ក្រុមបាល់ទាត់បាត់ដំបងយូណាយធីត បានកក់កៅអីវគ្គ ៨ក្រុមចុងក្រោយ នៃពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី២០ ឆ្នាំ២០២៦/២៧ (ថ្នាក់ខេត្ត) ជាផ្លូវការ ក្រោយយកឈ្នះក្រុមបាល់ទាត់ខេត្តឧត្ដរមានជ័យ ៦-៣ ដើម្បីធានាកៅអីកំពូលតារាងពូលB របស់ខ្លួន។
ទន្ទឹមជាមួយជ័យជម្នះនេះដែរ លោក ឌី សូផាត គ្រូជំនួយបាត់ដំបងយូណាយធីត បានសម្ដែងក្ដីរីករាយ ដែលកូនក្រុមរក្សាការធ្វើបានល្អ តែលោកក៏បានសរសើរពីឆន្ទៈដ៏ក្លាវក្លារបស់ខេត្តឧត្ដរមានជ័យ ពិសេសកីឡាករវ័យក្មេង ដែលបង្ហាញទម្រង់លេងគួរឲ្យភ្ញាក់ផ្អើល។ សម្រាប់ប្រកួតបន្ទាប់ បាត់ដំបង គ្រោងនឹងប្រើប្រាស់កីឡាករបម្រុងច្រើន ដើម្បីឲ្យកីឡាករជម្រើស ១១នាក់ដំបូងបានសម្រាក និងត្រៀមការប្រកួតវគ្គដ៏សំខាន់។
ដោយឡែកលោក ធីម ណុប គ្រូបង្វឹកខេត្តឧត្ដរមានជ័យ ហាក់មិនទោមនស្សចំពោះលទ្ធផលក្នុងពានសម្ដេចតេជោ ហ៊ុន សែន ថ្នាក់ខេត្ត ឆ្នាំនេះឡើយ ដ្បិតកូនក្រុមមិនសូវបានប្រមូលផ្ដុំ និងត្រៀមខ្លួន ដោយសារបញ្ហាសង្គ្រាម តែយ៉ាងណាលោកពិតជាសរសើរ ចំពោះការខិតខំប្រឹងប្រែងរបស់កីឡាករ ហើយពួកគេនឹងបន្ដការខំប្រឹងធ្វើឲ្យបានល្អ ក្នុងការប្រកួតចុងក្រោយទល់ខេត្តសៀមរាប នាពេលខាងមុខ។
គួរដឹងថា ក្រោយឆ្លងកាត់ ៥ប្រកួតរៀងៗខ្លួន បច្ចុប្បន្នក្រុមបាត់ដំបងយូណាយធីត កំពុងឈរកំពូលតារាងពូលB ដោយរកបាន ១៣ពិន្ទុ ក្រោយឈ្នះ ៤ និងស្មើ ១ មិនទាន់ស្គាល់ចាញ់ គ្រាដែលខេត្តបន្ទាយមានជ័យ ឈរលេខ២ មាន ៩ពិន្ទុ លើខេត្តសៀមរាប ឈរលេខ៣ មាន ៤ពិន្ទុ និងខេត្តរមានជ័យ ឈរលេខ៤ មាន ១ពិន្ទុ។ ការណ៍នេះ សៀមរាប និងឧត្តរមានជ័យ បានអស់ឱកាសជាផ្លូវការ ក្នុងការប្រជែងកៅអីវគ្គ ៨ក្រុមចុងក្រោយ៕ អត្ថបទ លី ឈុនឡា