងតំបន់ឆ្នេរនេះ ព្រោះចង់ជំរុញខេត្តកំពត ក៏ដូចជាខេត្តកែប ដែលនៅជិតគ្នា លើសពីវិស័យទេសចរណ៍ ដោយផ្សារភ្ជាប់គោលដៅម្ហូបអាហារ តែឆ្នាំបន្ដបន្ទាប់ នឹងអាចរៀបចំនៅខេត្តផ្សេងៗទៀត។
សម្រាប់សកម្មភាពអម ដែលក្រសួង សហការជាមួយរដ្ឋបាលខេត្ត ត្រៀមរៀបចំ រួមមានការប្រកួតប្រជែងម្ហូបអាហារ និងពិព័រណ៍ម្ហូបអាហារ, វគ្គបណ្ដុះបណ្ដាលស្ដីពី «និន្នារការ និងតម្រូវការទេសចរណ៍មូស្លីមដល់មន្ដ្រីបង្គោល និងភាគីពាក់ព័ន្ធក្នុងវិស័យទេសចរណ៍, ការជជែកលើវិថីទេសចរណ៍រដូវកាលបៃតងតំបន់ឆ្នេរ និងសកម្មភាពកីឡាមួយចំនួន ក្នុងនោះគឺមានការរត់ឆ្លងកាត់ឧបសគ្គ និងការប្រកួតកីឡាកាច់ដៃជាដើម។ ទាំងអស់នេះ ឯកឧត្តមរំពឹងព្រឹត្តិការណ៍នេះ នឹងក្លាយជាដែកឆក់ថ្មីមួយទៀត ដើម្បីស្រូបទាក់ភ្ញៀវទេសចរណ៍ជាតិ-អន្ដរជាតិទៅលេងកម្សាន្ដកាន់តែច្រើននៅខេត្តកំពត។

ឯកឧត្តម វ៉ាហេង ដាវុធ បន្ថែមថា តាមរយៈសកម្មភាព និងព្រឹត្តិការណ៍ដូចភ្លៀងរលឹម ដែលក្រសួងបានខិតខំរៀបចំនេះ បានបង្ហាញយ៉ាងច្បាស់ មិនត្រឹមគ្រាន់តែជាការផ្លាស់ប្ដូរ រដូវកាលបៃតង ឬ Grern Season ជំនួសពាក្យ រដូវកាលភ្ញៀវតិច ឬ Low Season នោះទេ តែជាការផ្លាស់ប្ដូរផ្នត់គំនិត ការគិតវិជ្ជមាន និងជាយុទ្ធសាស្ដ្រជាតិដ៏មុតស្រួច ក្រោមការដឹកនាំរបស់ឯកឧត្តម ហួត ហាក់ ដែលត្រូវបានសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា គាំទ្រនូវគំនិតផ្ដួចផ្ដើមរបស់ក្រសួងទេសចរណ៍ ក្នុងការដាក់ចេញនូវយុទ្ធនាការទស្សនាកម្ពុជានៅរដូវកាលបៃតង កាលពីឆ្នាំ២០២៥ ហើយក៏កំពុងទទួលបានការសាទរយ៉ាងខ្លាំងពីប្រជាពលរដ្ឋ និងគ្រប់វិស័យពាក់ព័ន្ធ ពិសេសក្នុងវិស័យបដិសណ្ឋារកិច្ចនេះតែម្ដង៕ អត្ថបទ លី ឈុនឡា



