ភ្នំពេញ៖ លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល តំណាងឯកឧត្តម ម៉ម ប៊ុនហេង ដ្ឋមន្ត្រីក្រសួងសុខាភិបាល បានទទួលជួបពិភាក្សាការងារជាមួយឯកឧត្តម Michael Schmeiser, First Secretary & Deputy Head of Mission, Austrian Embassy ដែលបានដឹកនាំគណៈប្រតិភូធុរកិច្ច ដែលមានក្រុមហ៊ុនអូទ្រីសមួយចំនួនបានចូលរួមផងដែរ នៅព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២។
លោកជំទាវ ឱ វណ្ណឌីន បានថ្លែងមតិស្វាគមន៍យ៉ាងកក់ក្តៅដល់គណៈប្រតិភូធុរកិច្ចអូទ្រីស ព្រមទាំងបានជម្រាបជូនអំពីលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយគតិបណ្ឌិត របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ក្នុងការប្រយុទ្ធជាមួយជំងឺកូវីដ-១៩ និងជោគជ័យក្នុងការចាក់វ៉ាក់សាំងកូវីដ-១៩ជូនប្រជាពលរដ្ឋក្នុងពេលកន្លងមករហូតកម្ពុជាអាចសម្រេចបានគោលដៅបើកដំណេីរការប្រទេសឡើងវិញយ៉ាងឆាប់រហ័ស ដែលអនុញ្ញាតឱ្យបងប្អូនប្រជាពលរដ្ឋបានរស់នៅធម្មតាតាមគន្លងប្រក្រតីភាពថ្មី សំដៅអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម៕