ផ្សារបន្លែបោះដុំតាម៉ាប់ព្រែកជ្រៃ ប្រកាសផ្ដល់តូបលក់ផ្លែឈើ ឥតគិតថ្លៃ រយៈពេល ៦ខែ ជូនអាជីវករផ្សារនាគមាស ដែលរងគ្រោះព្រោះអគ្គិភ័យ ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាល ស្ដារជីវភាពអាជីវករឡើងវិញ។

លោក ខាវ ថន ប្រធានគ្រប់គ្រងផ្សារតាម៉ាប់ព្រែកជ្រៃ បានប្រាប់ BTV កាលពីល្ងាចថ្ងៃទី៩ ខែកញ្ញា ម្សិលមិញថា លោកនិងគណៈកម្មការផ្សារបានឯកភាពគ្នា ផ្ដល់តូបលក់ផ្លែឈើរយៈពេល ៦ខែ ជូនអាជីវករនៅផ្សារនាគមាស ដើម្បីរួមចំណែកស្ដារជីវភាព បន្ទាប់អគ្គិភ័យឆេះតូបអស់ទាំងស្រុង។ លោកប្រាប់ថា បើទោះបីពេលនេះអាជីវករ កំពុងស្ថិតនៅទីតាំងបណ្ដោះអាសន្ន ដែលរដ្ឋរៀបចំជូន ប៉ុន្ដែលោកក្នុងនាមផ្សារ ទទួលការគាំទ្រពីរដ្ឋ ដែលរៀបចំរួចរាល់ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ និងទីតាំងតូប រួមចំណែកជាមួយរដ្ឋ ផ្ដល់ទីតាំងសម្រាប់អាជីវករ ដែលបាត់បង់ទ្រព្យសម្បត្តិរាប់ពាន់ដុល្លារ ឱ្យមានទីតាំងថ្មីដើម្បីកសាងជីវភាពឡើងវិញ។

លោក ខាវ ថន ប្រធានគ្រប់គ្រងផ្សារតាម៉ាប់ព្រែកជ្រៃ ៖«ចំពោះបងប្អូននៅផ្សារនាគមាស ខ្ញុំក៏ដូចជាអាជីវករនៅផ្សារតាម៉ាប់ព្រែកជ្រៃ និងអាជីវករនៅទូទាំងប្រទេស ចូលរួមសោកស្ដាយចំពោះការបាត់បង់ទ្រព្យសម្បត្តិ ព្រោះអគ្គិភ័យ។ ហើយផ្សារខ្ញុំនេះទោះមិនបានរួមចំណែកអ្វីច្រើនជួយដល់បងប្អូន តែផ្សារខ្ញុំផ្ដល់កន្លែងលក់ផ្លែឈើ ដោយឥតគិតថ្លៃ រយៈពេល ៦ ចាប់ពីពេលនេះតទៅ។ ហើយបើបន្ទាប់ពី ៦ខែទៅ ស្ថានភាពការលក់ដូររបស់បងប្អូន មិនទាន់បានល្អប្រសើរ ខ្ញុំនៅតែផ្ដល់ការអនុគ្រោះ ដើម្បីជួយបងប្អូនបន្តទៅទៀត។ ការជួយនេះ គឺក្នុងនាមខ្មែរតែមួយ ដែលជួយគ្នាក្នុងគ្រាលំបាក។ ហើយដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាល ស្ដារជីវភាពបងប្អូនដែលជួបគ្រោះអគ្គិភ័យនៅផ្សារនាគមាស ក៏ដូចជាកសិករ ដែលអាចមានផ្សារសម្រាប់លក់កសិផលរបស់ពួកគាត់ផងដែរ»។

អ្នកស្រី គីម អតីតអាជីវករលក់បន្លែបោះដុំនៅផ្សារដើមគរចាស់ កំពុងលក់បន្លែនៅផ្សារតាម៉ាប់ព្រែកជ្រៃ បានប្រាប់ថា អ្នកស្រីចាប់ផ្ដើមលក់នៅផ្សារនេះ តាំងពីខែមករា ឆ្នាំ២០២៦មក។ រយៈពេល ៩ខែមកនេះ ការលក់ដូរល្អប្រសើរ ពីព្រោះអ្នកលក់ អ្នកទិញនាំគ្នាមកច្រើន។ អ្នកស្រីអំពាវនាវដល់អាជីវករ ធ្លាប់លក់នៅផ្សារដើមគរចាស់ និងអាជីវករ ដែលរងគ្រោះព្រោះអគ្គិភ័យនៅផ្សារនាគមាស មកលក់នៅផ្សារនេះ ពីព្រោះផ្សារមានហេដ្ឋារចនាសម្ព័ន្ធស្អាត ធំទូលាយ។

ចំណែកលោក ដូង សុភឿន អាជីវករលក់បន្លែបោះដុំ នៅផ្សារតាម៉ាប់ព្រែកជ្រៃមួយរូបទៀត ប្រាប់ថា ទីតាំងថ្មីសម្រាប់ប្រកបអាជីវកម្មនេះ ផ្ដល់ភាពអំណោយផលសម្រាប់លោក ក៏ដូចជាអាជីវករផ្សេងៗទៀតច្រើន។ ជាក់ស្ដែងទីតាំងធំទូលាយ ហេដ្ឋារចនាសម្ព័ន្ធរៀបចំបានល្អស្អាត។ លោកអំពាវនាវ ដល់អាជីវករ ពិសេសអាជីវករផ្សារនាគមាស មកចាប់ផ្ដើមកសាងជីវភាពថ្មីដែលកំពុងតែរីកចម្រើននាពេលនេះ។
សូមជម្រាបជូនថា ផ្សារតាម៉ាប់ព្រែកជ្រៃ គឺជាផ្សារដែលរដ្ឋបាលរាជធានីភ្នំពេញ ជំរុញឱ្យដំណើរការ និងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ទឹក ភ្លើង និងតូបផ្សារ ដើម្បីទទួលអាជីវករពីផ្សារដើមគរចាស់ ចាប់ពីខែមករា ឆ្នាំ២០២៦។ មកដល់ពេលនេះ ផ្សារដែលទទួលការជ្រោមជ្រែងពីរដ្ឋមួយនេះ បានអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរួចរាល់ហើយ ដោយបន្តផ្ដល់ភាពអនុគ្រោះខ្ពស់ជូនអាជីវករ តាមការណែនាំរបស់រដ្ឋាភិបាល។ គួរបញ្ជាក់ជូនដែរថា ផ្សារតាម៉ាប់ព្រែកជ្រៃ ស្ថិតនៅតាមផ្លូវ ២១៧ ភូមិព្រែកកំពិស សង្កាត់ព្រែកកំពិស ខណ្ឌដង្កោរាជធានីភ្នំពេព ធ្វើការអភិវឌ្ឍនៅលើផ្ទៃដីចំនួន ១៤ហិកតា និងមានអាជីវករប្រមាណជិត ១ពាន់តូបកំពុងធ្វើអាជីវកម្ម ខណៈក្នុងមួយថ្ងៃផ្សារនេះ ប្រមូលផ្ដុំ និងផ្គត់ផ្គង់បន្លែ ផ្លែឈើ ទៅកាន់ទីផ្សារចន្លោះពី ៣៥០ ទៅ ៤០០តោន៕ អត្ថបទ៖ លៀ ស៊ីណា




