រយៈពេលបីឆ្នាំ នៃរាជរដ្ឋាភិបាលអាណត្តិទី៧នេះ អាជ្ញាធរមានសមត្ថកិច្ច បានបង្ក្រាបបទល្មើសគ្រឿងញៀនជាង បីម៉ឺនករណី និងបានឃាត់ខ្លួនជនសង្ស័យជាង៨ម៉ឺននាក់។
របាយការណ៍របស់ក្រសួងមហាផ្ទៃ បានបង្ហាញថា គិតចាប់ពីដើមអាណត្តិទី៧ នៃរាជរដ្ឋាភិបាលកម្ពុជា ពោលនៅខែសីហា ឆ្នាំ២០២៣ រហូតដល់ឆមាសទី១ នៃឆ្នាំ២០២៦នេះ សមត្ថកិច្ចចម្រុះ គិតចាប់ពីថ្នាក់ជាតិ ដល់រដ្ឋបាលក្រោមជាតិ ចំណុះក្រសួងមហាផ្ទៃ បានបើកប្រតិបត្តិការបង្ក្រាបគ្រឿងញៀន សរុប៣៤,១៤៩ករណី និងបានឃាត់ជនសង្ស័យ ៨៧,៣៨២នាក់ និងដកហូត និងរឹបអូសសារធាតុញៀនគ្រប់ប្រភេទជាង២៦តោន ។
ក្រសួងមហាផ្ទៃ បានចាត់ទុកលទ្ធផល នៃប្រតិបត្តិការបង្ក្រាបទាំងនេះ គឺជាស្នាដៃកម្លាំងនគរបាលជាតិ គិតចាប់តាំងពីថ្នាក់ក្រសួង មន្ទីរ រហូតដល់មូលដ្ឋានឃុំសង្កាត់ ដែលបានខិតខំស៊ើបអង្កេតស្រាវជ្រាវ និងឈានទៅដល់ការបង្ក្រាបប្រកបដោយស្មារតីវិជ្ជាជីវៈ និងការតាំងចិត្តខ្ពស់ ព្រោះប្រតិបត្តិការនេះ ទាមទារនូវការប្រយុទ្ធប្រឆាំងជាមួយក្រុមឧក្រិដ្ឋជនកាចសាហាវ ប្រដាប់ដោយអាវុធ អាចប្រឈមនឹងគ្រោះថ្នាក់គ្រប់ពេលវេលា។
ដើម្បីពង្រឹងប្រសិទ្ធភាព នៃការបង្ក្រាបបទល្មើសគ្រឿងញៀន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានដាក់ឲ្យដំណើរការ App NoDrug អស់ជាងពីរឆ្នាំកន្លងមកហើយ ហើយជាលទ្ធផល គិតត្រឹមបច្ចុប្បន្ននេះ មានពលរដ្ឋអ្នកប្រើប្រាស់សរុប ៩៨,៥៤០នាក់ និងបានចូលរួមផ្តល់ព័ត៌មាន បានចំនួន៨៦៩៨ករណី។
គួរបញ្ជាក់ថា ក្នុងអាណត្តិទី៧នេះ ក្រសួងមហាផ្ទៃ បានអនុវត្តគោលការណ៍សម្អាតផ្ទះយើង ដោយបានបំពេញកាតព្វកិច្ចពិនិត្យសារធាតុញៀនលើមន្ត្រីទាំងបីប្រភេទ ចំណុះក្របខ័ណ្ឌក្រសួងមហាផ្ទៃ ក្នុងនោះមន្ត្រីមានផ្ទុកសារធាតុញៀនមួយចំនួន ត្រូវបានបណ្តេញចេញពីក្របខ័ណ្ឌ។ ទន្ទឹមគ្នានោះដែរ ចំពោះមន្ត្រីអនុវត្តការងារពាក់ព័ន្ធនឹងការប្រយុទ្ធប្រឆាំងគ្រឿងញៀនដែលខ្វះការទទួលខុសត្រូវ ក៏ត្រូវបានបន្ថយឋានន្តរសក្តិ ឬផ្លាស់ប្តូរមុខដំណែង ខណៈមន្ត្រីដែលចូលដៃជើង ឬពាក់ព័ន្ធបទល្មើសគ្រឿងញៀន ត្រូវបានអនុវត្តវិធានការច្បាប់ជាធរមានផងដែរ៕


