សហព័ន្ធកីឡាវាយកូនបាល់កម្ពុជាត្រៀមបញ្ជូនកីឡាករកីឡាការិនី ៤នាក់ចូលរួមប្រកួតប្រជែងនៅក្នុងព្រឹត្តិការណ៍ចំនួនពីរផ្សេង២គ្នា នៅប្រទេសវៀតណាម និងប្រទេសសិង្ហបុរី នៅក្នុងខែកញ្ញា ឆ្នាំ២០២៦នេះ ។

លោក ជា ពៅ អគ្គលេខាធិការរងសហព័ន្ធកីឡាវាយកូនបាល់កម្ពុជាលើកឡើងថា រាល់ការចូលរួមប្រកួតកម្រិតអន្តរជាតិរបស់ កីឡាករ កីឡាការិនីជម្រើសជាតិកម្ពុជាគឺដើម្បីសន្សំពិន្ទុ និងបង្កើនគុណភាពបច្ចេកទេសផងដែរ។
នៅក្នុងបទសម្ភាសន៍ ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៦ នៅទីស្នាក់ការសហព័ន្ធនៃពហុកីឡដ្ឋានជាតិអូឡាំពិក លោក ជា ពៅ បានគូសបញ្ជាក់ថា ព្រឹត្តិការណ៍ប្រកួតចំនួន២នេះ រួមមាន ការប្រកួតកីឡាវាយកូនបាល់ជើងឯកនៅប្រទេសវៀតណាម ចាប់ពីថ្ងៃទី១១-១៣ ខែកញ្ញា ឆ្នាំ២០២៦ និងការប្រកួត The Singapore Tennis Invitational Cup (STIC) 2026 ចាប់ពីថ្ងៃទី២១-២៧ ខែកញ្ញា ឆ្នាំ២០២៦ នៅប្រទេសសិង្ហបុរី។
លោកអគ្គលេខាធិការរងរូបនេះសង្កត់ធ្ងន់ថា ការប្រកួតអន្តរជាតិនេះពិតជាសំខាន់ណាស់ ក្នុងការសន្សំពិន្ទុចំណាត់ថ្នាក់របស់កីឡាករកម្ពុជាយើង និងបង្កើនកម្រិតបច្ចេកទេសផងដែរ ដើម្បីត្រៀមចូលរួមប្រកួតកម្រិតអន្តរជាតិនានាបន្ថែមទៀត ជាពិសេសសម្រួចគោលដៅឆ្ពោះទៅប្រជែងមេដាយជូនជាតិ ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម នាឆ្នាំ២០២៧។

កីឡាករ ឃ្លាំង ពន្លក បានបញ្ជាក់ថា ពួកយើងបានត្រៀមខ្លួនរួចរាល់ហើយ ទាំងកំលាំង បចេ្ចកទេស ដើម្បីចូលរួមការប្រកួតខាងលើ លើសពីនេះ ការបានចូលរួមប្រកួតជាលក្ខណៈអន្តរជាតិបែបនេះ បានបង្ហាញទង់ជាតិ ព្រមទាំងឈ្មោះប្រទេសកម្ពុជានៅលើឆាកអន្តរជាតិ គឺជាមោទកភាព និងជាក្តីសប្បាយរីករាយមួយសម្រាប់កីឡាករថែមទៀតផង។
សូមបញ្ជាក់ថា ការប្រកួតកីឡាវាយកូនបាល់ជើងឯកនៅប្រទេសវៀតណាមគឺសហព័ន្ធកីឡាវាយកូនបាល់កម្ពុជាត្រៀមបញ្ជូនកីឡាករជម្រើសជាតិ៣នាក់ចូលរួមប្រកួតប្រជែង រួមមាន កីឡាករ ឃ្លាំង ពន្លក កីឡាករ យឿន សុធឿន និងកីឡាករ ពៅ វិរៈ។ ចំណែកឯការប្រកួតកីឡាវាយ The Singapore Tennis Invitational Cup (STIC) 2026 នៅប្រទេសសិង្ហបុរី គឺសហព័ន្ធត្រៀមបញ្ជូនជម្រើសជាតិ៤នាក់ទៅប្រកួត ដូចជា កីឡាការិនី ស៊ុម ចិន្តា កីឡាករ ឃ្លាំង ពន្លក កីឡាករ យឿន សុធឿន និងកីឡាករ ពៅ វិរៈ៕


