ក្រសួងព័ត៌មាន សហការជាមួយគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងស្ថាប័នពាក់ព័ន្ធមួយចំនួនទៀត ដឹកនាំអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ សរុបចំនួន៣៩ស្ថាប័ន ចុះផលិតព័ត៌មាន នៅអតីតទីតាំង online scams មានឈ្មោះថា មជ្ឈមណ្ឌលពាណិជ្ជកម្មម៉ឺនជ័យ ឬ ៨ park ស្ថិតនៅតំបន់ច្រកទ្វាអន្តរជាតិម៉ឺនជ័យក្នុងស្រុកកំចាយមារ ខេត្តព្រៃវែង។
អតីតទីតាំង online scams ត្រូវបានគណៈបញ្ជាការឯកភាពខេត្តព្រៃវែង បានចុះប្រតិបត្តិការបង្ក្រាបនៅដើមខែកុម្ភៈ និងបានបង្ក្រាបរួចរាល់នៅពាក់កណ្តាលខែកុម្ភៈ។ បន្ទាប់មក នៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦ ចៅក្រមស៊ើបអង្កេតបានចុះអនុវត្តដីការឆែកឆេរ និងបានបិទឃុំទីតាំងទាំងស្រុង។
ទីតាំង8 park ត្រូវសាងសង់នៅឆ្នាំ២០២៣ ហើយនៅ២០២៤ មានវត្តមានជនបរទេសចូលមកបម្រើការងារ ដែលមានប្រមាណ ៧ពាន់នាក់ នៅឆ្នាំ២០២៥ កើនឡើងជិត ២ម៉ឺននាក់ ក្នុងនោះមានជនជាតិចិន ប៉ាគីស្ថាន ឥណ្ឌា និងនេប៉ាល់ជាដើម។
នៅខែតុលា ឆ្នាំ២០២៥ សមត្ថកិច្ចបានធ្វើការស៊ើបអង្កេតលើបុគ្គល ចេន ហ្សី រហូតដកសញ្ជាតិបុគ្គល ចេន ហ្សី បញ្ជូនទៅកាន់ប្រទេសចិនវិញ។ បន្ទាប់មកនៅទីតាំង 8 park មានជនបរទេសចាកចេញជាបន្តបន្ទាប់ តាមរយៈការស្រាវជ្រាវរបស់សមត្ថកិច្ចជំនាញ ត្រូវបានរកឃើញថាទីតាំងនេះជារបស់ក្រុមហ៊ុន ព្រីន គ្រុប។
ចំពោះអ្នកអភិវឌ្ឍទីតាំង8 park មានបុគ្គល៣រូបគប់គិតគ្នា ដែលក្នុងនោះរួមមាន៖ ជនជាតិចិនចំនួនពីររូបជាម្ចាស់កម្មសិទ្ឋិករ កំពុងរត់គេចខ្លួន និងត្រូវបានសមត្ដកិច្ចកម្ពុជា សហការជាមួយសមត្ថកិច្ចអន្តរជាតិ ដើម្បីតាមចាប់ខ្លួនយកមកផ្តន្ទាទោសតាមច្បាប់ និងម្នាក់ទៀតជាជនជាតិខ្មែរ ឈ្មោះ អៀង សុខលីមជាអ្នកឈរឈ្មោះ ដែលបច្ចុប្បន្នត្រូវបានតុលាការសម្រេចឃុំខ្លួននៅពន្ធនាគាររាជធានី ភ្នំពេញ (PJ) ។
គួរបញ្ជាក់ដែរថា គិតចាប់ពីខែកក្កដា ឆ្នាំ២០២៥ ដល់ខែសីហា ឆ្នាំ២០២៦ អាជ្ញាធរមានសមត្ថកិច្ចកម្ពុជា បានបើកប្រតិបត្តិការស៊ើបអង្កេតលើទីតាំងសង្ស័យបានជាង ៨៣០កន្លែង និងបានចុះបង្ក្រាបជាក់ស្តែងចំនួន ៦៦៣ទីតាំង ក្នុងនោះបានគ្រប់គ្រង និងកម្ទេចទីតាំង online scams ទ្រង់ទ្រាយធំបានជាង៨០កន្លែង និងបានបណ្តេញចេញមុខសញ្ញាជនសង្ស័យជាជនបរទេសជាង ២ម៉ឺនាក់៕ អត្ថបទ៖ ទូច សោភ័ណ



















