ប្រដាល់៖ យោងតាមសារព័ត៌មានអន្តរជាតិឲ្យដឹងថា អតីតអ្នកប្រដាល់កម្រិតពិភពលោក Mike Tyson បានបដិសេធលើសំណើប្រកួតជាមួយ Evander Holyfield ដែលមានទឹកប្រាក់ ២៥លានដុល្លារអាមេរិក ថ្ងៃទី២៩ ខែឧសភា នៅពហុកីឡដ្ឋាន Hard Rock ទីក្រុងម៉ាយអាមី រដ្ឋផ្លរីដា។ ការបញ្ជាក់បែបនេះធ្វើឡើងដោយអ្នកតំណាងកីឡាករ Holyfield។

អ្នកចាត់ការរបស់ Holyfield, Kris Lawrence បញ្ជាក់ក្នុងសេចក្តីប្រកាសព័ត៌មានថា "យើងគិតថា ឈានដល់កិច្ចព្រមព្រៀង ប៉ុន្តែភ្លាមនោះវាបរាជ័យ ពេលដែលតំណាង Tyson បដិសេធ។ យើងចរចាដោយមានទំនុកចិត តែចុងក្រោយខ្ជះខ្ជាយពេលវេលាទៅវិញ។" អ្នកប្រដាល់ Tyson និងHolyfield ធ្លាប់ប្រកួតជាមួយគ្នាកាលពីខែវិច្ឆិកា ឆ្នាំ១៩៩៦ ពេលនោះ Holyfield ផ្តួលគូប្រកួតឲ្យបោះបង់ការប្រកួតនៅទឹកទី១១ ឈ្នះខ្សែក្រវ៉ាត់ទម្ងន់ធ្ងន់ WBA។ ៧ខែក្រោយអ្នកទាំងពីរប្រកួតម្តងទៀត។ នៅទឹកទី៣ Tyson ខាំត្រចៀក Holyfield។ អាជ្ញាកណ្ដាល Mills Lane ដកពីរពិន្ទុជាការព្រមាន តែបន្តិចក្រោយមក Tyson ខាំត្រចៀក Holyfield ម្ខាងទៀត ហើយអាជ្ញាកណ្ដាលក៏បានបណ្ដេញចេញពីសង្វៀន៕
អត្ថបទ៖ គង់ ហួន