សមត្ថកិច្ចបានស្រាវជ្រាវស៊ើបអង្កេត ឈានដល់ការឃាត់ខ្លួនស្នងការរងនគរបាលខេត្តបន្ទាយមានជ័យម្នាក់ ពាក់ព័ន្ធករណីផ្តល់ទីតាំងជួយក្រុមឧក្រិដ្ឋជនឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) និងបានរកឃើញជនបរទេសចំនួនជាង ២០០នាក់ នៅក្នុងក្រុងប៉ោយប៉ែត កាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦។
កម្លាំងក្រុមការងារចម្រុះខេត្តបន្ទាយមានជ័យ បានឃាត់ខ្លួនបុរសម្នាក់ ឈ្មោះ អ៊ុំ សុផល ដែលត្រូវគេដឹងថាជាម្ចាស់អគារចំនួន២កន្លែង ស្ថិតនៅភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ក្រោយសង្ស័យថាបានផ្តល់ទីតាំងជួយឧក្រិដ្ឋជនឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ ការឃាត់ខ្លួនបុរសម្ចាស់ទីតាំងនេះ បន្ទាប់ពីសមត្ថកិច្ចជំនាញចុះបង្ក្រាបទីតាំងពីរកន្លែងក្នុងនោះ អគារទី១ កម្ពស់ ៥ជាន់ មាន១៧២បន្ទប់ និងហល១ និងអគារទី២ កម្ពស់ ២ជាន់ មាន៥៩បន្ទប់ និងហល៤ ពាក់ព័ន្ធនឹងករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (online scam)។
ជនសង្ស័យឈ្មោះ អ៊ុំ សុផល ត្រូវបានគេដឹងថាមានតួនាទីជាស្នងការរងទទួលផែននគរបាលការពារព្រំដែនគោកដែលមាន៤វរសេនាតូចចំណុះ។
យោងតាមរបាយការណ៍របស់លេខាធិការដ្ឋាន នៃគណៈកម្មការចំពោះកិច្ចប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) ក្នុងប្រតិបត្តិការបង្ក្រាបនោះ សមត្ថកិច្ចរកឃើញជនជាតិថៃ ១៧៤នាក់ (ស្រី្ត ៦៧នាក់), បង់ក្លាដេស ១០នាក់ (ប្រុស), ឥណ្ឌូនេស៊ី ៨នាក់ (ប្រុស), ហ្វីលីពីន ៣នាក់ (ស្រី្ត), ចិន ២នាក់ (ប្រុស), ឥណ្ឌា ២នាក់ (ស្រី្ត ១នាក់), ម៉ាឡេស៊ី ១នាក់ (ប្រុស) ព្រមទាំងជនជាតិខ្មែរ ចំនួន២៣នាក់ (ស្រី្ត ១៥នាក់)។ បច្ចុប្បន្ននេះ ជនបរទេសទាំងនោះ ត្រូវបានបញ្ជូនទៅមណ្ឌលកងវ៉ាខេត្ត ស្នងការដ្ឋាននគរបាលខេត្ត និងនៅអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត។ ក្នុងនោះដែរសមត្ថកិច្ចបានរឹបអូស និងដកហូតសម្ភារសង្ស័យមួយចំនួនបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្ត ដើម្បីឱ្យជំនាញបន្តនីតិវិធីច្បាប់ ព្រមទាំងបានសម្រេចបិទទីតាំងអគារទាំងពីរជាបណ្តោះអាសន្ន៕ អត្ថបទ៖ វង្ស សុភាព







