រុស្ស៊ី៖ រុស្ស៊ីបានរិះគន់ផែនការរបស់ប្រទេសហ្វាំងឡង់ ក្នុងការចូលជាសមាជិកភាពរបស់សម្ព័ន្ធយោធាណាតូដោយអះអាងថា ខ្លួននឹងត្រូវគេបង្ខំឲ្យចាត់វិធានការសងសឹក ប្រសិនបើប្រទេសអព្យាក្រឹត្យជាយូរមកហើយមួយនេះចូលជាសមាជិកសម្ព័ន្ធយោធានេះ។
ក្រសួងការបរទេសរុស្ស៊ីបាននិយាយក្នុងសេចក្ដីថ្លែងការណ៍កាលពីថ្ងៃព្រហស្បតិ៍ថា ការចូលជាសមាជិករបស់ប្រទេសហ្វាំងឡង់ជាមួយសម្ព័ន្ធណាតូ គឺជាការផ្លាស់ប្ដូរដ៏ឆាប់រហ័សក្នុងគោលនយោបាយការបរទេស របស់ប្រទេសនេះ។ រុស្ស៊ីនឹងត្រូវបង្ខំចាត់វិធានការសងសឹកជាដំណាក់កាល ទាំងបច្ចេកទេសយោធា និងសកម្មភាពផ្សេងទៀត ដើម្បីបញ្ឈប់ការគំរាមដល់សន្តិសុខជាតិរបស់ខ្លួនដែលចេះតែកើនឡើង។ សេចក្ដីថ្លែងការណ៍នេះមានឡើងភ្លាមៗបន្ទាប់ពីប្រធានាធិបតីហ្វាំងឡង់លោក Sauli Niinisto និងលោកស្រីនាយករដ្ឋមន្ត្រី Sanna Marin បាននិយាយថា ប្រទេសនេះមិនគួរពន្យារពេលក្នុងការដាក់ពាក្យស្នើសុំចូល ជាសមាជិករបស់សម្ព័ន្ធណាតូទៀតឡើយ។
ចំណែកសេតវិមានវិញនិយាយថា ក្រុង Washington នឹងគាំទ្ររាល់បណ្ដាប្រទេសនៅតំបន់អឺរ៉ុប ដែលចង់ចូលជាសមាជិករបស់សម្ព័ន្ធយោធាដឹកនាំដោយសហរដ្ឋអាមេរិក។ វិមានក្រឹមឡាំងពុំបានបញ្ជាក់ច្បាស់ទេថា វិធានការជាក់លាក់អ្វីដែលខ្លួនកំពុងពិចារណា ទោះជាក្រុមមន្ត្រីធ្លាប់លើកឡើងថា ក្រុង Moscow នឹងពង្រឹងវត្តមានរបស់ខ្លួននៅក្នុងតំបន់សមុទ្របាល់ទិក រួមទាំងត្រៀមក្បាលគ្រាប់នុយក្លេអ៊ែរផង។ ប្រទេសហ្វាំងឡង់ដែលកំណត់ព្រំដែនប្រវែង ១,៣៤០គីឡូម៉ែត្រជាប់ជាមួយប្រទេសរុស្ស៊ី មិនព្រមចូលជាសមាជិកអង្គការណាតូជាយូរមកហើយ ហើយបានរក្សាជំហរមិនចូលបក្សសម្ព័ន្ធយោធារបស់ខ្លួនចាប់តាំងពីបញ្ចប់សង្គ្រាមលោកលើកទីពីរ។ ប៉ុន្តែក្រោយការវាយប្រហាររបស់រុស្ស៊ីលើអ៊ុយក្រែនកាលពីខែកុម្ភៈ ការគាំទ្រសម្រាប់សមាជិកភាពណាតូក្នុងប្រទេសហ្វាំងឡង់ ក៏ដូចជានៅស៊ុយអែតបានកើនឡើងយ៉ាងខ្លាំង៕
អត្ថបទ៖ សុខមាន