គ្រូពេទ្យ បង្ហាញការប្ដេជ្ញា បន្តខិតខំបម្រើសេវាសុខាភិបាល ឱ្យកាន់តែល្អ ជូនប្រជាពលរដ្ឋ ស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ផ្ដល់សេវាព្យាបាលជូនពលរដ្ឋ ប្រកបដោយគុណភាព ប្រសិទ្ធភាព សមធម៌ និងកាត់បន្ថយភាពក្រីក្រ។

លោកវេជ្ជបណ្ឌិត លី មករា ប្រធានមន្ទីរពេទ្យបង្អែកជ័យជំនះ ស្ថិតក្នុងក្រុងតាខ្មៅ ខេត្តកណ្ដាល ប្រាប់ BTV នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦នេះ ថា បច្ចុប្បននេះ មន្ទីរពេទ្យរបស់លោក ត្រូវបានរាជរដ្ឋាភិបាល អភិវឌ្ឍន៍អគារ បំពាក់បរិក្ខារទំនើប បណ្ដុះបណ្ដាលគ្រូពេទ្យជំនាញ ទាំងផ្នែកសង្រ្គោះបន្ទាន់, សម្ភព, ជំងឺភ្នែក និងពិគ្រោះជំងឺក្រៅ ដើម្បីបម្រើសេវាឱ្យកាន់តែល្អជូន ប្រជាពលរដ្ឋ។ លោកបញ្ជាក់ថា បន្ទាប់ពីរាជរដ្ឋាភិបាលអភិវឌ្ឍវិស័យសុខាភិបាលកាន់តែល្អ ពលរដ្ឋកាន់តែច្រើន មកទទួលសេវា ដោយក្នុងមួយថ្ងៃ មន្ទីរពេទ្យនេះ ទទួលអ្នកជំងឺផ្នែកពិនិត្យជំងឺក្រៅ ចន្លោះ ៤០០ ទៅ៥០០នាក់ ខណៈអ្នកសម្រាកព្យាបាលមានចន្លោះ ១២០នាក់ ទៅ ១៦០នាក់។

លោកវេជ្ជបណ្ឌិត លី មករា អះអាងថា តាមចក្ខុវិស័យរបស់សម្ដេចមហាបរវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី និងក្រោមការដឹកនាំរបស់ឯកឧត្ដមសាស្រ្ដាចារ្យ ឈាង រ៉ា រដ្ឋមន្រ្ដីក្រសួងសុខាភិបាល មន្ទីរពេទ្យរបស់លោក បានបន្តបម្រើសេវាប្រកាន់ខ្ជាប់ក្រមសីលធម៌ និងរៀបចំវេនប្រចាំការ ២៤/២៤ម៉ោង ៧ថ្ងៃក្នុងមួយសប្ដាហ៍។ លោកអះអាងថា គ្រប់ពេលមន្ទីរពេទ្យរបស់លោក មានគ្រូពេទ្យស្ថិតនៅរង់ចាំផ្ដល់សេវាជានិច្ចជូនពលរដ្ឋ។ លោកបន្តថា ក្រុមគ្រូពេទ្យរបស់លោក នឹងបន្តការបម្រើសេវា ឱ្យកាន់តែល្អបន្ថែមទៀត ស្របតាមចក្ខុវិស័យរបស់សម្ដេចធិបតី នាយករដ្ឋមន្រ្ដី ពង្រឹងការផ្ដល់សេវា ដែលមានគុណភាពខ្ពស់ ដើម្បីកាត់បន្ថយភាពក្រីក្ររបស់ពលរដ្ឋ។
អ្នកស្រី សៅ សុភាព រស់នៅក្រុងតាខ្មៅ ខេត្តកណ្ដាល ប្រាប់ថា ម្ដាយរបស់អ្នកស្រី មានជំងឺសួត និងជំងឺបេះដូងធ្ងន់ធ្ងរ។ អ្នកស្រីប្រាប់ថា កន្លងមកមុនពេលវិស័យសុខាភិបាលនៅមូលដ្ឋាន អភិវឌ្ឍន៍ទំនើបដូចបច្ចុប្បន្ន អ្នកស្រីត្រូវនាំម្ដាយ មកព្យាបាលនៅរាជធានីភ្នំពេញ។ ប៉ុន្ដែចាប់តាំងពីមន្ទីរពេទ្យជ័យជំនះ កសាងអគារថ្មី បំពាក់បរិក្ខាទំនើប អ្នកស្រីតែងតែនាំម្ដាយ មកព្យាបាលនៅទីនេះ។ អ្នកស្រីថា ការមកព្យាបាលនៅទីនេះ មិនមែនព្រោះតែគ្មានជម្រើសនោះទេ ប៉ុន្ដែក៏ព្រោះមន្ទីរពេទ្យនេះ រៀបចំបានស្អាត គ្រូពេទ្យយកចិត្តទុកដាក់អ្នកជំងឺ។
