បាល់ទាត់៖ អង្គការផ្កាយសមុទ្រកម្ពុជា (ISF) និងក្រុមហ៊ុន AIA Cambodia បានសហការគ្នាបង្កើតព្រឹត្តិការណ៍បាល់ទាត់កុមារ និងយុវជនដោយប្រសិទ្ធិនាមថា AIA - ISF Youth League នៅក្រុងសៀមរាបនៅទីលានបាល់ទាត់ហនុមានដើម្បីផ្តល់ឱកាសដល់កុមារ និងយុវជននៅតាមបណ្តាខេត្តទទួលបានឱកាសប្រកួតប្រជែងគ្នា បញ្ចេញនូវទេពកោសល្យអភិវឌ្ឍខ្លួនក្លាយជាកីឡាករកីឡាការិនីជំនាញផ្នែកបាល់ទាត់នៅពេលអនាគត។
លោក យិន សាមឌី ប្រធានរៀបគ្រប់គ្រងកម្មវិធីបាល់ទាត់ របស់អង្គការផ្កាយសមុទ្រកម្ពុជាបានបញ្ជាក់ថា ការប្រកួតបាល់ទាត់កុមារ និងយុវជន AIA - ISF គឺជាព្រឹត្តិការណ៍ប្រកួតវិលជុំថ្នាក់សហគមន៍ដ៏ធំបង្អស់មួយនៅកម្ពុជា ដែល ផ្តល់ឱកាសដល់កុមារា កុមារី និងយុវជនក្រីក្រ ក្នុងការលេងបាល់ទាត់ក្នុងបរិស្ថានមួយដែលមានសុវត្ថិភាព។ ឆ្នាំ២០២២ គឺជាឆ្នាំដំបូងបង្អស់ហើយដែលអង្គការផ្កាយសមុទ្រកម្ពុជា និងក្រុមហ៊ុន AIA Cambodia រៀបចំព្រឹត្តិការណ៍ប្រកួតវិលជុំចំនួនប្រាំលើកទូទាំងខេត្តទាំងបួន ដែលនាំយកឱកាសចូលរួមលេងកីឡាទៅដល់កុមារ និងយុវជនជិត ២,០០០នាក់នៅរាជធានីភ្នំពេញ ក្រុងកំពត ក្រុងសៀមរាប និងខេត្តកំពង់ស្ពឺជាដើម។
អង្គការផ្កាយសមុទ្រកម្ពុជាគឺជាអង្គការក្រៅរដ្ឋាភិបាលនៅកម្ពុជាមួយ ដែលប្តេជ្ញាចិត្តជួយកសាងអនាគតល្អប្រសើរសម្រាប់កុមារ និងយុវជនដែលជួបប្រទះវិសមភាពយេនឌ័រ ភាពក្រីក្រ និងពិការភាពដោយផ្តល់ឲ្យពួកគេនូវការអប់រំ សេវាថែទាំសុខភាព និងកីឡា។ ស្របគ្នានេះដែរអង្គការផ្កាយសមុទ្រកម្ពុជា និងក្រុមហ៊ុន AIA Cambodia នឹងទទួលស្វាគមន៍វត្តមានកុមារ និងយុវជន ២៦០នាក់មកចូលរួមព្រឹត្តិការណ៍បាល់ទាត់នៅថ្ងៃអាទិត្យខាងមុខនេះ។ ក្រុមដែលឈ្នះក្នុងការប្រកួតរយៈពេល ៩សប្តាហ៍នេះនឹងត្រូវមកចូលរួមប្រកួតប្រជែងក្នុងវគ្គផ្តាច់ព្រ័ត្រ AIA - ISF Grand Championship League នៅថ្ងៃអាទិត្យ ទី១៤ ខែសីហា នៅទីលានបាល់ទាត់អង្គការផ្កាយសមុទ្រកម្ពុជានៅរាជធានីភ្នំពេញ៕
អត្ថបទ៖ លី ឈុនឡា