ប្រធានវិទ្យាស្ថានចក្ខុវិស័យអាស៊ី លើកឡើងថា កម្ពុជាកំពុងដើរតួនាទីកាន់តែសំខាន់ លើឆាកអន្ដរជាតិ ក្នុងប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា តាមរយៈសកម្មភាពជាក់ស្ដែង រហូតធានាបាន កម្ពុជាគ្មានមជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។

លោកបណ្ឌិត ឆេង គឹមឡុង ប្រធានវិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI) ប្រាប់ BTV នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦នេះ ថា កម្ពុជា បានបង្ហាញទៅកាន់ពិភពលោក ពីការប្ដេជ្ញាចិត្ត ក្នុងការកម្ទេចក្រុមឧក្រិដ្ឋជនឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា តាមរយៈការបោសសម្អាតបានទាំងស្រុងមជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ លោកថា នេះគឺជាជំហានវិជ្ជមានរបស់កម្ពុជា ជាអន្ដរជាតិ ក្នុងការត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះ សន្និសីទអន្ដរជាតិ ស្ដីពី ការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នៅចុងខែកញ្ញាខាងមុខនេះ។
លោកបណ្ឌិត ឆេង គឹមឡុង សង្កត់ធ្ងន់ថា តាមរយៈសន្និសីទអន្ដរជាតិនេះ ជាឱកាសរបស់កម្ពុជាបង្ហាញពីការពិត ដែលជាប្រទេសរងគ្រោះ ព្រោះក្រុមឧក្រិដ្ឋជនឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងការប្ដេជ្ញាចិត្តខ្ពស់សហការជាអន្ដរជាតិ ប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធតាមបច្ចេកវិទ្យា។
លោកបណ្ឌិត ឆេង គឹមឡុង ប្រធានវិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI) ៖«កម្ពុជាកំពុងជោគជ័យមួយជំហានធំ។ ហើយកំពុងកសាងជាមូលដ្ឋាន យកជាការរៀនសូត្រ ហើយនឹងដកស្រង់បទពិសោធន៍ពីប្រទេសផ្សេងៗ។ ដូច្នេះការត្រៀមរៀបចំ សន្និសីទអន្ដរជាតិ ទៅលើការប្រយុទ្ធប្រឆាំងបទឧក្រិដ្ឋកម្មឆ្លងដែន នៅចុងខែនេះ យើងឃើញថា ជាសញ្ញាមួយវិជ្ជាមាន ដែលកម្ពុជាអាចនឹងបង្ហាញទៅដល់ពិភពលោក អំពីការប្ដេជ្ញាចិត្តរបស់កម្ពុជា ក្នុងការកម្ចាត់នូវឧក្រិដ្ឋកម្មខុសច្បាប់។ ដូច្នេះកម្ពុជាអាចប្រើឱកាសនោះ ដើម្បីបង្ហាញនូវជាស្នាដៃ លទ្ធផល ការតាំងចិត្តផង និងការរៀនសូត្រពីអ្នកជំនាញអន្ដរជាតិប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា»។
បន្ថែមពីនេះលោកបណ្ឌិត ឆេង គឹមឡុង ជូនយោបល់ដល់រាជរដ្ឋាកម្ពុជា កៀរគរការគាំទ្ររួមគ្នាជាអន្ដរជាតិ ទាំងថ្នាក់តំបន់អាស៊ាន និងពិភពលោក ឈរក្នុងសំឡេងតែមួយ ប្រើនូវច្បាប់ ជាក្របខណ្ឌអន្ដរជាតិ ដោយមិនប្រើបទល្មើសឧក្រិដ្ឋកម្មឆបោកនេះ ជាលេសដើម្បីវាយប្រហារឈ្លានពានប្រទេសណាមួយ ដូចដែលប្រទេសថៃ បានឈ្លានពានកម្ពុជា រំលោភអធិបតេយ្យ និងកាន់កាប់ទឹកដីកម្ពុជាទាំងបំពានច្បាប់អន្ដរជាតិ។
សូមជម្រាបជូនថា ព្រះរាជាណាចក្រកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទអន្ដរជាតិ ស្ដីពីការប្រយុទ្ធប្រឆាំង ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្រោមប្រធានបទ រួមគ្នាឆ្ពោះទៅកាត់ផ្ដាច់ច្រវាក់ និងបញ្ចប់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ៕ អត្ថបទ ៖ លៀ ស៊ីណា

