វិស័យឯកជនបានបន្តចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍធនធានមនុស្ស និងជួយលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ តាមរយៈការគាំទ្រវិស័យអប់រំ និងការងារសង្គមនៅតាមមូលដ្ឋាន។
លើកឡើងក្នុងពិធីជួបសំណេះសំណាល និងផ្តល់អំណោយជាសម្ភារៈសិក្សា និងគ្រឿងឧបភោគបរិភោគ ជូនសិស្សានុសិស្ស និងគ្រួសារខ្វះខាត នៅសង្កាត់ក្រាំងអំពិល ក្រុងកំពត កាលពីរសៀលថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៦ លោក ស៊ាន ធនិន អគ្គនាយកផ្នែកលក់ និងទំនាក់ទំនងនៃធនាគារហត្ថា បានមានប្រសាសន៍ថា ធនាគារហត្ថា តែងតែចូលរួមសកម្មភាពសង្គមតាមលទ្ធភាព ជាពិសេសការជួយគ្រួសារខ្វះខាត មនុស្សចាស់ជរា និងកុមារក្នុងវ័យសិក្សា។ លោកបន្តថា ធនាគារក៏បានចូលរួមលើកកម្ពស់ការអប់រំតាមតំបន់ជនបទ ដោយថ្មីៗនេះបានបរិច្ចាគកុំព្យូទ័រជាង២០០គ្រឿងជូនសាលារៀននៅតំបន់ជនបទភាគឦសាន ដើម្បីផ្តល់ឱកាសដល់សិស្សទទួលបានចំណេះដឹងផ្នែកបច្ចេកវិទ្យា។
លោក ស៊ីវ យុគ ចៅសង្កាត់ក្រាំងអំពិល បានលើកឡើងថា ការចូលរួមរបស់វិស័យឯកជនជាមួយរាជរដ្ឋាភិបាល គឺជាកត្តាសំខាន់ក្នុងការអភិវឌ្ឍធនធានមនុស្ស និងចូលរួមកាត់បន្ថយភាពក្រីក្រនៅមូលដ្ឋាន។ លោកក៏បានលើកទឹកចិត្តឱ្យសិស្សានុសិស្សខិតខំរៀនសូត្រ ដើម្បីក្លាយជាធនធានសម្រាប់ការអភិវឌ្ឍប្រទេសនាពេលអនាគត៕




