ភ្នំពេញ៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាភ្នាក់ងារតំណាងព្រះរាជាណាចក្រកម្ពុជា ក្នុងកិច្ចប្រជុំលើកទី១ នៃគណៈកម្មការផ្សះផ្សា (កិច្ចប្រជុំរួមបើកចំហ ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ នៅប្រទេសសិង្ហបុរី) បានថ្លែងបញ្ជាក់ថា កម្ពុជាបានជ្រើសរើសយកជម្រើសយន្តការផ្សះផ្សា ក្រោមអនុសញ្ញា UNCLOSនេះ គឺដើម្បីស្វែងរកផ្លូវសន្តិភាពទៅមុខស្របតាមច្បាប់ អន្តរជាតិ។ កម្ពុជាមើលឃើញដំណើរការផ្សះផ្សានេះថា ជាមធ្យោបាយមួយសម្រាប់ស្តារទំនុកចិត្តឡើងវិញ ហើយពុំមែនជាទម្រង់នៃការបង្កើនភាពតានតឹងនោះឡើយ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានរំឭកឡើងថា កម្ពុជា បានចាប់ផ្តើមកសាងប្រទេសឡើងវិញយ៉ាងសកម្ម បន្ទាប់ពីកិច្ចព្រមព្រៀងសន្តិភាពទី ក្រុងប៉ារីសឆ្នាំ១៩៩១ និងដំណើរការស្វែងរកសន្តិភាពដែលគាំទ្រដោយអង្គការសហប្រជាជាតិ។ ក្នុងនាមជាប្រទេសដែលមានការអភិវឌ្ឍតិចតួចបំផុតមួយលើលោក កម្ពុជាដែលទើបតែងើបចេញពីជម្លោះ និងភាពឯកោអស់ពេលជាច្រើនទសវត្សរ៍ ត្រូវប្រឈមមុខនឹងភារកិច្ចដ៏ធំធេងក្នុងការកសាងឡើង វិញនូវសេដ្ឋកិច្ច ស្ថាប័ន និងសង្គមជាតិ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានថ្លែងថាក្នុងន័យនេះពុំមានប្រទេសច្រើនអាចយល់ស៊ីជម្រៅជាងកម្ពុជាអំពីតម្លៃនៃសន្តិភាព និងផលប៉ះពាល់ដ៏ធ្ងន់ធ្ងរទាំងផ្នែកមនុស្សធម៌ និងសេដ្ឋកិច្ចដែលបណ្តាលមកពីជម្លោះ គឺស្ថិតក្នុងបរិបទ ប្រវត្តិសាស្ត្រនេះហើយកម្ពុជាបានប្តេជ្ញាចិត្តដោះស្រាយបញ្ហាព្រំដែនសមុទ្រដោយសន្តិវិធី និងស្របតាមច្បាប់អន្តរជាតិ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានរំឭកថា ចាប់តាំងពីពាក់កណ្តាលទសវត្សរ៍១៩៩០ កម្ពុជាបានព្យាយាមដោះស្រាយបញ្ហាព្រំដែន សមុទ្រជាមួយថៃ ដើម្បីទទួលបានសិទ្ធិប្រើប្រាស់ធនធានចាំបាច់ សម្រាប់ជំរុញកំណើនឧស្សាហកម្ម និងការអភិវឌ្ឍសេដ្ឋកិច្ច ដូចប្រទេសជិតខាងកម្ពុជាដែលបានទទួលផលប្រយោជន៍នេះអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ។ ដើម្បីសម្រេចបាននូវគោលបំណងនេះ កម្ពុជានិងថៃបានចាប់ផ្តើមការពិភាក្សាគ្នាអំពីព្រំដែនសមុទ្រនៃប្រទេសទាំងពីរ ក្នុងខែមេសា ឆ្នាំ១៩៩៥។
មកដល់ឆ្នាំ២០០១ រដ្ឋទាំងពីរបានឯកភាពលើអនុស្សរណៈនៃការយោគយល់គ្នា (MOU) ស្តីពីតំបន់ទាមទារដែនសមុទ្រត្រួតគ្នានៃខ្ពង់រាបបាតសមុទ្រ។ អនុស្សរណៈនេះបានឆ្លុះបញ្ចាំងអំពីការ ប្តេជ្ញាចិត្តរួមគ្នាក្នុងការសម្រេចឱ្យបាននូវកិច្ចព្រមព្រៀងពាក់ព័ន្ធនឹងព្រំដែនសមុទ្រ និងការអភិវឌ្ឍធនធានដើម្បីផលប្រយោជន៍ទៅវិញទៅមក។
ទោះបីជាមានការខិតខំចរចារកដំណោះស្រាយក៏ដោយក៏ភាគីទាំងពីរនៅតែមិនអាចឈានដល់កិច្ចព្រមព្រៀងណាមួយលើបញ្ហាព្រំដែនសមុទ្រ ឬសន្ធិសញ្ញាអភិវឌ្ឍន៍រួមហើយធនធានក្រោមសមុទ្រ ក្នុងតំបន់ដែលមិនទាន់កំណត់ព្រំដែន ក៏នៅតែមិនទាន់ត្រូវបានរុករក។ ខណៈដែលពិភពលោកកំពុង តែប្រឈមនឹងបញ្ហារាំងស្ទះក្នុងការផ្គត់ផ្គង់ថាមពលដ៏ធ្ងន់ធ្ងរបំផុតក្នុងប្រវត្តិសាស្ត្រ តំបន់យើងនឹងទទួលបានផលប្រយោជន៍ច្រើនជាងពេលណាៗទាំងអស់ ពីការអភិវឌ្ឍធនធានក្រោមសមុទ្រនេះ។
