ការប្រកួតក្របខណ្ឌ UEFA Champions League រដូវកាល ២០២៦/២៧ នឹងត្រឡប់មកវិញរាត្រីនេះ ដោយក្រុមបាល់ទាត់កំពូលៗរបស់អឺរ៉ុបត្រៀមប្រយុទ្ធគ្នា ដើម្បីដណ្តើមពានរង្វាន់ក្លិបដ៏មានកិត្យានុភាពបំផុតមួយនៅទ្វីបអឺរ៉ុប។
- Paris Saint-Germain ដែលជាម្ចាស់ជើងឯកពីររដូវកាលជាប់គ្នា នឹងចាប់ផ្តើមការពារតំណែងរបស់ខ្លួន ខណៈក្រុមធំៗដូចជា Arsenal, Barcelona, Real Madrid, Bayern Munich, Manchester City និង Liverpool សុទ្ធតែត្រូវបានចាត់ទុកថាជាក្រុមដែលមានសមត្ថភាពប្រជែងពាន។ PSG គឺជាក្រុមដែលត្រូវចាប់អារម្មណ៍បំផុតនៅរដូវកាលថ្មី ព្រោះពួកគេកំពុងស្វែងរកការឈ្នះ Champions League ៣ សម័យជាប់គ្នា ដែលជាស្នាដៃដ៏កម្រណាស់ក្នុងប្រវត្តិសាស្ត្របាល់ទាត់អឺរ៉ុប។ ក្រុមបារាំងនឹងត្រូវប្រឈមមុខនឹងគូប្រជែងដែលសុទ្ធតែចង់បញ្ឈប់ដំណើររបស់ពួកគេ។ នៅក្នុង League Phase PSG ក៏មានការប្រកួតដ៏គួរឱ្យចាប់អារម្មណ៍ជាមួយ Barcelona និង Manchester City ផងដែរ។
- ងាកមក Arsenal ត្រូវបានគេចាត់ទុកថាជាក្រុមមួយក្នុងចំណោមបេក្ខភាពធំៗសម្រាប់ពានរដូវកាលនេះ។ ក្រុមរបស់លោក Mikel Arteta បានចាប់ផ្តើមរដូវកាល Premier League យ៉ាងល្អ ហើយបង្ហាញទម្រង់លេងមានភាពរឹងមាំទាំងការការពារ និងការវាយប្រហារ។ បញ្ហាធំបំផុតសម្រាប់ Arsenal គឺបទពិសោធន៍នៅវគ្គចុងក្រោយនៃ Champions League។ ប៉ុន្តែបន្ទាប់ពីការពង្រឹងក្រុម និងការរីកចម្រើនក្រោមការដឹកនាំរបស់ Arteta ពួកគេត្រូវបានមើលឃើញថាមានឱកាសល្អជាងមុនក្នុងការប្រជែងពាន។
- ចំណែក Barcelona ក៏ជាក្រុមមួយដែលត្រូវបានដាក់ក្នុងចំណោមបេក្ខភាពឈានមុខ។ ក្រុមមកពីតំបន់ Catalan មានការរួមបញ្ចូលគ្នារវាងកីឡាករវ័យក្មេង និងកីឡាករដែលមានបទពិសោធន៍ ដែលធ្វើឱ្យពួកគេក្លាយជាគូប្រជែងគួរឱ្យខ្លាចសម្រាប់ក្រុមធំៗ។ Barcelona ក៏មានការប្រកួតដ៏លំបាកនៅ League Phase ជាមួយ Manchester City និង PSG ដែលអាចជាការសាកល្បងសមត្ថភាពរបស់ពួកគេតាំងពីដំណាក់កាលដំបូង។
