ខ្សែប្រយុទ្ធ Bayern Munich, Harry Kane ស្ថិតក្នុងចំណោមកីឡាករ ៣រូបរបស់អង់គ្លេស ដែលត្រូវបានជ្រើសរើសក្នុងបញ្ជីបេក្ខភាព Ballon d’Or 2026 ខណៈរូបគេត្រូវបានគេចាត់ទុកថាជាបេក្ខភាពឈានមុខសម្រាប់ពានរង្វាន់នេះ។
ក្រៅពី Kane កីឡាករអង់គ្លេសដែលមានឈ្មោះក្នុងបញ្ជី ៣០នាក់ចុងក្រោយ រួមមាន Jude Bellingham របស់ Real Madrid និង Declan Rice របស់ Arsenal។
ជាមួយគ្នានេះ ខ្សែប្រយុទ្ធ Inter Miami និងជាម្ចាស់ពាន Ballon d’Or ច្រើនជាងគេ Lionel Messi ក៏មានឈ្មោះក្នុងបញ្ជីផងដែរ។ Messi កំពុងមានឱកាសប្រជែងយកពាន Ballon d’Or ជាលើកទី៩ បន្ទាប់ពីរកបាន ៨គ្រាប់សម្រាប់អាហ្សង់ទីនក្នុងព្រឹត្តិការណ៍ World Cup ដែលអាហ្សង់ទីនចាញ់អេស្ប៉ាញក្នុងវគ្គផ្តាច់ព្រ័ត្រកាលពីខែកក្កដា។
សម្រាប់ក្រុមជើងឯក World Cup អេស្ប៉ាញ មានកីឡាករ ៦រូបត្រូវបានជ្រើសរើសក្នុងបញ្ជីនេះ ដោយក្នុងនោះមាន Lamine Yamal។ ខ្សែប្រយុទ្ធ Ferran Torres ដែលជាអ្នកស៊ុតបញ្ចូលទីគ្រាប់ជ័យជម្នះក្នុងវគ្គផ្តាច់ព្រ័ត្រ ក៏មានឈ្មោះផងដែរ បន្ទាប់ពីបានផ្លាស់ពី Barcelona ទៅ Paris Saint-Germain នៅរដូវក្តៅនេះ។
ក្រុម Paris Saint-Germain ដែលបានឈ្នះពាន Champions League ពីរឆ្នាំជាប់គ្នា មានកីឡាកររហូតដល់ ៩រូបក្នុងបញ្ជីបេក្ខភាព ដោយមិនរាប់បញ្ចូល Ferran Torres។ ក្នុងចំណោមនោះមាន Ousmane Dembele ដែលជាម្ចាស់ពាន Ballon d’Or ឆ្នាំមុន។
កីឡាករឆ្នើមផ្សេងទៀតដែលមានឈ្មោះក្នុងបញ្ជី រួមមាន Kylian Mbappe និង Vinicius Jr របស់ Real Madrid ព្រមទាំងខ្សែការពារ Arsenal គឺ Gabriel និង William Saliba។
ពានរង្វាន់ Ballon d’Or ឆ្នាំនេះមានអាយុកាលគម្រប់ ៧០ឆ្នាំ ចាប់តាំងពីត្រូវបានបង្កើតឡើងដោយទស្សនាវដ្តី France Football ក្នុងឆ្នាំ ១៩៥៦។ ម្ចាស់ពាន Ballon d’Or 2026 នឹងត្រូវប្រកាសនៅក្នុងពិធីប្រគល់ពានដែលធ្វើឡើងនៅទីក្រុងឡុងដ៍ នាថ្ងៃទី ២៦ ខែតុលា។
ការជ្រើសរើសទីក្រុងឡុងដ៍ជាទីតាំងរៀបចំពិធីប្រគល់ពាន ត្រូវបានចាត់ទុកថាជាការគោរពជានិមិត្តរូបដល់អតីតកីឡាករអង់គ្លេស Sir Stanley Matthews ដែលជាម្ចាស់ពាន Ballon d’Or ដំបូងគេក្នុងប្រវត្តិសាស្ត្រ៕ អត្ថបទ៖នាង សុភាវុធ
