រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ថ្លែងថា ទោះបីទស្សនវិស័យសេដ្ឋកិច្ចក្នុងតំបន់ និងលើសកលលោកនៅបន្តត្រូវបានហ៊ុមព័ទ្ធ ដោយពហុវិបត្តិ ដោយសារការកើននៃភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយ ការបន្ទច់បង្អាក់ខ្សែច្រវាក់ផ្គត់ផ្គង់ សង្គ្រាមពាណិជ្ជកម្ម និង ការកើននៃថ្លៃប្រេងឥន្ធនៈ ក៏សន្ទុះកំណើនសេដ្ឋកិច្ចកម្ពុជានៅតែមានភាពរឹងមាំ។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លើកឡើងក្នុងពិធីបើកការដា្ឋនសាងសង់អគារមន្ទីរពេទ្យបង្អែកស្រុក និងសាលារៀន ក្នុងស្រុកពញាឮ ខេត្តកណ្តាល នៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៦ ម្សិលមិញ នេះថា ក្នុងពេលបច្ចុប្បន្ន, ទស្សនវិស័យសេដ្ឋកិច្ចក្នុងតំបន់ និងលើសកលលោក នៅបន្តត្រូវបានហ៊ុមព័ទ្ធដោយពហុវិបត្តិដូចជា ការកើននៃ ភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយ, ការបន្ទច់បង្អាក់ខ្សែច្រវាក់ផ្គត់ផ្គង់, សង្គ្រាមពាណិជ្ជកម្ម និងការកើននៃថ្លៃប្រេងឥន្ធនៈ ព្រមទាំង ផលប៉ះពាល់កាន់តែខ្លាំងឡើងនៃការប្រែប្រួលអាកាសធាតុជាដើម។ បញ្ហានេះកម្ពុជាបាននិងកំពុងបន្តជួបប្រឈម នឹងបញ្ហាទាំងនោះ ទាំងដោយផ្ទាល់ និងប្រយោលផងដែរ ទន្ទឹមនឹងតម្រូវការចាំបាច់ ក្នុងការបន្តកិច្ចប្រឹងប្រែងឥតរាថយ សំដៅជម្នះនូវឧបសគ្គជាច្រើនផ្សេង ទៀត នៅផ្ទៃក្នុងប្រទេស។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ បន្តថា ជុំវិញបញ្ហាទាំងខាងក្នុងនិងខាងក្រៅទាំងអស់នេះ បាននិងកំពុងជះឥទ្ធិពលអវិជ្ជមានដល់ កិច្ចប្រឹងប្រែងឥតស្រាកស្រាន្តរបស់រាជរដ្ឋាភិបាល ក្នុងការបន្តខិតខំអភិវឌ្ឍន៍ប្រទេស និងជំរុញកំណើនសេដ្ឋកិច្ចជាតិ។ យ៉ាងណាមិញ, សន្ទុះកំណើនសេដ្ឋកិច្ចកម្ពុជា នៅតែមានភាពរឹងមាំ ជាក់ស្តែងទោះបីត្រូវប្រឈមនឹងភាពមិនប្រាកដប្រជាកាន់តែខ្ពស់ ក្នុងបរិការណ៍ សកល ក៏ដូចជាត្រូវបន្តប្រឈមនឹងការគម្រាម និងការរំលោភលើអធិបតេយ្យជាតិ និងបូរណភាពទឹកដីយ៉ាងណាក្តី ក៏សេដ្ឋកិច្ចកម្ពុជា សម្រេចបានកំណើន ៥,៣% ក្នុងឆ្នាំ២០២៥កន្លងទៅ ដែលត្រូវបានគាំទ្រដោយកំណើនល្អក្នុងវិស័យកាត់ដេរ, កម្មន្តសាលមិនមែន កាត់ដេរ និងលក់ដុំ-លក់រាយ ។ យ៉ាងណាមិញសម្រាប់ឆ្នាំ២០២៦នេះ តាមការវាយតម្លៃពាក់កណ្តាលឆ្នាំរបស់ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ កំណើនសេដ្ឋកិច្ចកម្ពុជា នឹងមានការថមថយបន្តិច បើធៀបនឹងកំណើនក្នុងឆ្នាំ២០២៥ ពោលគឺអាចនឹងសម្រេចបាន ក្នុងអត្រា ប្រមាណ ៤,១% ប៉ុណ្ណោះ ដោយសារការទទួលរងនូវកម្មវិបាកជាអវិជ្ជមានផ្ទួនគ្នា ជាពិសេសការកើនថ្លៃប្រេងឥន្ធនៈ ដែលបង្កឡើង ដោយសង្គ្រាមនៅតំបន់មជ្ឈិមបូព៌ា ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បន្តថា ជាក់ស្តែងកំណើនសេដ្ឋកិច្ចដ៏រឹងមាំប្រកបដោយចីរភាព ក្នុងរយៈពេលជាងពីរទសវត្សរ៍ មុន ការមកដល់នៃវិបត្តិជំងឺកូវីដ-១៩ ជាសកល គួបផ្សំជាមួយសមិទ្ធផលដ៏ប្រសើរ ក្នុងការអនុវត្តយុទ្ធសាស្ត្រកៀរគរចំណូល ក្រោមកម្មវិធី កែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ, ពិតជាបានរួមចំណែកយ៉ាងសំខាន់ ក្នុងការផ្តល់លទ្ធភាពដល់រាជរដ្ឋាភិបាល ម្យ៉ាង, ក្នុងការ បង្កើនការវិនិយោគសាធារណៈលើហេដ្ឋារចនាសម្ព័ន្ធគ្រប់ប្រភេទជាអាទិ៍៖ ផ្លូវថ្នល់, ស្ពាន, សាលារៀន, មន្ទីរពេទ្យ, ប្រព័ន្ធធារាសាស្រ្ត, ប្រព័ន្ធទឹកស្អាត, បណ្តាញអគ្គិសនីជាដើម និងម្យ៉ាងទៀត, ក្នុងការតម្លើងប្រាក់បៀវត្សប្រាក់បំណាច់មុខងារ និងរបបសន្តិសុខសង្គម ជូនមន្ត្រីរាជការស៊ីវិល កងកម្លាំងប្រដាប់អាវុធ និវត្តជន និងមន្ត្រី-បុគ្គលិកគ្រប់ប្រភេទ ទន្ទឹមគ្នានឹងការបង្កើនប្រាក់សោធនប្រចាំខែ សម្រាប់អតីត មន្ត្រីរាជការស៊ីវិល និងអតីតយុទ្ធជន ព្រមទាំងការពង្រីកវិសាលភាពនៃប្រព័ន្ធគាំពារសង្គម ឲ្យបានកាន់តែគ្រប់ជ្រុងជ្រោយ ជូនដល់ ប្រជាជនកម្ពុជា ដោយឈរលើគោលការណ៍ «មិនបោះបង់ពលរដ្ឋណាម្នាក់»៕ អត្ថបទ៖ សុន រ៉ាឌី





