ការប្រកួតកីឡាអាស៊ី នៅប្រទេសជប៉ុន ក្នុងខែកញ្ញា ឆ្នាំ២០២៦នេះ សហព័ន្ធកីឡាប្រដាល់សកលត្រៀមបញ្ជូនកីឡាករ២នាក់ចូលរួមប្រកួត គឺកីឡាករ វី សុភ័ស ប្រកួតទម្ងន់៧០គ.ក្រ និងកីឡាករ ណេស្រេឌីនូវ អាន់វ៉ា លេងក្នុងទម្ងន់ ៨០គ.ក្រ ដោយព្រឹត្តិការណ៍ដ៏ធំរៀងរាល់៤ឆ្នាំម្តងនេះមានសារៈសំខាន់ ក្នុងការពង្រឹងគុណភាពជម្រើសជាតិឆ្ពោះទៅប្រកួតវគ្គជម្រុះកីឡាអូឡាំពិក នាឆ្នាំ២០២៨ នៅសហរដ្ឋអាមេរិក នេះបើតាមការបញ្ជាក់របស់ប្រធានសហព័ន្ធកីឡាប្រដាល់សកលកម្ពុជាឯកឧត្តម ប៊ុយ សុភ័ណ្ឌ។
ប្រធានសហព័ន្ធរូបនេះលើកឡើងថា សម្រាប់ការប្រកួតកីឡាអាស៊ី មានកម្រិតខ្ពស់ជាងឆ្ងាយពីស៊ីហ្គេមដែលមានត្រឹម ១១ ប្រទេសចូលរួម ខណៈកីឡាអាស៊ីមាន៤៥ប្រទេស ហើយកីឡាករប្រដាល់សកលក្នុងទ្វីបអាស៊ីនេះភាគច្រើនសុទ្ធសឹងតែជាកីឡាករលំដាប់ពិភពលោក។
ឯកឧត្តម ប៊ុយ សុភ័ណ្ឌ បានសង្កត់ធ្ងន់ថា សម្រាប់កីឡាករកម្ពុជាត្រៀមចូលរួមប្រកួតកីឡាអាស៊ី ឆ្នាំ២០២៦ នៅក្នុងខែកញ្ញានេះ គឺសហព័ន្ធបានត្រៀមខ្លួនឱ្យពួកគាត់ទាំងពីរនាក់ហ្វឹកហាត់តាំងពីដើមឆ្នាំមក។ ជាមួយនឹងការត្រៀមខ្លួននេះ សហព័ន្ធក៏បានឱ្យកីឡាករ ចូលរួមប្រកួតជាច្រើនមកដែរ ដើម្បីពង្រឹងគុណផលបច្ចេកទេសរបស់គាត់ឱ្យបានល្អ ហើយយើងរំពឹងថា ពួកគាត់នឹងអាចធ្វើបានល្អ នៅក្នុងព្រឹត្តិការណ៍ដ៏ធំរៀងរាល់៤ឆ្នាំងម្តង ប្រចាំទ្វីបអាស៊ីមួយនេះ។ បេក្ខភាពកីឡាករជម្រើសជាតិ ដែលត្រៀមខ្លួនចូលរួមប្រកួតកីឡាអាស៊ីនេះ គឺសហព័ន្ធបានឱ្យពួកគាត់ទាំងពីរនាក់ហ្វឹកហាត់ពិសេសជាមួយគ្រូបង្វឹកបរទេស ដែលជាគ្រូស្ម័គ្រចិត្តរបស់សហព័ន្ធ និងក៏ជាអតីតកីឡាករប្រដាល់សកលអាជីពផងដែរ។
ឯកឧត្តម ប៊ុយ សុភ័ណ្ឌ បន្ថែមថា គោលដៅធំរបស់សហព័ន្ធ គឺមិនត្រឹមតែការប្រកួតកីឡាអាស៊ីនេះប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងការត្រៀមចូលរួមប្រកួតជម្រុះកីឡាអូឡាំពិក នៅឆ្នាំ២០២៧ខាងមុខ ដើម្បីទទួលបានសិទ្ធិឆ្ពោះទៅអូឡាំពិកហ្គេម ឆ្នាំ២០២៨ នៅទីក្រុង Los Angeles សហរដ្ឋអាមេរិកផងដែរ។
សូមបញ្ជាក់ថា ព្រឹត្តិការណ៍កីឡាអាស៊ីលើកទី២០ នៅប្រទេសជប៉ុន “The 20th Asian Games Aichi-Nagoya 2026” នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៩ ខែកញ្ញា ដល់ថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៦ ។ ព្រឹត្តិការណ៍នេះមានប្រភេទកីឡាចំនួន ៤៣ មកពី ៤៥ ប្រទេសចូលរួមប្រកួតប្រជែងដណ្តើមមេដាយ ក្នុងនោះកម្ពុជានឹងបញ្ជូន ១៣ប្រភេទកីឡាចូលរួម ក្នុងនោះក៍មានប្រភេទកីឡាប្រដាល់សកលផងដែរ៕