សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានជំរុញ និងលើកទឹកចិត្តដល់រោងចក្រផ្គុំ និងដំឡើងរថយន្តរបស់ក្រុមហ៊ុន ធីអេច អូតូម៉ូធីវ មេនូហ្វេកធឺរីង ឯ.ក (TH Automotive Manufacturing Co.,Ltd.) សិក្សាលទ្ធភាពសហការជាមួយរោងចក្រនៅក្នុងស្រុក ដើម្បីផលិត និងផ្គត់ផ្គង់គ្រឿងបង្គុំរថយន្តផ្សេងៗសំដៅខាត់បន្ថយថ្លៃដើម ខណៈជាក់ស្ដែងឥឡូវនេះកម្ពុជាមានក្រុមហ៊ុន ផ្គុំ និងដំឡើងរថយន្តលំដាប់អន្តរជាតិមួយដែលទទួលការផ្គត់ផ្គង់គ្រឿងបង្គុំពីប្រភពក្នុងស្រុក ២០%ហើយ។
សម្តេចធិបតី នាយករដ្ឋមន្ត្រីកម្ពុជា មានប្រសាសន៍បញ្ជាក់បែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យដំណើរការរោងចក្រផ្គុំ និងដំឡើងរថយន្តរបស់ក្រុមហ៊ុន ធីអេច អូតូម៉ូធីវ មេនូហ្វេកធឺរីង ឯ.ក (TH Automotive Manufacturing Co.,Ltd.) និងខ្សែច្រវាក់ផលិតកម្មរថយន្តម៉ាក GAC ក្នុងខេត្តកំពង់ឆ្នាំង នៅព្រឹកទី១៧ ខែកញ្ញា ឆ្នាំ២០២៦នេះ។
សម្ដេចធិបតីបានថ្លែងថា ការបង្កើតរោងចក្រផ្គុំ និងដំឡើងរថយន្តក្នុងស្រុក បានជួយកាត់បន្ថយការនាំចូលផលិតផលសម្រេចពីខាងក្រៅជំនួសមកវិញនូវការផលិត ផ្គុំក្នុងស្រុករក្សាបាននូវរូបិយបណ្ណបរទេស និងបង្កើនតម្លៃបន្ថែមផ្ទាល់ក្នុងប្រទេស ព្រោះបើយើងនាំចូលមក យើងបង់តែលុយៗទាំងអស់នៅក្រៅ ទាំងលុយសម្រាប់ពលកម្មជាដើម ប៉ុន្ដែយើងដំឡើងនៅក្នុងស្រុកមួយផ្នែកថវិកាចូលទៅដល់បុគ្គលិកក្នុងស្រុករបស់យើង។
សម្ដេចធិបតី បញ្ជាក់ថា ការបង្កើតរោងចក្រផ្គុំ និងដំឡើងរថយន្តនៅក្នុងស្រុក មិនត្រឹមតែបង្កើតការងារដល់ពលរដ្ឋប៉ុណ្ណោះទេ ប៉ុន្ដែបានផ្ទេរជំនាញ និងចំណេះដឹងទៅដល់កូនខ្មែរ ខណៈកូនខ្មែរនឹងក្លាយជាអ្នកប្រតិបត្តិ និងជាអ្នកបញ្ជាម៉ាស៊ីនដោយផ្ទាល់ ដែលនេះជាការផ្ទេរជួយឱ្យសេដ្ឋកិច្ចកម្ពុជាឱ្យមានភាពធន់។
សម្ដេចធិបតីថ្លែងថា៖«ខ្ញុំលើកទឹកចិត្តដល់រោងចក្រផ្គុំ និងដំឡើងរថយន្តរបស់ក្រុមហ៊ុន TH សិក្សាលទ្ធភាពក្នុងការសហការជាមួយរោងចក្រនៅក្នុងស្រុក ដើម្បីផលិត និងផ្គត់ផ្គង់គ្រឿងបង្គុំរថយន្តផ្សេងៗសំដៅខាត់បន្ថយថ្លៃដើម ជាក់ស្ដែងឥឡូវនេះកម្ពុជាមានក្រុមហ៊ុន ផ្គុំ និងដំឡើងរថយន្តលំដាប់អន្តរជាតិមួយដែលទទួលការផ្គត់ផ្គង់គ្រឿងបង្គុំពីប្រភពក្នុងស្រុក ២០%ហើយ ដូច្នេះបានន័យថាក្នុងស្រុកធ្វើបាន គ្រាន់តែទាញយកំរូនេះដើម្បីពង្រីកឱ្យកាន់តែធំ»។
ក្នុងឱកាសនោះ សម្ដេចធិបតី ក៏បានលើកទឹកចិត្តឱ្យក្រុមហ៊ុន ផ្គុំ និងដំឡើងរថយន្តទាំងអស់ ចូលរួមគាំទ្រទៅដល់ក្រុមហ៊ុនផ្គត់ផ្គង់ក្នុងស្រុកឱ្យបានកាន់តែខ្លាំងក្លាថែមទៀត ដើម្បីកាត់បន្ថយថ្លៃដើមផលិតកម្ម និងចំណាយប្រតិបត្តិការ។ សម្ដេចថ្លែងថា៖យើងចាំផ្ដើមពីការផ្គត់ផ្គង់នៅក្នុងស្រុក ទៅកាផលិត សម្រាប់នាំចេញ តាមការអភិវឌ្ឍប្រពន្ធអេកូឡូស៊ី ឧស្សាហកម្មយានយន្ត និងការអនុវត្តយន្តការ ពាណិជ្ជកម្មសេរីដែលកម្ពុជាបានចុះកិច្ចព្រមព្រៀង ដើម្បីជៀសផុតពីអន្ទាក់នៃការផ្គុំដំឡើង។ ដោយអនុវត្តដាមអភិក្រម «ផ្គុំ ដំឡើង ផលិតគ្រឿងបង្គុំ បង្កើតជំនាញវិស្វកម្ម អភិវឌ្ឍបច្ចេកវិទ្យា និងនាំចេញ»៕






