ក្រសួងបរិស្ថាន សហការជាមួយអង្គការសម្អាតទន្លេ សមុទ្រ និងស្ថាប័នពាក់ព័ន្ធ នៅព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦នេះ បានរៀបចំពិធីអបអរសាទរទិវាសម្អាតពិភពលោក លើកទី០៩ ស្ថិតនៅសួនច្បារនាងប្រាជ្ញាបារមី ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
នៅអង្គពិធីឯកឧត្តម អ៊ាត សីលា រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាតំណាងឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានថ្លែងថា ទិវាសម្អាតពិភពលោក លើកទី៩ ឆ្នាំ២០២៦ ប្រារព្ធធ្វើឡើងក្រោមមូលបទ «ការចូលរួម ៥% ពីប្រជាពលរដ្ឋនៃប្រទេសនីមួយៗ» សំដៅឱ្យមានការចូលរួមសម្អាតសំណល់ប្លាស្ទិក និងបញ្រ្ជាបការយល់ដឹងអំពីផលប៉ះពាល់ នៃការកើនឡើងនៃបរិមាណសំណល់ប្លាស្ទិកលើភពផែនដី។ សព្វថ្ងៃនេះ បញ្ហាបំពុលដោយប្លាស្ទិក ត្រូវបានទទួលស្គាល់ជាអន្តរជាតិថា ជាការគំរាមកំហែងដ៏ធំមួយដល់បរិស្ថាន ហើយបណ្តាប្រទេសនានាជុំវិញពិភពលោកកំពុងសហការគ្នា ដើម្បីកាត់បន្ថ យការប្រើប្រាស់ប្លាស្ទិកប្រភេទ ប្រើតែម្តងបោះចោល សំដៅការពារប្រព័ន្ធអេកូឡូស៊ី។
ឯកឧត្តម អ៊ាត សីលា រដ្ឋលេខាធិការក្រសួងបរិស្ថាន បានបន្តទៀតថា បរិស្ថាន គឺជាសសរស្តម្ភដ៏សំខាន់មួយនៃការអភិវឌ្ឍប្រកបដោយចីរភាព ហើយការការពារ និងអភិរក្សបរិស្ថាន មិនអាចសម្រេចបានត្រឹមតែតាមរយៈវិធានការបច្ចេកទេស ឬការអនុវត្តច្បាប់ប៉ុណ្ណោះទេ។ ប៉ុន្តែការផ្លាស់ប្តូរ ឥរិយាបថ ទម្លាប់ និងផ្នត់គំនិតរបស់ប្រជាពលរដ្ឋ គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់បំផុត។
ក្រុមយុវជនបានលើកឡើងដែរថា នៅថ្ងៃនេះ បានចូលរួមក្នុងវិធីអបអរសាទរទិវាសម្អាតពិភពលោក គឺមានអារម្មណ៍រីករាយ ព្រោះបានចូលរួមសម្អាតបរិស្ថាន និងផ្សព្វផ្សាយដល់ពលរដ្ឋដទៃទៀតឲ្យយល់ដឹងពីផលវិជ្ជមាន និងអវិជ្ជមាននៃសំរាម ជាពិសេសសំរាមផ្លាស្ទិក។ យុវជនទាំងនោះ ក៏បានប្តេជ្ញាចូលរួមថែរក្សាបរិស្ថានអនាម័យនៅក្នុងប្រទេសកម្ពុជាឲ្យបានស្អាត ដើម្បីលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋរស់នៅក្នុងប្រទេស និងទាក់ទាញភ្ញៀវទេសចរមកទស្សនាប្រទេសកម្ពុជា។
គួរបញ្ជាក់ដែរថា ទិវាសម្អាតពិភពលោកលើកទី០៩ រៀបចំឡើងស្របតាមយុទ្ធសាស្រ្តបញ្ចាកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧នៃរដ្ឋសភា និងការគាំទ្រដល់ការអនុវត្តយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ២០២៣-២០២៨ រួមមាន៖ស្អាត បៃតង និងចីរភាព ព្រមទាំងរួមចំណែកដល់យុទ្ធនាការ «ផ្លូវជាតិស្អាត គ្មានសំណល់ប្លាស្ទិក» និងគោលដៅអភិវឌ្ឍប្រកបដោយចីរភាព៕






