ភ្នំពេញ៖ សារមន្ទីរតេជោសន្តិភាព ដែលស្ថិតក្រោមការគ្រប់គ្រងរបស់មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) ដឹកនាំដោយ ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកស៊ីម៉ាក់ គឺជាសមិទ្ធផលប្រវត្តិសាស្ត្រដ៏ធំមួយស្ថិតនៅក្នុងខេត្តសៀមរាប។

សារមន្ទីរនេះត្រូវបានកសាងឡើងក្នុងគោលបំណងថែរក្សាមរតកប្រវត្តិសាស្ត្រ រំលឹកដល់ទុក្ខសោកនាដកម្មនៃសង្គ្រាម និងផ្សព្វផ្សាយវប្បធម៌សន្តិភាពសម្រាប់មនុស្សជាតិ។
សារមន្ទីរតេជោសន្តិភាព មានទម្រង់អគារដ៏ប្លែក៖ ផ្នែកខាងក្រោមមានរាងការ៉េទំហំ ១០៨ ម៉ែត្រ គុណ ១០៨ ម៉ែត្រ និងផ្នែកខាងលើមានរាងមូលអង្កត់ផ្ចិត ៥២ ម៉ែត្រ។ អគារនេះមាន ២ ជាន់ កម្ពស់ ១៧ ម៉ែត្រ និងផ្ទៃក្រឡាសរុបជាង ១៥ ពាន់ម៉ែត្រការ៉េ។ និមិត្តរូបគ្រាប់មីន៖ អគារប្រវត្តិសាស្ត្រនេះអាចនឹងក្លាយជាសំណង់អគារដែលមានរាងគ្រាប់មីនប្រឆាំងមនុស្ស (PMN) ធំជាងគេបំផុតនៅលើពិភពលោក។
សារមន្ទីរតេជោសន្តិភាព ក៏បានពិព័រណ៍វត្ថុតាងសង្គ្រាមពិតៗ គ្រប់វត្ថុតាងទាំងអស់ដែលដាក់តាំងបង្ហាញក្នុងសារមន្ទីរ សុទ្ធតែជាសក្ខីកម្មពិតៗដែលបានបន្សល់ទុកពីសម័យសង្គ្រាម។ ក្រៅពីយុទ្ធភណ្ឌអតីតកាល ស៊ីម៉ាក់ (CMAC) ក៏បានប្រមូលភស្តុតាងសំណល់យុទ្ធភណ្ឌយោធាថៃ ដូចជាគ្រាប់បែកចង្កោមមិនទាន់ផ្ទុះ (ប្រភេទ M42, M46, M85) និងគ្រាប់បែកយន្តហោះ MK84 ដែលបានបន្សាលទុកក្រោយការប៉ះទង្គិចយោធា យកមកបន្សាប និងដាក់តាំងបង្ហាញជាប្រវត្តិសាស្ត្រផងដែរ។
នៅថ្ងៃសុក្រ ងថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦ អង្គភាព CMAC បានរៀបចំសិក្ខាសាលាមួយឡើងនៅសារមន្ទីរតេជោសន្តិភាព ខេត្តសៀមរាប ក្រោមប្រធានបទ "ផលប៉ះពាល់ដោយសារគ្រាប់បែកចង្កោមពីការឈ្លានពានរបស់ថៃ ក្នុងឆ្នាំ២០២៥ និងដំណើរឆ្ពោះទៅរកការធានាសុវត្ថិភាពដល់តំបន់រងផលប៉ះពាល់"។ សិក្ខាសាលានេះមានការចូលរួមពីអាជ្ញាធរមីន ស្ថាប័នជាតិ និងអន្តរជាតិ អង្គការដៃគូអភិវឌ្ឍន៍ ប្រតិបត្តិករសកម្មភាពមីន និងភាគីពាក់ព័ន្ធជាច្រើន រួមមាន កាកបាទក្រហមកម្ពុជា, NPMEC, APOPO, NPA, JMAS, UNDP, ICRC, IMCCD, Golden West, JICS, ICBL, CSHD, MAG, The HALO Trust, GUSP, UNOPS និងអង្គការសហប្រជាជាតិ ព្រមទាំងឯកឧត្តម លោកជំទាវប្រធានគណៈកម្មាធិការសកម្មភាពមីននៃបណ្តាខេត្តជាប់ព្រំដែនជាមួយប្រទេសថៃ។
