ក្រុមបាល់ទាត់ជម្រើសជាតិយុវជនអាយុក្រោម ២០ឆ្នាំកម្ពុជា នៅតែមានឱកាសខ្ពស់ ក្នុងការប្រជែងចំណាត់ថ្នាក់លេខ២ ល្អជាងគេ ទោះបីរងបរាជ័យរហូតដល់ ៨-០ ទល់នឹងក្រុមជម្រើសជាតិយុវជនអាយុក្រោម ២០ឆ្នាំជប៉ុន កាលពីរាត្រីថ្ងៃទី៣ ខែកញ្ញា ក្នុងការប្រកួតជម្រុះពូលG នៃពានរង្វាន់យុវជនអាយុក្រោម ២០ឆ្នាំប្រចាំទ្វីបអាស៊ី AFC U20 Asian Cup China 2027 យ៉ាងណាក្ដី។

ការប្រកួតទី២ ក្នុងពូល នៅពហុកីឡដ្ឋានជាតិ(អូឡាំពិក)នេះ ក្រុមម្ចាស់ផ្ទះកម្ពុជា ធ្វើមិនបានល្អឡើយ ដោយវគ្គទី១ របូតត្រឹម ២គ្រាប់ មុនបន្ដរបូត ៦គ្រាប់បន្ថែម ក្នុងនោះមានគ្រាប់បាល់ Own Goal ២គ្រាប់ ដែលនាំឲ្យក្រុមជម្រើសជាតិ U20 ជប៉ុន ទទួលបាន ៣ពិន្ទុបន្ថែម និងបន្ដឈរកំពូលតារាងយ៉ាងរឹងមាំ ក្នុងដំណើរប្រជែងកៅអីជុំផ្ដាច់ព្រ័ត្រ ។ តែយ៉ាងណាម្ចាស់ផ្ទះកម្ពុជា នៅតែរក្សាតំណែងលេខ២ និងមានឱកាសប្រជែងកៅអីវគ្គបន្ដ ព្រោះនៅសល់ ១ប្រកួតទៀត។
ក្រោយចប់ការប្រកួតលោក Satoshi Yamaguchi គ្រូបង្វឹកក្រុមជម្រើសជាតិ U20 ជប៉ុន បានលើកឡើងថា លោកបានផ្ដោតលើកូនក្រុម ក្នុងការប្រកួតទល់កម្ពុជា ដែលជាម្ចាស់ផ្ទះ បន្ទាប់ពីលោកបានសិក្សាពីកីឡាករគ្រោះថ្នាក់មួយចំនួន តែជាក់ស្ដែងកូនក្រុមលោកធ្វើបានល្អជាង ។ បែបនេះក្ដីលោកក៏បានមើលឃើញពីចំណុចវិជ្ជមានខ្លះ របស់ក្រុមជម្រើសជាតិអាយុក្រោម ២០ឆ្នាំកម្ពុជាផងដែរ។
ដោយឡែកលោក Yasuhir Yoshida គ្រូបង្វឹកក្រុមយុវជនអាយុក្រោម ២០ឆ្នាំកម្ពុជា បានទទួលស្គាល់ពីកង្វះខាតរបស់កូនក្រុម និងការធ្វើមិនបានល្អក្នុងការប្រកួតទល់ក្រុមខ្លាំងកម្រិតទ្វីប។ យ៉ាងណាលោកសង្ឃឹមកូនក្រុមនឹងយកអ្វីដែលខ្វះខាត ទៅពង្រឹង សម្រាប់ត្រៀមការប្រកួតបន្ទាប់ ក៏ដូចជាអភិវឌ្ឍន៍ខ្លួន ក្រោយត្រឡប់ទៅកាន់ក្លិបវិញផងដែរ។
គួរដឹងថា ឆ្លងកាត់ ២ប្រកួតក្នុងពូលG ក្រុមជម្រើសជាតិ U20 កម្ពុជា ឈ្នះ ១ និងចាញ់ ១ រកបាន ៣ពិន្ទុ ឈរលេខរៀងទី២ បណ្ដោះអាសន្ន ស្របពេលជប៉ុន ឈរកំពូលតារាង រកបាន ៦ពិន្ទុពេញ ក្រោយឈ្នះ ២ប្រកួតជាប់គ្នា គ្រាដែលក្រុមយុវជន U20 យេម៉ែន មាន ៣ពិន្ទុស្មើគ្នាជាមួយម្ចាស់ផ្ទះកម្ពុជា តែឈរលេខ៣ ស្របពេលកូវ៉ែត ឈរបាតតារាង មិនទាន់មានពិន្ទុរាប់ឡើយ ក្រោយរងបរាជ័យ ២ប្រកួតជាប់គ្នា។
ផ្អែកលើស្ថានភាពបច្ចុប្បន្ន និងយោងតាមរូបមន្ដការប្រកួត ដោយសារក្រុមគោព្រៃជំទង់កម្ពុជា បានយកឈ្នះយេម៉ែន កាលពីថ្ងៃបើកឆាក កម្ពុជានៅតែមានឱកាសខ្ពស់ ដើម្បីរក្សាតំណែងលេខ២ ដើម្បីប្រជែងចំណាត់ថ្នាក់ក្រុមលេខ២ ល្អជាងគេ ជាមួយបណ្ដាពូលផ្សេងៗ តែត្រូវចាំអ៊ុតលទ្ធផលការប្រកួតចុងក្រោយ ដោយកម្ពុជា ត្រូវជួបកូវ៉ែត និងយេម៉ែន ត្រូវជួបជប៉ុន ។ ការប្រកួតបញ្ចប់ពូលនេះ បើកម្ពុជាឈ្នះ កម្ពុជានឹងឈរលេខ២ ហើយមាន ៣ពិន្ទុ យកទៅប្រជែងជាមួួយក្រុមលេខ២ ផ្សេងទៀត ដ្បិតជ័យជម្នះលើក្រុមបាតតារាង នឹងមិនត្រូវគិតឡើយ។
គួរដឹងថា វគ្គជម្រុះពូលG នៃពានរង្វាន់ AFC U20 Asian Cup China 2027 ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនេះ មាន ៤ក្រុមចូលរួម ហើយជំនួបបញ្ចប់ពូល នឹងធ្វើឡើងនាថ្ងៃទី៦ ខែកញ្ញាខាងមុខ ម្បីកាត់សេចក្ដីរកក្រុមកំពូលតារាងឡើងទៅជុំផ្ដាច់ព្រ័ត្រ នៅប្រទេសចិន នាឆ្នាំ២០២៧ ខណៈក្រុមលេខ២ នឹងត្រូវចាំអ៊ុតលទ្ធផលផ្ទៀងផ្ទាត់ជាមួយក្រុមលេខ២ ក្នុងចំណោម ៨ពូល ដើម្បីស្វែងរកក្រុមលេខ២ ល្អជាងគេ ៧ក្រុមឡើងទៅបង្គ្រប់កៅអី ១៦ក្រុមចុងក្រោយ នៃព្រឹត្តិការណ៍ប្រចាំទ្វីប ២ឆ្នាំម្ដងនេះ៕ អត្ថបទ លី ឈុនឡា







