ដើម្បីទទួលបានព័ត៌មានថ្មីៗ រហ័ស សូមចុច Join Channel Telegram BTV News
ខេត្តពោធិ៍សាត់៖ រោងចក្រនានា ដែលបានផ្តល់ការងាររាប់លានកន្លែង ជូនប្រជាពលរដ្ឋខ្មែរ មិនមែនធ្លាក់មកពីលើមេឃនោះទេ គឺកើតចេញពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ធ្វើអោយប្រទេសមានសន្តិភាព ស្ថេរភាព យកចិត្តទុកដាក់ធ្វើការដោះស្រាយការងារសេដ្ឋកិច្ចប្រទេសអោយមានភាពរីកចម្រើន និងជាពិសេសបង្កើតការងារដល់យុវជនជាបញ្ហាចំបង ដោយខិតខំធ្វើការទាក់ទាញ និងលើកទឹកចិត្តអោយអ្នកវិនិយោគក្រៅប្រទេស ចូលមកបណ្តាក់ទុន បង្កើតសិប្បកម្ម សហគ្រា រោងចក្រនៅកម្ពុជា។

នេះជាការលើកឡើងរបស់ លោក ស៊ុយ សែម ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តពោធិ៍សាត់ ក្នុងឱកាសជួបសំណេះសំណាលនិងសួរសុខទុក្ខ កម្មករកម្មការិនី ប្រមាណ ១០០០នាក់ដែលកំពុងបម្រើការងារនៅរោងចក្រ លានហ្វាហេងយូ ស្ថិតក្នុងឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់ កាលពីរសៀលថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២២ ។
ក្នុងនោះលោក បានក៏លើកឡើងបន្តថា រដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន
ជាប្រមុខបានប្រឹងប្រែងធ្វើការដោះស្រាយវិបត្តការរីករាលនៃជំងឺកូវិដ១៩ រហូតទទួលបានលទ្ធផលយ៉ាងល្អប្រសើរដោយ ៩៣ភាគរយ នៃប្រជាជនកម្ពុជាសរុបទទួលបានការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ហើយក្នុងរយៈពេល ៧ថ្ងៃចុងក្រោយនេះនៅកម្ពុជាមិនមានករណីឆ្លងកូវីដ១៩នោះទេ ហើយកាតព្វកិច្ចពាក់ម៉ាសក៏ត្រូវបានលើកលែងផងដែរ ជាក់ស្តែងថ្ងៃនេះយើងអាចជួបជុំសំណេះសំណាលគ្នាបានដោយសារក្មួយៗទាំង ១០០០នាក់ទទួលបានការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ បានរួចរាល ហើយភាគច្រើនបានចាក់រហូតដល់ដូសទី៤ផងដែរ ការសង្គ្រោះអាយុជីវិតរបស់ប្រជាជនអោយរួចផុតពីជំងឺកូវីដ១៩ ជាចំនុចសំខាន់ដែលរដ្ឋាភិបាលកម្ពុជាបានយកចិត្តទុកដាក់ជាខ្លាំង ។
លោកក៏បានផ្តាំផ្ញើរដល់ក្មួយៗត្រូវបំពេញកាត្តព្វកិច្ចជាពលរដ្ឋល្អទៅបោះឆ្នោតទាំងអស់គ្នា ហើយត្រូវគិតពិចារណាអោយបានល្អិតល្អន សម្រាប់ការការបោះឆ្នោតនៅពេលឆាប់ៗខាងមុខនេះ បើជ្រើសរើសខុសប្រទេសនឹងអន្តរាយ បើជ្រើសរើសត្រូវប្រទេសនឹងមានសន្តិភាព ហើយមានការអភិវឌ្ឍន៍លើគ្រប់វិស័យ បច្ចុប្បន្នក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ប្រទេសយើងមានសន្តិភាពពេញលេញហើយ ដូចនេះយើងត្រូវរួមគ្នាថែរក្សាសន្តិភាព ដើម្បីបន្តការអភិវឌ្ឍន៍អោយប្រទេសកាន់តែរីកចម្រើនបន្ថែមទៀត៕ អត្ថបទ៖ ពៅ ភិរុណ







