វគ្គជម្រុះពានរង្វាន់បាល់ទាត់យុវជនអាយុក្រោម ២០ឆ្នាំទ្វីបអាស៊ី AFC U20 Asian Cup China 2027 ដែលកម្ពុជាធ្វើម្ចាស់ផ្ទះពូលG បានបញ្ចប់ការប្រកួតហើយ ដោយក្រុមជម្រើសជាតិយុវជនអាយុក្រោម ២០ឆ្នាំជប៉ុន បានទទួលកៅអីលេងជុំផ្ដាច់ព្រ័ត្រ នៅប្រទេសចិន ក្រោយយកឈ្នះគូប្រជែងរួមពូល ៣ប្រកួតជាប់គ្នា គ្រាដែលលោកក្រុមជម្រើសជាតិយុវជនអាយុក្រោម ២០ឆ្នាំកម្ពុជា បានត្រឹមសោកស្ដាយ ក្រោយភ្លាត់ចាញ់ការប្រកួតដ៏សំខាន់ចុងក្រោយ។
ជាមួយការប្រកួតដែលអ្នកគាំទ្របានដាក់ក្ដីរំពឹងក្រុមគោព្រៃជំទង់កម្ពុជា នឹងធ្វើបានល្អ ស្របពេលឱកាសអ៊ុតកៅអីវគ្គបន្ដ ត្រូវការត្រឹមលទ្ធផលស្មើ តែបែរជាក្រុមធ្វើមិនបានល្អ ហើយភ្លាត់ចាញ់ក្រុមភ្ញៀវ U20 កូវ៉ែត ជាច្រើនគ្រាប់។ បរាជ័យនេះ មិនត្រឹមធ្វើឲ្យកម្ពុជា អស់ឱកាសឡើងវគ្គបន្ដនោះទេ តែថែមទាំងធ្លាក់ទៅឈរបាតតារាងទៀតផង គ្រាដែលក្រុមយុវជន U20 កូវ៉ែត បានហក់ទៅឈរលេខ២ ជំនួសវិញ ដោយរកបាន ៣ពិន្ទុស្មើគ្នា រួមទាំងក្រុម U20 យេម៉ែន ដែលឈរលេខ៣ ផងដែរ។
ក្រោយចប់ការប្រកួតលោក Yasuhir Yoshida គ្រូបង្វឹកក្រុមជម្រើសជាតិ U20 កម្ពុជា បានសម្ដែងការសោកស្ដាយ និងសុំទោសម្ដងហើយម្ដងទៀត ចំពោះលទ្ធផលបរាជ័យនេះ ហើយលោកទទួលស្គាល់ពីកង្វះខាតការប្រមូលស្មារតីរបស់កូនក្រុម ធ្វើឲ្យកម្ពុជា ទទួលបានលទ្ធផលមិនល្អបែបនេះ។
ដោយឡែកគ្រូបង្វឹកក្រុមយុវជន U20 កូវ៉ែត លោក Ferdo Milin វិញ បានសម្ដែងក្ដីរីករាយ ទោះបីក្រុមមិនទាន់ច្បាស់បានឡើងជុំបន្ទាប់ឬយ៉ាងណា តែលោករីករាយនឹងការសម្រេចគោលដៅបញ្ចប់នៅលេខ២ ក្នុងពូល ហើយលោកក៏អរគុណម្ចាស់ផ្ទះកម្ពុជា ដែលបានផ្ដល់នូវភាពកក់ក្ដៅ កំឡុងពេលស្នាក់នៅ ហ្វឹកហាត់ និងប្រកួតរយៈប៉ុន្មានថ្ងៃកន្លងមកផងដែរ។
គួរដឹងថា វគ្គជម្រុះពានរង្វាន់ AFC U20 Asian Cup China 2027 ដែលកម្ពុជាធ្វើម្ចាស់ផ្ទះនេះ មាន ៤ក្រុមចូលរួម ខណៈក្រោយបញ្ចប់ការប្រកួតវិលជុំ ក្រុមយុវជន U20 ជប៉ុន បានឈរកំពូលតារាង ក្រោយឈ្នះ ៣ប្រកួត រកបាន ៩ពិន្ទុពេញ ដើម្បីបានកៅអីទៅលេខជុំផ្ដាច់ព្រ័ត្រ នៅប្រទេសចិន នាឆ្នាំ២០២៧ គ្រាដែលក្រុមយុវជនកូវ៉ែត យេម៉ែន និងកម្ពុជា រកបាន ៣ពិន្ទុស្មើគ្នា៕ អត្ថបទ លី ឈុនឡា



