ការប្រកួតបាល់ទាត់ដណ្ដើមពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី២០ (ថ្នាក់ខេត្ត) ឆ្នាំ២០២៦/២៧ ឈានដល់សប្ដាហ៍ទី៩ នៅថ្ងៃទី១៥-១៦ ខែកញ្ញានេះ ស្របពេលក្រុមបាល់ទាត់ភូមិបាលស្រុកថាឡាបរីវាត់ ខេត្តស្ទឹងត្រែង ត្រូវបញ្ចប់ភារកិច្ចមុនគេ ក្នុងវគ្គចែកពូលរបស់ខ្លួន។
ក្រុមចំណូលថ្មី តំណាងខេត្តស្ទឹងត្រែង នេះ បានកក់កៅអីវគ្គ ៨ក្រុមចុងក្រោយហើយ ក្រោយយកឈ្នះ ៣ប្រកួតជាប់ៗគ្នា រកបាន ៩ពិន្ទុពេញឈរកំពូលតារាងពូលA។ ប៉ុន្ដែមុនឡើងវគ្គបន្ដ ពួកគេនឹងត្រូវបើកទ្វារទទួលក្រុមភ្ញៀវព្រះវិហារក្រោន នារសៀលថ្ងៃទី១៥ ខែកញ្ញានេះ នៅសាលាតម្រង់ទិសកីឡាបាល់ទាត់ខេត្តស្ទឹងត្រែង ។
ដំណាលគ្នាដែរ នៅរសៀលថ្ងៃអង្គារនេះ នឹងមានការប្រកួត ២គូផ្សេងទៀត រួមមានក្រុមបាល់ទាត់ខេត្តបន្ទាយមានជ័យ ត្រូវជួបខេត្តសៀមរាប នៅទីលានវិទ្យាល័យ ហ៊ុន សែន ខ្លាកូន ក្នុងពូលB និងសមាគមកីឡាបាល់ទាត់ខេត្តកណ្ដាល ត្រូវជួបក្រុមភ្នំដាមហានគរខេត្តតាកែវ នៅកីឡដ្ឋានខេត្តកណ្ដា ក្នុងពូលC។
ចំណែកនៅថ្ងៃទី១៦ ខែកញ្ញាស្អែក នឹងមានការប្រកួត ២គូផ្សេងទៀត រួមមានក្រុមបាល់ដំបងយូណាយធីត ត្រូវជួបក្រុមភ្ញៀវខេត្តឧត្ដរមានជ័យ នៅទីលានសាកលវិទ្យាល័យបាត់ដំបង ក្នុងB និងក្រុមបាតតារាងភ្នំពេញហ្គាឡាក់ស៊ី ត្រូវជួបក្រុមកំពូលតារាង មន្ទីរអប់រំ យុវជន និងកីឡា ខេត្តកំពង់ស្ពឺ ក្នុងពូលC។
បច្ចុប្បន្នពូលB ក្រុមបាត់ដំបងយូណាយធីត កំពុងឈរកំពូលតារាង មាន ១០ពិន្ទុ តាមពីក្រោយខេត្តបន្ទាយមានជ័យ ឈរលេខ២ មាន ៦ពិន្ទុ, ខេត្តសៀមរាប ឈរលេខ៣ មាន ៤ពិន្ទុ និងខេត្តឧត្ដរមានជ័យ មាន ១ពិន្ទុឈរលេខ៤។ រីឯពូលC ក្រុមមន្ទីរអប់រំ យុវជន និងកីឡា ខេត្តកំពង់ស្ពឺ កំពុងឈរកំពូលតារាងមាន ៩ពិន្ទុ គ្រាដែលខេត្តកណ្ដាល ឈរលេខ២ មាន ៧ពិន្ទុ លើក្រុមភ្នំដាមហានគរខេត្តតាកែវ ឈរលេខ៣ មាន ៣ពិន្ទុ និងភ្នំពេញហ្គាឡាក់ស៊ី ឈរលេខ៤ មាន ២ពិន្ទុ។
ក្រៅពីពូលA បច្ចុប្បន្នក្រុមនីមួយៗ សុទ្ធតែនៅសល់ ២ប្រកួតក្នុងដៃ ដើម្បីប្រជែងកៅអីកំពូលតារាង ក៏ដូចជាតំណែងក្រុមលេខ២ ល្អ ដើម្បីមានឱកាសឡើងទៅវគ្គ ៨ក្រុមចុងក្រោយ នៃពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន ថ្នាក់ខេត្ត ឆ្នាំនេះ៕ អត្ថបទ លី ឈុនឡា
