ក្រុមបាល់ទាត់មន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ចាម បានឡើងឈរលេខ២ ក្នុងពូលD បណ្ដោះអាសន្ន ក្រោយវាយបកយកឈ្នះក្រុមមន្ទីរអប់រំ យុវជន និងកីឡាខេត្តស្វាយរៀង ដោយលទ្ធផល ៤-១ ស្របពេលក្រុមបាល់ទាត់ខេត្តកោះកុង និងខេត្តព្រះសីហនុ បន្ដប្រកួតស្មើគ្នា ២-២ ក្នុងជំនួបជើងទី២ នៃពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ឬពាន Hun Sen Cup លើកទី២០ (ថ្នាក់ខេត្ត) ឆ្នាំ២០២៦/២៧។
បន្ទាប់ពីរងបរាជ័យ ២-៣ ក្រៅដីកាលពីជើងទី១ ខេត្តកំពង់ចាម ធ្វើបានយ៉ាងល្អលើទឹកដីរបស់ខ្លួន ដោយយកឈ្នះក្រុមភ្ញៀវខេត្តស្វាយរៀងយ៉ាងងាយ ពិសេសត្រឹមរយៈពេល ៣១នាទីនៃវគ្គទី១ ពួកគេរកបាន ៤គ្រាប់ ដោយកីឡាករ ស៊ិន ច័ន្ទសុវណ្ណារ៉ូ, កសឹម នារ៉ទីន, ហ្វវស៊ី ហ្វីឌុស និង ម៉ាត់ ដេវិត មុនស្វាយរៀង ព្យាយាមវាយបកបានត្រឹម ១គ្រាប់ប៉ុណ្ណោះ ដោយកីឡាករ រឿម ចាន់រឿន នៅចុងវគ្គទី២។
ការដណ្ដើមបាន ៣ពិន្ទុពេញនេះ នាំឲ្យខេត្តកំពង់ចាម ហក់ឡើងឈរលេខ២ ក្នុងពូលD ដោយរកបាន ៧ពិន្ទុស្មើក្រុមកំពូលតារាងខេត្តត្បូងឃ្មុំ គ្រាដែលខេត្តស្វាយរៀង បានធ្លាក់មកឈរលេខ៣ ដោយរក្សា ៦ពិន្ទុក្នុងដៃ ។ យ៉ាងណាក្រុមទាំង ៣ នេះ សុទ្ធតែនៅមានឱកាសប្រជែងកៅអីវគ្គបន្ដ ពិសេសខេត្តត្បូងឃ្មុំ ដែលនៅសល់ ៣ប្រកួតពេញ មុនជួបក្រុមមន្ទីរអប់រំ យុវជន និងកីឡាខេត្តព្រៃវែង នារសៀលនេះ។
ដោយឡែកជំនួបពូល E រវាងក្រុមបាល់ទាត់ខេត្តកោះកុង និងក្រុមភ្ញៀវខេត្តព្រះសីហនុ នៅតែជក់ចិត្ត ដោយបានត្រឹមចែកគ្នា ១ពិន្ទុម្នាក់ ក្រោយរក្សាលទ្ធផលស្មើគ្នា ២-២ ដូចកាលពីជើងទី១។ ជំនួបដ៏ស្វិតស្វាញនេះ កីឡាករ ជៀន វិសាល និង ថា សុធន់ រកបាន ២គ្រាប់មុនឲ្យក្រុមម្ចាស់ផ្ទះកោះកុង នៅនាទី១៧ និងនាទី៥២ មុនព្រះសីហនុ វាយបកបាន ២គ្រាប់វិញ ដោយកីឡាករ សំ វុធរដ្ឋា នៅនាទី៦៦ និង ធន ចាន់តុលា នៅនាទី៦៨ ហើយលទ្ធផលនេះ ក៏បានរក្សាដល់ចប់ការប្រកួតពេញម៉ោង។
ការចែកគ្នា ១ពិន្ទុម្នាក់រវាងក្រុមទាំងពីរ បានផ្ដល់នូវក្ដីសង្ឃឹមសម្រាប់គូប្រជែងរួមពូល មានក្រុមមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពត ដែលកំពុងមាន ៣ពិន្ទុ និងខេត្តកែប មាន ២ពិន្ទុ ដ្បិតព្រះសីហនុ បន្ដឈរកំពូលតារាង មាន ៦ពិន្ទុស្មើខេត្តកោះកុង ដែលឈរលេខ២ តែក្រុមទាំងពីរ នៅសល់ត្រឹម ២ប្រកួត។ ដូច្នេះជំនួបជើងទី២ រវាងខេត្តកំពត និងខេត្តកែប នារសៀលថ្ងៃពុធ នឹងក្លាយជាការប្រកួតដ៏សំខាន់ ដើម្បីដណ្ដើម ៣ពិន្ទុ និងឱកាសប្រជែងកៅអីវគ្គបន្ដ៕ អត្ថបទ លី ឈុនឡា