ភ្នំពេញ៖ កិច្ចប្រជុំបិទទ្វាររបស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) ជាមួយកម្ពុជា និងថៃ ដឹកនាំដោយលោកស្រី Katrina Cooper ប្រធានគណៈកម្មការផ្សះផ្សា បានបិទបញ្ចប់នៅរសៀលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦ នៅសាធារណរដ្ឋសិង្ហបុរី។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងនាមជាភ្នាក់ងារកម្ពុជា ដឹកនាំគណៈប្រតិភូកម្ពុជា និងក្រុមអ្នកច្បាប់ បានអញ្ជើញចូលរួមកិច្ចប្រជុំនេះ ខណៈប្រតិភូភាគីថៃ ដឹកនាំដោយឯកឧត្តមឧបនាយករដ្ឋមន្ត្រី Sihasak Phuangketkeow រដ្ឋមន្ត្រីការបរទេស និងក្នុងនាមជាភ្នាក់ងារថៃ។
សូមជម្រាបថា គណៈកម្មការផ្សះផ្សានៃអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) បានបើកកិច្ចប្រជុំលើកដំបូងរវាងកម្ពុជានិងថៃ នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦នេះ នៅក្នុងប្រទេសសិង្ហបុរី។ កិច្ចប្រជុំប្រព្រឹត្តទៅរយៈពេល ៣ថ្ងៃ ពីថ្ងៃទី១៤ ដល់១៦ ខែកញ្ញា ដោយសុន្ទរកថា បើកកិច្ចប្រជុំនឹងធ្វើឡើងនៅថ្ងៃទី១៥ ខែកញ្ញា ស្អែកនេះ វេលាម៉ោង៨ព្រឹក ម៉ោងនៅកម្ពុជា។ សុន្ទរកថា បើករបស់កម្ពុជានឹងថ្លែងដោយឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ក្នុងនាមជាភ្នាក់ងារកម្ពុជាដោយមានការផ្សព្វផ្សាយជាសាធារណៈជា ៣ភាសា គឺខ្មែរ អង់គ្លេស និងថៃ។

កិច្ចប្រជុំនេះ ក៏មានការចូលរួមពីឯកឧត្តម ឡាំ ជា រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ក្នុងនាមជាភ្នាក់ងាររង រួមទាំងគណៈប្រតិភូ និងក្រុមការងារច្បាប់ជាច្រើនរូបទៀត។ កិច្ចប្រជុំនេះ គឺជាជំហានសំខាន់មួយទៀត ក្នុងដំណើរការដោះស្រាយទំនាស់ដែនសមុទ្រប្រទេសទាំងពីរបន្ទាប់ពីគណៈកម្មការផ្សះផ្សា ដែលមានសមាជិក ៥រូបដែលសុទ្ធសឹងជាអ្នកជំនាញច្បាប់សមុទ្រអន្តរជាតិត្រូវបានជ្រើសរើស ក្នុងនោះអ្នកជំនាញ ២រូបជ្រើសរើសដោយភាគីកម្ពុជា ២រូបទៀតដោយភាគីថៃ និងបន្ទាប់មកអ្នកទាំង ៤ ក៏បានជ្រើសរើសអ្នកជំនាញអន្តរជាតិទី៥ មកធ្វើជាប្រធានគណៈកម្មការផ្សះផ្សា។
កម្ពុជា បានផ្តួចផ្តើមការប្រើប្រាស់យន្តការផ្សះផ្សាដោយបង្ខំ (Compulsory Conciliation) នៃអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) បន្ទាប់ពីប្រទេសថៃបានបញ្ចប់ជាឯកតោភាគីនូវក្របខ័ណ្ឌកិច្ចព្រមព្រៀងទ្វេភាគី (MOU-2001) ដែលជាមូលដ្ឋានសម្រាប់ការចរចាអំពីការទាមទារតំបន់សមុទ្រត្រួតគ្នារវាងប្រទេសទាំងពីរអស់រយៈពេលជាង ២ទសវត្សរ៍កន្លងទៅ បើទោះបីជាកម្ពុជាបានសម្តែងការសោកស្តាយ និងបានស្នើថៃកុំឱ្យលុបចោលកិច្ចព្រមព្រៀងនេះក៏ដោយ។
ដោយឈរលើមូលដ្ឋាននៃគោលជំហរដោះស្រាយជម្លោះដោយសន្តិវិធី និងផ្អែកលើច្បាប់អន្តរជាតិ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសឱ្យដឹងកាលពីថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៦ ថា កម្ពុជាបានបញ្ជូនលិខិតផ្លូវការទៅកាន់ភាគីថៃ និងអគ្គលេខាធិការអង្គការសហប្រជាជាតិដើម្បីចាប់ផ្តើមដំណើរការ «យន្តការផ្សះផ្សាដោយចាប់បង្ខំ» (Compulsory Conciliation) ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ(UNCLOS) ដើម្បីការពារដែនអធិបតេយ្យជាតិនិងសិទ្ធិលើដែនសមុទ្ររបស់កម្ពុជា ដោយអនុលោមតាមច្បាប់អន្តរជាតិ៕ រូប AKP

