បន្ទាប់ពីរមណីយដ្ឋានប្រាសាទកោះកេរ បានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ (UNESCO) កាលពីថ្ងៃទី១៧ ខែកញ្ញា ២០២៣ រហូតមកដល់ឆ្នាំ២០២៦នេះ បានធ្វើឲ្យកេរ្តិ៍ឈ្មោះរមណីដ្ឋានប្រាសាទនេះមានភាពល្បីល្បាញក្នុងឆាកអន្តរជាតិ និងភ្ញៀវទេសចរទៅទស្សនាមានកើនឡើងជារៀងរាល់ឆ្នាំ។
ឯកឧត្ដម គង់ ពុទ្ធិកា អគ្គនាយកអាជ្ញាធរជាតិព្រះវិហារ នៅព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦នេះ បានប្រាប់BTVឲ្យដឹងថា មុនរមណីយដ្ឋានប្រាសាទកោះកេរ ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ក្រុមការងារក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ អាជ្ញាធរជាតិព្រះវិហារ រួមជាមួយគណៈកម្មការអន្តរក្រសួង ដោយមានការដឹកនាំពីលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានធ្វើការសិក្សាស្រាវជ្រាវឯកសារពាក់ព័ន្ធពីប្រាសាទកោះកេរ អស់រយៈពេល៥ឆ្នាំ ទម្រាំតែចងក្រងបានជាឯកសារមួយមានលក្ខណៈពេញលេញនៅឆ្នាំ២០២២ ទើបស្នើទៅអង្គការយូណេស្កូចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ហើយជាលទ្ធផលនៅថ្ងៃទី១៧ ខែកញ្ញា ២០២៣ អង្គការយូណេស្កូយល់ព្រមតាមសំណើររបស់កម្ពុជា។
ឯកឧត្ដម គង់ ពុទ្ធិកា អគ្គនាយកអាជ្ញាធរជាតិព្រះវិហារ បានបន្តទៀតថា ក្រោយពេលរមណីយដ្ឋានប្រាសាទកោះកេរ បានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក បានធ្វើឱ្យកេរ្តិ៍ឈ្មោះប្រទេសកម្ពុជា ជាពិសេសរមណីយដ្ឋានប្រាសាទកោះកេរ មានភាពល្បីល្បាញក្នុងឆាកអន្តរជាតិ និងបានទាក់ទាញភ្ញៀវទេសចរទាំងជាតិ និងអន្តរជាតិទៅទស្សនារមណីយដ្ឋានប្រាសាទនេះ មានការកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ។ ដោយឡែកបើគិតត្រឹមរយៈពេល៧ខែឆ្នាំ២០២៦នេះ មានភ្ញៀវទេសចរចំនួនជាង៦ម៉ឺននាក់។
គិតត្រឹមឆ្នាំ២០២៦ អាជ្ញាធរជាតិព្រះវិហារ បានទល់ទ្រប្រាង្គប្រាសាទស្ទើរតែទាំងអស់នៅក្នុងតំបន់រមណីយដ្ឋានប្រាសាទកោះកេរ ដើម្បីការពារកុំឲ្យដួលរលំ បាក់បែកខូចខាត់បន្តទៀត។ ក្រៅពីនេះ អាជ្ញាធរជាតិព្រះវិហារ បាន និងកំពុងធ្វើការជួសជុលប្រាសាទមួយចំនួននៅក្នុងរមណីយដ្ឋានប្រាសាទកោះកេរ ដែលក្នុងនោះមានដូចជា៖ ប្រាសាទគោកគ្រោង ប្រាសាទក្រចាប់ ប្រាសាទបល្ល័ង្កត្បូង និងប្រាសាទប្រាំជាដើម។ ការជួសជុលប្រាង្គប្រាសាទទាំងនេះ បានប្រើប្រាស់ថវិការបស់រាជរដ្ឋាភិបាលកម្ពុជា និងដៃគូរអន្តរជាតិ។
គួររម្លឹកដែរថា រមណីយដ្ឋានប្រាសាទកោះកេរ មានទីតាំងស្ថិតនៅក្នុងភូមិសាស្ត្រស្រុកគូលែន ខេត្តព្រះវិហារ ដែលជាអតីតរាជធានីខ្មែរ ក្នុងរាជព្រះបាទជ័យវរ្ម័នទី៤ ក្នុងអំឡុងសតវត្សទី១០ ក្នុងឆ្នាំ៩២៨ រហូតដល់ឆ្នាំ ៩៤១ នៃគ.ស ។ រមណីយដ្ឋានប្រាសាទកោះកេរ ត្រូវបានគណៈកម្មាធិការបេតិកភណ្ឌពិភពលោក សម្រេចដាក់ បញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ នៅក្នុងកិច្ចប្រជុំគណៈកម្មាធិការបេតិកភណ្ឌពិភពលោក លើកទី៤៥ នៅទីក្រុងរីយ៉ាត ប្រទេសអារ៉ាប៊ីសាអូឌីត កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ ហើយគិតត្រឹមថ្ងៃទី១៧ខែកញ្ញា ឆ្នាំ២០២៦នេះ គឺខួប៣ឆ្នាំ៕ អត្ថបទ៖ទូច សោភ័ណ