អ្នកស្រី ឆុន ថាវី ពលរដ្ឋរស់នៅសង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្ដាល ប្រាប់ថា ស្វាមីរបស់អ្នកស្រី មានជំងឺបេះដូង។ អ្នកស្រីប្រាប់ថា កន្លងមកអ្នកស្រី តែងតែនាំស្វាមីទៅព្យាបាលនៅមន្ទីរពេទ្យឯកជន ប៉ុន្ដែជំងឺហាក់មិនធូរស្រាល ទើបអ្នកស្រីនាំស្វាមីមកកាន់មន្ទីរពេទ្យរដ្ឋ។ អ្នកស្រីប្រាប់ថា កន្លងមក មានការបារម្ភថា មន្ទីរពេទ្យរដ្ឋ
សូមជម្រាបជូនថា វិស័យសុខាភិបាល គឺជាវិស័យអាទិភាព ក្នុងយុទ្ធសាស្រ្ដបញ្ចកោណដំណាក់កាលទី១ ដែលរាជរដ្ឋាភិបាល ដាក់ទិសដៅពង្រឹងវិស័យសុខាភិបាលឱ្យល្អបម្រើសេវាជូនពលរដ្ឋ ដោយគុណភាព។ តាមរយៈអភិវឌ្ឍវិស័យសុខាភិបាលគ្រប់ជ្រុងជ្រោយ កាលពីដើមខែកញ្ញា ឆ្នាំ២០២៦កន្លទៅនេះ វិស័យសុខាភិបាលកម្ពុជា ត្រូវបានសមាគមអន្ដរជាតិសម្រាប់គុណភាពក្នុងការថែទាំសុខភាព ទទួលស្គាល់ស្ដង់ដារគុណភាព ទាំងបច្ចេកទេសព្យាបាល សមត្ថភាពថ្នាក់ដឹកនាំ ក្រមសីលធម៌គ្រូពេទ្យ និងសុវត្ថិភាពអ្នកជំងឺ។
ឯកឧត្ដម កុយ វ៉ាន់នី អ្នកនាំពាក្យ ក្រសួងសុខាភិបាល បានប្រាប់ ថា ការទទួលស្គាល់ កម្រិតអន្តរជាតិ នូវសុខាភិបាលកម្ពុជា តាមរយៈ «គណៈកម្មាធិការទទួលស្គាល់គុណភាពសេវាថែទាំព្យាបាល នៃក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា (MoH‑HAC)» ថា ពិតជាបានបំពេញលក្ខណត្រឹមត្រូវ ទាំងបច្ចេកទេសព្យាបាល ទាំងសមត្ថភាពភាពជាអ្នកដឹកនាំ ទាំងក្រមសីលធម៌វិជ្ជាជីវៈ និងពិសេសសុវត្ថិភាពអ្នកជំងឺ គឺជាភស្តុតាង បង្ហាញឱ្យឃើញច្បាស់ពីការបន្តខិតខំ របស់កម្ពុជា ក្នុងការលើកកម្ពស់វិស័យសុខាភិបាល ផ្តោតការយកចិត្តទុកដាក់រៀនសូត្រ រក្សាចំណេះ ទាំងបច្ចេកទេស ទាំងក្រមសីលធម៌ ទាំងសមត្ថភាពពន្យល់ ទំនាក់ទំនងកាន់តែល្អ ទុកចិត្ត ជាមួយគ្រប់មជ្ឈដ្ឋាន។
សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី ក្នុងឱកាសសម្ពោធមន្ទីរពេទ្យ ហ្លូងម៉ែ នៅថ្ងៃនេះ បានអះអាងជូនប្រជាពលរដ្ឋថា រាជរដ្ឋាភិបាលនីតិកាលទី៧នេះ នឹងបន្តពង្រឹងវិស័យសុខាភិបាល ពង្រឹងសមត្ថភាពមូលដ្ឋាន ចាប់ពី ប៉ុស្ដិ៍សុខភាព មណ្ឌលសុខភាព និងពេទ្យបង្អែកស្រុក ធានាគុណភាពក្នុងការព្យាបាលជូនប្រជាពលរដ្ឋ៕ អត្ថបទ៖ លៀ ស៊ីណា