- បើនិយាយពី Champions League គេមិនអាចមើលរំលង Real Madrid បានឡើយ។ ក្រុមអធិរាជសគឺជាក្លិបដែលឈ្នះពាននេះច្រើនជាងគេក្នុងប្រវត្តិសាស្ត្រ រហូតដល់ទៅ ១៥ លើក។ Real Madrid នឹងចាប់ផ្តើមការប្រកួត League Phase ជាមួយ Inter Milan ហើយក្នុងដំណាក់កាលនេះ ពួកគេក៏ត្រូវប្រឈមមុខនឹង Arsenal និងក្រុមខ្លាំងផ្សេងទៀត។ ទោះបីទម្រង់លេង ឬស្ថានភាពក្រុមអាចផ្លាស់ប្តូរពីមួយរដូវកាលទៅមួយរដូវកាលក៏ដោយ ប៉ុន្តែបទពិសោធន៍ និងប្រវត្តិសាស្ត្ររបស់ Real Madrid នៅ Champions League នៅតែធ្វើឱ្យពួកគេជាបេក្ខភាពដ៏គួរឱ្យខ្លាច។
- Bayern Munich គឺជាក្រុមមួយទៀតដែលស្ថិតនៅក្នុងក្រុមបេក្ខភាពប្រជែងពាន។ ក្លិបអាល្លឺម៉ង់មានបទពិសោធន៍យ៉ាងច្រើននៅក្នុងការប្រកួតអឺរ៉ុប និងតែងតែជាក្រុមដែលមានសមត្ថភាពឈានដល់វគ្គចុងក្រោយ។Bayern ក៏នឹងត្រូវជួប Arsenal ក្នុង League Phase ដែលជាការប្រកួតមួយក្នុងចំណោមការប្រកួតដែលអ្នកគាំទ្របាល់ទាត់ទូទាំងពិភពលោកទន្ទឹងរង់ចាំ។
- Manchester City ដែលធ្លាប់ឈ្នះ Champions League ក្នុងឆ្នាំ ២០២៣ ក៏នៅតែជាក្រុមដែលមានសមត្ថភាពប្រជែងពាន។ ការពង្រឹងក្រុមនៅរដូវក្តៅនេះបានធ្វើឱ្យ City ក្លាយជាក្រុមមួយដែលមានជម្រៅកីឡាករគួរឱ្យចាប់អារម្មណ៍។ City នឹងមានការប្រកួតដ៏លំបាកជាមួយ PSG និង Barcelona នៅ League Phase ហើយការប្រកួតទាំងនេះអាចបង្ហាញថា ពួកគេមានសមត្ថភាពដល់កម្រិតណាក្នុងការប្រជែងពានរដូវកាលនេះ។
- Liverpool ក៏ត្រូវបានរាប់បញ្ចូលក្នុងចំណោមក្រុមដែលមានសក្តានុពលប្រជែងជើងឯក។ ក្រុមអង់គ្លេសនឹងត្រូវជួប Atlético Madrid, Inter Milan និង Porto ក្នុង League Phase ដែលសុទ្ធតែជាការប្រកួតដែលអាចបង្កការលំបាក។ ជាមួយក្រុមដែលមានគុណភាព និងបទពិសោធន៍ខ្ពស់ Liverpool មានសមត្ថភាពប្រជែងជាមួយក្រុមធំៗ ប៉ុន្តែការរក្សាស្ថិរភាពនៅទូទាំងរដូវកាលនឹងក្លាយជាចំណុចសំខាន់។
ជារួម Champions League រដូវកាល ២០២៦/២៧ អាចក្លាយជារដូវកាលដ៏គួរឱ្យចាប់អារម្មណ៍ ដោយ PSG ចង់បង្កើតប្រវត្តិសាស្ត្រជាមួយការឈ្នះពាន ៣ លើកជាប់គ្នា ខណៈ Arsenal, Barcelona, Real Madrid, Bayern Munich, Manchester City និង Liverpool សុទ្ធតែចង់ដណ្តើមពានមកកាន់ក្លិបរបស់ខ្លួន។
ជាពិសេស League Phase នឹងនាំមកនូវការប្រកួតធំៗជាច្រើនតាំងពីដើម ដូចជា Real Madrid vs Inter Milan, Porto vs Manchester City, Barcelona vs Feyenoord, Liverpool vs Atlético Madrid និង Napoli vs Arsenal ដែលធ្វើឱ្យរដូវកាលថ្មីនេះកាន់តែមានភាពទាក់ទាញ៕ អត្ថបទ៖នាង សុភាវុធ
