
កំពង់ស្ពឺ៖ ទីប្រឹក្សារាជរដ្ឋាភិបាលកម្ពុជា អនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានស្រុកឱរ៉ាល់ និងជាប្រធានក្រុមការងារចុះជួយឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ឯកឧត្តម យឿន យឿត បានអោយដឹងថា បេក្ខជនគណបក្សភ្លើងទៀន ចំនួន ៧នាក់ រួមមាន៖
១. លោក ស្រី ងួនគី លេខរៀងទី៣
២. លោក ម៉ែន ធី លេខរៀងទី៥
៣. លោក យឹង គី លេខរៀងទី៦
៤. លោកនយីម ធីម លេខរៀងទី៨
៥. លោកស្រី ញឹក រ៉ន លេខរៀងទី១២
៦. លោកស្រី ហ៊ីម ចាន់ធី លេខរៀងទី១៣
៧. លោក ម៉ែន ថន លេខរៀងទី១៥
បានមកសុំរួមរស់ជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា និងបានធ្វើលិខិតសុំចូលជាសមាជិកគណបក្សប្រជាជនកម្ពុជា បន្ទាប់ពីពួកគេបានសម្រេចចិត្តចាកចេញពីគណបក្សភ្លើងទៀននោះ។
យោងតាមពាក្យសុំចូលជាសមាជិកគណបក្ស អតីតបេក្ខជនបក្សភ្លើងទៀន បានបញ្ជាក់ថា មូលហេតុដែលពួកគេសម្រេចចិត្តចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ដោយសារតាមការតាមដានរបស់ពួកគេ ដោយយកចិត្តទុកដាក់អំពីការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា និងបានវាយតម្លៃថា មានតែបក្សប្រជាជនកម្ពុជាទេ ដែលមានឧត្តមគតិត្រឹមត្រូវ និងគុណបំណាច់យ៉ាងធំធេងចំពោះជាតិ ហើយគាំទ្រទាំងស្រុងនូវកម្មវិធីនយោបាយនិងលក្ខន្តិកៈរបស់គណបក្សប្រជាជនកម្ពុជា។
ពួកគាត់ក៏បានបញ្ជាក់ដែរថា ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា មានការអភិវឌ្ឍយ៉ាងឆាប់រហ័ស និងមើលឃើញពីការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ជាពិសេសក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដូចនេះហើយ ពួកគេសម្រេចចិត្តចូលរួមក្នុងជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ដោយគ្មានការបង្ខិតបង្ខំនោះទេ៕







