ភ្នំពេញ៖ តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានសម្រេចចោទប្រកាន់មេឃុំព្រែកខ្សាច់ ស្រុកគិរីសាគរ ខេត្តកោះកុង និងបក្ខពួកពីបទស៊ីសំណូក, សមគំនិតក្នុងអំពើរៀបចំ ឬដឹកនាំមជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងសម្អាតប្រាក់។
អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានឲ្យដឹងនៅព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦នេះថា ចំពោះសំណុំរឿងដែលបញ្ជូនមកពីអង្គភាពប្រឆាំងអំពើពុករលួយ តំណាងអយ្យការបានសម្រេច ចោទប្រកាន់ ដូចខាងក្រោម៖
១-ឈ្មោះ រៀម រុំ ភេទប្រុស (ឃាត់ខ្លួន) ពីបទស៊ីសំណូក, សមគំនិតក្នុងអំពើរៀបចំ ឬដឹកនាំមជ្ឈមណ្ឌល ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងសម្អាតប្រាក់ តាមមាត្រា ៣២ នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ, មាត្រា ២៩ និងមាត្រា ៥៩៤ នៃក្រមព្រហ្មទណ្ឌ, មាត្រា ៦ និងមាត្រា ៩ នៃច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងមាត្រា ៣៨ នៃច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទាន ភេរវកម្ម។
២-ឈ្មោះ ជា វាសនា ភេទប្រុស (ឃាត់ខ្លួន) និងឈ្មោះ ជា សុទ្ធ ហៅម៉េង ភេទប្រុស (កំពុងជាប់ឃុំ) ពីបទ សមគំនិតក្នុងអំពើស៊ីសំណូក , សមគំនិតក្នុងអំពើរៀបចំ ឬ ដឹកនាំមជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងសមគំនិតក្នុងអំពើសម្អាតប្រាក់ តាមមាត្រា ៣២ នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ, មាត្រា ២៩ និងមាត្រា ៥៩៤ នៃក្រមព្រហ្មទណ្ឌ, មាត្រា ៦ និងមាត្រា ៩ នៃច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងមាត្រា ៣៨ នៃច្បាប់ស្តីពីការប្រឆាំង ការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម។
៣-ឈ្មោះ ចាង ចៀនឈាំង (ZHANG JIAN QIANG) ហៅ ឆៃ យ៉ូវយៀន (Cai You Yuan) ហៅត្រង៉ោលភេទប្រុស ជនជាតិចិន និង បក្សពួក (គេចខ្លួន) ពីបទ សូកប៉ាន់, ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា, រៀបចំ ឬដឹកនាំមជ្ឈមណ្ឌល ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងបទសម្អាតប្រាក់ តាមមាត្រា ៣២ នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ, មាត្រា ៦០៥ នៃក្រមព្រហ្មទណ្ឌ, មាត្រា ៥, មាត្រា ៦ និងមាត្រា ៩នៃច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងមាត្រា ៣៨ នៃច្បាប់ ស្តីពី ការប្រឆាំង ការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម៕ អត្ថបទ៖ វង្ស សុភាព