សិក្ខាសាលានេះមានគោលបំណងបង្ហាញជូនដៃគូជាតិ និងអន្តរជាតិ អំពីស្ថានភាពជាក់ស្តែង និងផលប៉ះពាល់មនុស្សធម៌ដែលកើតចេញពីការវាយប្រហារ និងការឈ្លានពានរបស់កងទ័ពថៃមកលើទឹកដីកម្ពុជា ក្នុងឆ្នាំ២០២៥ ជាពិសេសការប្រើប្រាស់អាវុធធុនធ្ងន់ និងគ្រាប់បែកចង្កោម។ តាមរយៈភស្តុតាង និងលទ្ធផលនៃការស្រាវជ្រាវបច្ចេកទេសនៅតំបន់រងផលប៉ះពាល់ ត្រូវបានរកឃើញសំណល់គ្រាប់បែកចង្កោមប្រភេទ M42, M46 និង M85 ដែលបានបន្សល់ទុកនូវកូនគ្រាប់មិនទាន់ផ្ទុះ ជាហានិភ័យរយៈពេលវែងដល់អាយុជីវិតប្រជាពលរដ្ឋ និងការប្រើប្រាស់ដីធ្លី។ ការប្រើប្រាស់អាវុធធ្ងន់ និងគ្រាប់បែកចង្កោមនេះ បានបង្កការខូចខាតដល់ហេដ្ឋារចនាសម្ព័ន្ធ សាលារៀន វត្តអារាម មណ្ឌលសុខភាព និងទីតាំងស៊ីវិលមួយចំនួន ខណៈសំណល់ជាតិផ្ទុះដែលនៅសេសសល់នៅតែបន្តគំរាមកំហែងដល់អាយុជីវិតកសិករ ប្រជាពលរដ្ឋ ជាពិសេសកុមារនៅតំបន់រងផលប៉ះពាល់។
សិក្ខាសាលានេះផ្តោតសំខាន់លើការចែករំលែកព័ត៌មាន និងភស្តុតាង ការវាយតម្លៃហានិភ័យ ការស្រាវជ្រាវ និងកំណត់ទីតាំងតំបន់រងផលប៉ះពាល់ ការអប់រំផ្សព្វផ្សាយការយល់ដឹងពីគ្រោះថ្នាក់ ការគាំទ្រជនរងគ្រោះ និងការពន្លឿនការបោសសម្អាត។ ជាមួយគ្នានេះ សិក្ខាសាលានេះក៏ត្រូវបានចាត់ទុកជាវេទិកាមួយសម្រាប់ពង្រឹងកិច្ចសហប្រតិបត្តិការ និងកៀរគរការគាំទ្រផ្នែកបច្ចេកទេស ធនធាន និងជំនួយអន្តរជាតិ ដើម្បីឆ្លើយតបនឹងផលវិបាកដែលបន្សល់ទុកពីការឈ្លានពាន និងស្តារសុវត្ថិភាពជូនប្រជាពលរដ្ឋ។
យោងតាមទិន្នន័យរបស់ CMAC, ក្នុងសង្គ្រាមឈ្លានពានក្នុងឆ្នាំ២០២៥ ទាហានថៃបានប្រើប្រាស់គ្រាប់បែកចង្កោមជាគ្រាប់កាំភ្លើងធំប្រភេទ ១៥៥មម មានចំនួនប្រមាណ ១២០.០០០ ទៅ ១៣០.០០០គ្រាប់ ដែលមានផ្ទុកកូនគ្រាប់ចង្កោមចំនួនប្រមាណ ៦-៧ លានគ្រាប់ និងបង្កផលប៉ះពាល់លើភូមិចំនួន ៣៣៥ភូមិ នៃ ៦០ ឃុំស្ថិតតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ដែលមានផ្ទៃដីរងផលប៉ះពាល់ជាង២៩០.០០០ហិចតា។ គ្រាប់បែកចង្កោមដែលថៃប្រើប្រាស់ប្រភេទ M42, M46 និងM85 ផលិតនៅប្រទសអ៊ីស្រាអ៊ែល ហើយគ្រាប់បែកចង្កោមនេះ ស្ថិតក្រោមការហាមឃាត់ប្រើប្រាស់នៃអនុសញ្ញាគ្រាប់បែកចង្កោមអន្តរជាតិអូស្លូ។
សូមបញ្ជាក់ថា ភូមិចំនួន១៤និងតំបន់តាមបណ្តោយខ្សែបន្ទាត់ព្រំដែនមិនទាន់ការសិក្សាស្រាវជ្រាវនៅឡើយទេ ដោយមូលហេតុបញ្ហាសន្តិសុខ។ ការបាញ់ប្រហារគ្រាប់បែកចង្កោមរបស់ទាហានថៃនេះ មានយុទ្ធសាស្ត្រនិងយុទ្ធវិធីយោធាច្បាស់លាស់ និងមានគោលបំណងបង្កវិនាសកម្មសេដ្ឋកិច្ចសង្គមចំពោះប្រជាពលរដ្ឋខ្មែរនិងប្រទេសកម្ពុជាក្នុងរយៈពេលយូរអង្វែង៕






