ប៉េតង់៖ ការប្រកួតកីឡាប៉េតង់អបអរសាទរព្រះរាជពិធីបុណ្យចម្រើនព្រះជន្មព្រះមហាក្សត្រគម្រប់ ៦៩ យាងចូល ៧០ព្រះវស្សាប្រព្រឹត្តឡើងនៅទីលានប៉េតង់វិទ្យាល័យ ជា ស៊ីម សាមគ្គី ដោយមានក្រុមកីឡាករវ័យចាស់ និងយុវជនចូលរួមចំនួន ៣២ក្រុមមកពីបណ្តាខេត្តជិតរាជធានីភ្នំពេញ ដែលជាគំនិតផ្តួចផ្តើមរបស់លោក ថន វណ្ណារ៉ា អនុសុរិយោដីខណ្ឌ សែន សុខ និងជាប្រធានក្លិបប៉េតង់ទួលស្វាយព្រៃ។
ក្នុងឱកាសការរៀបចំប្រកួតកីឡាប៉េតង់អបអរសាទរព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ដោយមានការអញ្ជើញចូលរួមពីសំណាក់លោក ស៊ុម សុជាតិ អនុប្រធានសហព័ន្ធកីឡាប៉េតង់ និងប៊ូលកម្ពុជា លោក ថន វណ្ណារ៉ា អនុសុរិយោដីខណ្ឌ សែន សុខ និងជាប្រធានក្លិបប៉េតង់ទួលស្វាយព្រៃ ព្រមទាំងកីឡាករទាំង ៣២ក្រុម។ លោក ស៊ុម សុជាតិ បានមានប្រសាសន៍ថា ការរៀបចំប្រកួតធ្វើឡើង ដើម្បីអបអរសាទរព្រះរាជពិធីបុណ្យចម្រើនព្រះជន្មព្រះមហាក្សត្រ គម្រប់ ៦៩ យាងចូល ៧០ព្រះវស្សាមានក្រុមចូលរួមចំនួន ៣២ក្រុម ដោយការប្រកួតនេះមិនបានកំណត់អាយុចូលរួមឡើយ ត្រូវបានអនុញ្ញាតឲ្យចូលរួមទាំងអស់គ្នា។ មុនដំបូងយើងកំណត់យកតែ ២៤ក្រុមទេ ប៉ុន្តែដោយសារគ្រួសារប៉េតង់បានដាក់ពាក្យច្រើនរហូតដល់ ៣២ក្រុម ធ្វើឲ្យយើងរៀបចំទីលានប្រកួតចំនួន ១៦ទីលាន ព្រោះយើងមានទីលានត្រឹម ១២ទីលានទេ។
គួរបញ្ជាក់ថា តាមគំនិតលោកចង់បង្កើតឲ្យមានការប្រកួតមួយម្តង សម្រាប់សមាគមកីឡាប៉េតង់វ័យចាស់ដោយសារទីលានមិនអំណោយផល ទើបធ្វើឲ្យលោករៀបចំដើមឆ្នាំពីព្រោះទីលានគ្មានដំបូល។ ក្នុងចំណោមកីឡាទាំងអស់ ប្រភេទកីឡាប៉េតង់ជាប្រភេទកីឡាពេញនិយមសម្រាប់កីឡាករអាយុច្រើន វ័យកាន់តែចាស់កាន់តែមានបទពិសោធន៍ច្រើនក្នុងការប្រកួត ក៏ជាគំរូមួយសម្រាប់ជំរុញចលនាយុវជន-យុវតី និងកីឡាករ-កីឡាការិនីវ័យក្មេងជំនាន់មកលេងកីឡាប៉េតង់នេះ។ លោកអនុប្រធានបន្ថែមទៀតថា ការប្រកួតនេះក៏មានកីឡាករមកពីខេត្តមួយចំនួនដូចជារាជធានីភ្នំពេញ ខេត្តកំពង់ធំ ខេត្តព្រៃវែង ខេត្តកណ្តាល ខេត្តស្វាយរៀងបានចូលរួម ចំណែកខេត្តនៅឆ្ងាយមិនបានចូលរួមដោយសារថ្នាក់ដឹកនាំជាប់រវល់នឹងការងារ៕
អត្ថបទ៖ លី ឈុនឡា