នៅថ្ងៃទី ៥ ខែឧសភា ឆ្នាំ ២០២៦ ប្រទេសថៃបានប្រកាសជាសាធារណៈអំពីការលុបចោល ដោយឯកតោភាគីនូវអនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ២០០១ បើទោះបីជាមានការអំពាវនាវជាបន្តបន្ទាប់ពីសំណាក់ប្រទេសកម្ពុជាសុំឱ្យថៃគោរពអនុស្សរណៈនេះក៏ដោយ។ ស្ថិតនៅក្នុងស្ថានការណ៍នេះរាជរដ្ឋាភិបាលកម្ពុជាបានពិចារណាដោយហ្មត់ចត់លើគ្រប់ ជម្រើសនៃដំណោះស្រាយដោយសន្តិវិធី ដែលខ្លួនមានស្របតាមច្បាប់អន្តរជាតិ។ ឈរលើមូលដ្ឋាននៃការប្តេជ្ញាចិត្តគោរពគោលការណ៍នីតិរដ្ឋ និងការដោះស្រាយវិវាទដោយសន្តិវិធី កម្ពុជាបានសម្រេចយក ជម្រើសផ្តួចផ្តើមនីតិវិធីផ្សះផ្សាដោយបង្ខំ ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានបញ្ជាក់ថា នៅពេលកម្ពុជាចាប់ផ្តើមដំណើរការនីតិវិធីនេះ នាយករដ្ឋមន្ត្រីរបស់ខ្ញុំ គឺសម្តេចមហាបវរ ធិបតី ហ៊ុន ម៉ាណែត បានថ្លែងសុន្ទរកថាពិសេសមួយ នៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៦ ដោយមាន ប្រសាសន៍ថា៖ «កម្ពុជា ក៏ដូចជាថៃនឹងទទួលបានផលប្រយោជន៍ពីដំណោះស្រាយប្រកបដោយយុត្តិធម៌ និងចីរភាព ក្រោមការណែនាំរបស់អ្នកជំនាញផ្សះផ្សាអន្តរជាតិ ដោយស្របតាមច្បាប់អន្តរជាតិ។ ដំណោះស្រាយដោយសន្តិវិធីនឹងផ្តល់ផលប្រយោជន៍រួមដល់ប្រទេសទាំងពីរ ហើយនឹងរួមដំណោះស្រាយនេះនឹងចំណែកផងដែរដល់ការកសាងសន្តិភាព និងស្ថិរភាពនៅក្នុងតំបន់។ ការពារអធិបតេយ្យ ពង្រឹងទំនុកចិត្ត ទាញយកផលប្រយោជន៍ពីធនធានថាមពល គាំទ្រដល់ ការអភិវឌ្ឍ និងបង្កើតឱកាសការងារថ្មីៗ មិនមែនសម្រាប់តែពេលបច្ចុប្បន្នប៉ុណ្ណោះទេ ប៉ុន្តែ ថែមទាំងសម្រាប់កូនចៅជំនាន់ក្រោយនៃប្រទេសកម្ពុជានិងថៃទៀតផង់»។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ថ្លែងថា៖«កម្ពុជាបានជ្រើសរើសយកជម្រើសនេះដើម្បីស្វែងរកផ្លូវសន្តិភាពទៅមុខ ស្របតាមច្បាប់ អន្តរជាតិ។ កម្ពុជាមើលឃើញដំណើរការផ្សះផ្សានេះថាជាមធ្យោបាយមួយសម្រាប់ស្តារទំនុកចិត្តឡើងវិញ ហើយពុំមែនជាទម្រង់នៃការបង្កើនភាពតានតឹងនោះឡើយ»។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបន្តថា កម្ពុជា សង្ឃឹមដោយស្មោះថា ប្រទេសថៃចូលរួមដំណើរការផ្សះផ្សាក្នុងស្មារតីស្ថាបនា ហើយស្របពេលគ្នានេះដែរនឹងធ្វើសកម្មភាពឆ្ពោះទៅរកការកែលម្អទំនាក់ទំនងទ្វេភាគី តាមរយៈការអនុវត្តយ៉ាងពេញលេញ និងប្រកបដោយប្រសិទ្ធភាពនូវរាល់កិច្ចព្រមព្រៀងទ្វេភាគីដែលមានស្រាប់ទាំងអស់ ជាពិសេសសេចក្តីថ្លែងការណ៍រួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។ សកម្មភាពបែបនេះនឹងសម្រួលឱ្យប្រជាជនភៀសសឹកជាង ២ម៉ឺននាក់អាចវិលត្រឡប់ទៅលំនៅដ្ឋានរបស់ខ្លួនវិញ ការអភិរក្សទីតាំងវប្បធម៌សំខាន់ៗដែលបានរងការខូចខាតក្នុងការប្រយុទ្ធគ្នាហើយនឹងត្រួសត្រាយផ្លូវឆ្ពោះទៅរកប្រក្រតីនៃភាពទំនាក់ទំនងទ្វេភាគី។ កិច្ចប្រឹងប្រែងបែបនេះនឹងរួមចំណែកយ៉ាងសំខាន់ដល់ការកាត់បន្ថយភាពតានតឹង និងការកសាងជំនឿទុកចិត្តឡើងវិញ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ថ្លែងថា៖«ការស្តារសន្តិភាព និងស្ថិរភាពរវាងកម្ពុជា និងថៃ មិនត្រឹមតែផ្តល់ប្រយោជន៍សម្រាប់ប្រជាជននៃប្រទេសទាំងពីរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងសម្រាប់សហគមន៍អាស៊ានទាំងមូលទៀតផង»៕
