កាន់តែខិតជិតបញ្ចប់ការប្រកួតវគ្គចែកពូល កាន់តែជក់ចិត្ត និងត្រូវតាមដាន ក្នុងការប្រកួតពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី២០ (ថ្នាក់ខេត្ត) ឆ្នាំ២០២៦/២៧ ពិសេសជំនួបក្នុងពូលD និងពូលE ក្នុងសប្ដាហ៍នេះ សុទ្ធសឹងជាគូសំខាន់ៗ ត្រូវការជ័យជម្នះរៀងៗខ្លួន ដើម្បីប្រជែងកៅអីវគ្គបន្ដ ជាក់ស្ដែងក្រុមមន្ទីរអប់រំ យុវជន និងកីឡាខេត្តស្វាយរៀង ដែលត្រូវធ្វើការធ្ងន់ ដ្បិតត្រូវការជ័យជម្នះដាច់ខាត់លើក្រុមខ្លាំងត្បូងឃ្មុំ ដើម្បីរក្សាឱកាសមាសនេះ។
ក្រុមមន្ទីរអប់រំ យុវជន និងកីឡាខេត្តស្វាយរៀង នឹងត្រូវបើកទ្វារផ្ទះទទួលសមាគមកីឡាបាល់ទាត់ខេត្តត្បូងឃ្មុំ នាថ្ងៃទី២៣ ខែកញ្ញាស្អែក នៅទីលានវិទ្យាល័យស្វាយរៀង បន្ទាប់ពីក្រុមមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ចាម ជួបក្រុមម្ចាស់ផ្ទះមន្ទីរអប់រំ យុវជន និងកីឡាខេត្តព្រៃវែង ក្នុងពូលD ជាមួយគ្នា នៅរសៀលថ្ងៃទី២២ ខែកញ្ញានេះ។
បច្ចុប្បន្នត្បូងឃ្មុំ កំពុងឈរកំពូលតារាងមាន ១០ពិន្ទុ នាំមុខខេត្តកំពង់ចាម ឈរលេខ២ មាន ៧ពិន្ទុ និងខេត្តស្វាយរៀង ឈរលេខ៣ មាន ៦ពិន្ទុ គ្រាដៃព្រៃវែង ដែលហាលអាវមុនគេ មិនទាន់មានពិន្ទុរាប់ឡើយ ស្របពេលក្រុមនីមួយៗ នៅសល់ ២ប្រកួតក្នុងដៃរៀងៗខ្លួន។
ដូច្នេះការប្រកួតសប្ដាហ៍នេះ ខេត្តស្វាយរៀង ពិតជាត្រូវការ ៣ពិន្ទុចាំបាច់ ដើម្បីរក្សាឱកាសប្រជែងកៅអីកំពូលតារាង ឬក្រុមលេខ២ ល្អ ព្រោះបើភ្លាត់ចាញ់ ភាគរយខ្ពស់ក្រុមមានឱកាសឡើងទៅវគ្គបន្ដ នឹងបានទៅខេត្តត្បូងឃ្មុំ និងខេត្តកំពង់ចាម ព្រោះការប្រកួតនៅរសៀលថ្ងៃពុធនេះ គេនៅតែជឿជាក់កំពង់ចាម អាចយកឈ្នះព្រៃវែង ដ្បិតកាលពីជើងទី១ ពួកគេធ្លាប់ឈ្នះ ៧-២ ម្ដងរួចមកហើយ។
ក្រឡេកទៅចាប់អារម្មណ៍ការប្រកួតE កាន់តែទាក់ទាញសម្រាប់អ្នកគាំទ្រ ក្រោយឆ្លងកាត់ ៤ប្រកួតដូចគ្នា ក្រុមនីមួយៗ កំពុងមានពិន្ទុប្រកៀកប្រកិតគ្នា ក្នុងនោះសមាគមបាល់ទាត់ខេត្តព្រះសីហនុ និងខេត្តកោះកុង ឈរលេខ១ និងលេខ២ មាន ៦ពិន្ទុស្មើគ្នា គ្រាដែលមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពត ឈរលេខ៣ មាន ៤ពិន្ទុ និងសមាគមកីឡាបាល់ទាត់ខេត្តកែប ឈរលេខ៤ មាន ៣ពិន្ទុ។
នៅថ្ងៃទី២២ ខែកញ្ញានេះ ខេត្តកំពត នឹងត្រូវបើកទ្វារផ្ទះទទួលខេត្តកោះកុងវិញម្ដង ក្រោយរងបរាជ័យក្រៅដី ១-០ កាលពីជើងទី១ គ្រាដែលនៅថ្ងៃទី២៣ ខែកញ្ញា ខេត្តព្រះសីហនុ ត្រូវជួបក្រុមភ្ញៀវខេត្តកែប បន្ទាប់ពីប្រកួតស្មើគ្នា ៣-៣ កាលពីជើងទី១។ ការប្រកួតនេះ ក្រុមនីមួយៗ សុទ្ធតែត្រូវការជ័យជម្នះ ព្រោះបេក្ខភាពទាំង ៤ សុទ្ធតែនៅសល់ឱកាសប្រជែងកៅអីវគ្គបន្ដ។ ប៉ុន្ដែករណីបើខេត្តកោះកុង និងខេត្តព្រះសីហនុ ទទួលបានជ័យជម្នះ នោះឱកាសឡើងវគ្គបន្ដនឹងបានទៅក្រុមទាំងពីរ ហើយខេត្តកំពត និងខេត្តកែប នឹងត្រូវបាត់បង់ឱកាសដោយស្វ័យប្រវត្តិតែម្ដង៕ អត្ថបទ លី ឈុនឡា



