គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជាសហការជាមួយអង្គការបេះដូងមាសបានរៀបចំការប្រកួតជើងកអត្តពលកម្មជនពិការ លើកទី៧ ប្រចាំឆ្នាំ២០២៦ ដោយមានអត្តពលិកពិការចូលរួមប្រកួត ៤២នាក់ ដើម្បីស្វែងរកធនធានថ្មីៗ ត្រៀមចូលរួមកីឡាអាស៊ីនៅជប៉ុនក៏ដូចជាការប្រកួតអន្តរជាតិនានា។

ឯកឧត្តម យី វាសនា អគ្គលេខាធិការ គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជាគូសបញ្ជាក់ថា ការប្រកួតអត្តពលកម្មឆ្នាំនេះជាឆ្នាំដ៏សំខាន់ ដើម្បីស្វែងរកធនធានឆ្នើមៗ ត្រៀមហ្វឹកហាត់សម្រួចគុណភាពបច្ចេកទេសឱ្យកាន់តែល្អប្រសើរ សម្រាប់ត្រៀមចូលរួមប្រកួតអន្តរជាតិនាពេលខាងមុខ។ ជាមួយគ្នានេះ គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា ក៏ត្រៀមបញ្ជូនប្រតិភូកីឡាជនពិការកម្ពុជាត្រៀមចូលរួមកីឡាអាស៊ីប៉ារ៉ាហ្គេម នៅប្រទេសជប៉ុន នាខែតុលា ២០២៦ ក្រោយប្រទេសជប៉ុនបញ្ចប់រៀបចំកីឡាអាស៊ី ក្នុងខែកញ្ញា ដល់ដើមខែតុលាខាងមុខនេះ។
ឯកឧត្តមបានបន្តថា សម្រាប់ឆ្នាំ២០២៦ កម្ពុជាកំពុងត្រៀមរៀបចំការប្រកួតកីឡាជាតិ ខណៈនៅឆ្នាំ២០២៧ កម្ពុជានឹងត្រៀមចូលរួមការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី២៤ នៅប្រទេសម៉ាឡេស៊ី។ ជាមួយនឹងការត្រៀមខ្លួននេះ គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា មានប្រភេទកីឡាចំនួន៧ កំពុងដំណើរការហ្វឹកហាត់ នាពេលខាងមុខគណៈកម្មាធិការនិងពង្រីក ឲ្យមាន១៣ប្រភេទកីឡាដែលមានសក្តានុពល បន្ថែមទៀត។
សូមជម្រាបថា ការប្រកួតជើងឯកអត្តពលកម្មជនពិការថ្នាក់ជាតិលើកទី៧ឆ្នាំ២០២៦មានរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់១៥ ខែកញ្ញា មានអត្តពលិកពិការចំនួន៤២នាក់ចូលរួមប្រកួតប្រជែងដណ្តើមមេដាយ។
សម្រាប់ការប្រកួតកីឡាអាស៊ីប៉ារ៉ាហ្គេមឆ្នាំ២០២៦ ដំណើរការពីថ្ងៃទី១៨ ដល់ថ្ងៃទី២៤ ខែតុលា ខាងមុននេះនៅណាហ្កូយ៉ាប្រទេសជប៉ុន៕





