វាយកូនបាល់៖ កីឡាការិនីវាយកូនបាល់លេខ ១ ពិភពលោក Iga Swiatek បានបន្តស្ថិតិដ៏អស្ចារ្យរបស់ខ្លួនក្នុងឆ្នាំ២០២២ នេះជាមួយនឹងជ័យជំនះ ២៨ប្រកួតជាប់គ្នាដើម្បីគ្រងជើងឯក Rome Masters នៅប្រទេសអ៊ីតាលីថ្ងៃអាទិត្យម្សិលមិញនេះ។

កីឡាការិនីវ័យ ២០ឆ្នាំប៉ូឡូញរូបនេះបានយកឈ្នះកីឡាការិនីទុយនេស៊ី Ons Jabeur នៅវគ្គផ្តាច់ព្រ័ត្រ ៦-២ និង ៦-២ ដែលធ្វើឱ្យនាងអាចការពារតំណែងជើងឯក Rome Masters របស់ខ្លួនបាន។ នៅពេលនេះ Iga Swiatek រកបានជ័យជំនះ ២៨ប្រកួតជាប់គ្នាហើយក្នុងឆ្នាំ២០២២ នេះដែលរួមមាន ៥ព្រឹត្តិការណ៍ជាប់ៗគ្នា។ ដោយឡែកសំរាប់ Ons Jabeur ដែលបានឡើងមកដល់វគ្គផ្តាច់ព្រ័ត្រនេះក៏មិនធម្មតាដែរ បន្ទាប់ពីបានក្លាយជាកីឡាការិនីមកពីទ្វីបអាហ្វ្រិកទី ១ ដែលឈ្នះជើងឯក Madrid Open កាលពីសប្តាហ៍មុន ហើយមុនមកដល់វគ្គផ្តាច់ព្រ័ត្រដែលចាញ់នោះកីឡាការិនីវ័យ ២៧ឆ្នាំរូបនេះក៏រកបានជ័យជំនះ ១១ប្រកួតជាប់ៗគ្នាផងដែរ។
កីឡាការិនីទាំងពីរនៅមានពេល ១សប្តាហ៍គត់ដើម្បីត្រៀមលក្ខណៈសំរាប់ព្រឹត្តិការណ៍ Grand Slam ទីពីរប្រចាំឆ្នាំគឺ French Open រឺក៏ Roland Garros ដែលនឹងចាប់ផ្តើមនៅដើមសប្តាហ៍ក្រោយនេះ៕
អត្ថបទ៖នាង សុភាវុធ