ក្លិបភ្នំពេញក្រោន របស់កម្ពុជា បានទទួល ៣ពិន្ទុពេញពីការប្រកួតបើកឆាកពូលH នៃពានរង្វាន់ក្លិបបាល់ទាត់លំដាប់ទី២ ទ្វីបអាស៊ី AFC Champions League Two (ACL2) ឆ្នាំ២០២៦/២៧ ក្រោយយកឈ្នះក្រុមភ្ញៀវ Kuching City FC របស់ម៉ាឡេស៊ី ដោយលទ្ធផល ២-១ កាលពីរាត្រីថ្ងៃទី១៧ ខែកញ្ញានេះ នៅពហុកីឡដ្ឋានជាតិមរតកតេជោ។
ជ័យជម្នះនេះ បានធ្វើឲ្យគ្រូបង្វឹកលោក Oleg Starynskyi បង្ហាញមោទនភាពជាមួយកូនក្រុម និងរីករាយ ដែលបានដឹកនាំក្រុមលេងតំណាងកម្ពុជា ក្នុងពានរង្វាន់កម្រិតខ្ពស់ក្នុងទ្វីបអាស៊ីនេះ ស្របពេលលោក Aidil Sharin Sahak គ្រូបង្វឹកក្រុម Kuching City FC ថា នឹងព្យាយាមពង្រឹងក្រុម ដើម្បីត្រៀមស្វាគមន៍ភ្នំពេញក្រោនវិញ នៅជើងទី២។

ជំនួបដ៏ស្វិតស្វាញនេះ ភ្នំពេញក្រោន បានបង្កើតឱកាសច្រើននៅវគ្គទី១ តែមិនអាចទម្លាយរបាំងការពារដ៏រឹងមាំរបស់ក្រុមភ្ញៀវបានឡើយ រង់ចាំដល់វគ្គទី២ ទើបពួកគេមានឱកាសរកបានគ្រាប់នាំមុខ ដោយកីឡាករ Moses Dyer នៅនាទី៥៥ មុនក្រុម Kuching City វាយបកបានតាមស្មើ ដោយកីឡាករ Ajdin Mujagic នៅនាទី៧៣។
ប៉ុន្ដែឱកាសចែកគ្នាម្នាក់ ១ពិន្ទុនេះ ត្រូវបានបញ្ចប់នៅនាទី៩០+១ បន្ទាប់ពីខ្សែប្រយុទ្ធ Moses Dyer រកបានគ្រាប់ទី២ ឲ្យភ្នំពេញក្រោន និងជាគ្រាប់បាល់ជ័យជម្នះ ដែលធ្វើឲ្យក្រុមជើងឯករងលីគកំពូលកម្ពុជា ឈរកំពូលតារាងបណ្ដោះអាសន្នតែម្ដង ដ្បិតជំនួបគូប្រជែងរួមពូល ១ប្រកួតទៀត គឺក្រុម Gangwon FC របស់កូរ៉េខាងត្បូង ប្រកួតស្មើក្រុម Kitchee របស់ចិនហុងកុង ដោយលទ្ធផល ០-០។

លោក Oleg Starynskyi បានសម្ដែងក្ដីរីករាយ និងមោទនភាព សម្រាប់ក្រុម ក៏ដូចជាការបង្ហាញទម្រង់លេងរបស់កូនក្រុម ។ លោកថា កីឡាករបានព្យាយាមលេងចេះពីបេះដូង ហើយចុងក្រោយ គឺការទទួលបានជ័យជម្នះដ៏សំខាន់ ក្នុងការប្រកួតទល់គូប្រជែងដែលមានកម្រិតខ្ពស់មួយទៀត។ យ៉ាងណាលោកនឹងព្យាយាមបន្ថែមទៀត សម្រាប់ត្រៀមការប្រកួតបន្ដ។
ដោយឡែកលោក Aidil Sharin Sahak ក្រៅពីអបអរសាទរក្រុមភ្នំពេញក្រោន លោកក៏សរសើរកូនក្រុមដូចគ្នា ដែលធ្វើបានល្អ។ លោកថា គ្មានលេសអ្វីចំពោះការប្រកួតក្រៅដីនេះឡើយ ព្រោះនៅសល់ការប្រកួតជាច្រើនទៀត ពិសេសការប្រកួតជើងទី២ ទល់ភ្នំពេញក្រោន ដែលត្រូវលេងនៅទឹកដីម៉ាឡេស៊ីវិញម្ដង ។ ដូច្នេះលោកនឹងព្យាយាមពង្រឹងក្រុមត្រៀមការប្រកួតបន្ទាប់។
មិនខុសពីពូលរបស់ព្រះខ័នរាជស្វាយរៀងឡើយ សម្រាប់ពូល H នៃពានរង្វាន់ AFC Champions League Two 2026/27 ដែលភ្នំពេញក្រោន ត្រូវប្រជែង គឺមានបេក្ខភាព ៤ក្រុម ដែលត្រូវធ្វើការប្រកួតវិលជុំសន្សំពិន្ទុ ២ជើង ដោយការផ្លាស់ប្ដូរទឹកដីគ្នា ដើម្បីចម្រាញ់ក្រុមលេខ១ និងលេខ២ តាមពូលនីមួយៗឡើងទៅវគ្គបន្ដ។ ដូច្នេះភ្នំពេញក្រោន នៅសល់ ៥ប្រកួតទៀត ដើម្បីកំណត់ជោគវាសនា ក្នុងដំណើរឆ្ពោះទៅវគ្គបន្ដនៃពានកម្រិតទី២ ប្រចាំទ្វីបអាស៊ីនេះ៕
អត្ថបទ លី ឈុនឡា





