កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ កាលពីយប់ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦ បានចាប់ខ្លួនបុគ្គលម្នាក់ឈ្មោះ សុខ ធន់ នៅក្នុងភោជណីយដ្ឋានមួយកន្លែងក្នុងក្រុងបាវិត។ ការចាប់ខ្លួននេះធ្វើឡើងតាមដីកាបញ្ជាឱ្យចូលខ្លួនរបស់តំណាងអយ្យការខេត្តស្វាយរៀង ដែលបញ្ជាឱ្យឈ្មោះ សុខ ធន់ ចូលបង្ហាញខ្លួននៅនាយកដ្ឋាននគរបាលព្រហ្មទណ្ឌឱ្យបានមុនថ្ងៃទី២ ខែតុលា ឆ្នាំ២០២៦ ទាក់ទងបណ្ដឹងព្រហ្មទណ្ឌពីបទ កំហែងយក។ ករណីនេះត្រូវបានមើលឃើញថា បន្ទាប់ពីឈ្មោះ សុខ ធន់ បានធ្វើសកម្មភាពទារប្រាក់ និងទទួលយកប្រាក់ពីពាណិជ្ជករចំនួន ៩០០០ដុល្លារ ជាថ្នូរនឹងការដោះលែងរថយន្តដឹកក្រណាត់ចំនួន ២គ្រឿង កាលពីល្ងាចថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦។

ជាមួយគ្នានឹងករណីនេះដែរ កាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានសម្រេចផ្អាកការងារបណ្តោះអាសន្នចំពោះមន្ត្រីនគរបាលចំនួន ២រូប នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ចំណុះអគ្គស្នងការដ្ឋាននគរបាលជាតិ ដោយមូលហេតុ ល្មើសបទវិន័យនគរបាលជាតិកម្ពុជា។

នគរបាលទាំង ២រូប គឺវរសេនីយ៍ទោ ឈុន ឆាង អត្តលេខ ៦៩៩៨៨ នាយការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច និងវរសេនីយ៍ត្រី យ៉ន បូណាវី អត្តលេខ ៦០១១៩ នាយរងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ដោយរដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានបង្គាប់ឱ្យនគរបាលទាំង ២រូប ត្រូវទៅបង្ហាញមុខរៀងរាល់ម៉ោងធ្វើការនៅការិយាល័យបុគ្គលិក នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង រហូតមានការសម្រេចជាថ្មី។
វរសេនីយ៍ទោ ឈុន ឆាង នាយការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ត្រូវបានពាណិជ្ជករម្នាក់ប្ដឹងទៅកាន់អយ្យការអមសាលាដំបូងខេត្តស្វាយរៀង កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦ ពីបទ កំហែងយក ដោយបានចោទប្រកាន់លោក ឈុន ឆាង រួមទាំងបក្ខពួកថាបានឃាត់រថយន្តដឹកក្រណាត់ចំនួន២គ្រឿង ដោយគ្មានបញ្ជាក់ហេតុផលនៃកំហុសខុសឆ្គង និងគ្មានធ្វើឯកសារអ្វីទាំងអស់ ហើយបានបង្ខំកំហែងយកប្រាក់ពីពាណិជ្ជករចំនួន ១០០០០ដុល្លារ ប៉ុន្តែក្រោយមកក៏ព្រមព្រៀងគ្នាត្រឹម ៩០០០ដុល្លារ ដោយមានឈ្មោះ សុខ ធន់ ជាអ្នកតំណាងខាងនគរបាលទទួលយកប្រាក់ ៩០០០ដុល្លារនោះ ទើបប្រគល់រថយន្តដឹកក្រណាត់ទាំង២គ្រឿងឱ្យពាណិជ្ជករវិញ៕ អត្ថបទ៖ ប្រាក់ វ៉ាន់ដា



