សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍បញ្ជាក់ កម្ពុជានឹងមិនអនុញ្ញាតឱ្យបណ្ដាញឧក្រិដ្ឋជន ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាមកបំផ្លាញវឌ្ឍនភាពរបស់ប្រទេស និងជីវភាពរស់នៅរបស់ប្រជាជនកម្ពុជាជាង ១៧លាននាក់នោះឡើយ។
សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានបញ្ជាក់ជំហរបែបនេះ ក្នុងឱកាសថ្លែងសុន្ទរកថាគន្លឹះក្នុងសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ICCOS) ក្រោមប្រធានបទ៖ «រួមគ្នាឆ្ពោះទៅកាត់ផ្តាច់ច្រវាក់ និងបញ្ចប់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា» នៅរាជធានីភ្នំពេញ, នាព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦នេះ។
សម្តេចធិបតីបានថ្លែងថា បុព្វបុរសខ្មែរបានកសាងប្រាសាទអង្គរវត្តដ៏អស្ចារ្យ និងបានបន្សល់ទុកនូវអរិយធម៌ដ៏ល្បីល្បាញសម្រាប់មនុស្សជាតិ ដែលមានភាពអស្ចារ្យ និងកេរដំណែលស្ថិតស្ថេរ។ ក្នុងនាមជាអ្នកបន្តជំនាន់ យើងមានទំនួលខុសត្រូវដ៏ឧត្តុង្គឧត្តមក្នុងការការពារកិត្តិយសរបស់កម្ពុជា និងធានាថាប្រទេសកម្ពុជា បន្តត្រូវបានគេស្គាល់ថា ជាប្រទេសដែលមានបេតិកភណ្ឌ ភាពធន់ សន្តិភាព និងវឌ្ឍនភាព។ សម្តេចធិបតី បានរំឭកថា គោលនយោបាយឈ្នះ-ឈ្នះរបស់សម្ដេចតេជោ ហ៊ុន សែន ក្នុងឆ្នាំ១៩៩៨ បានបញ្ចប់ជម្លោះផ្ទៃក្នុង និងភាពចលាចលក្នុងសង្គមអស់រយៈពេលកន្លះសហវត្សរ៍។ ក្នុងរយៈពេល ២៧ឆ្នាំកន្លងមកនេះកម្ពុជាបានកសាងសង្គមមួយដែលរីកចម្រើនលើមូលដ្ឋាននៃសន្តិភាព និងស្ថិរភាព។ កម្ពុជាបានសម្រេចវឌ្ឍនភាពគួរឱ្យកត់សម្គាល់ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម និងការកសាងស្ថាប័ន ដោយបានកែលម្អជីវភាពរស់នៅរបស់ប្រជាជនយើងជាបន្តបន្ទាប់។
សម្ដេចធិបតី បានបញ្ជាក់ជំហរច្បាស់លាស់នៅក្នុងសន្និសីទអន្តរជាតិស្តីពី ការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ICCOS)ថា កម្ពុជានឹងមិនក្លាយជាជម្រកសុវត្ថិភាពសម្រាប់អំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឡើយ។ សម្ដេចចាត់ទុក ឧក្រិដ្ឋកម្មឆ្លងដែននេះគឺជាបាតុភូតថ្មីមួយក្រោយជំងឺកូវីដ-១៩ ដែលមានលក្ខណៈខុសប្លែកទាំងស្រុងពីវប្បធម៌ គុណតម្លៃ និងអត្តសញ្ញាណជាតិរបស់កម្ពុជា។
សម្ដេចធិបតី បានបញ្ជាក់ថា កម្ពុជានឹងមិនអនុញ្ញាតឱ្យបណ្ដាញឧក្រិដ្ឋជន ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាមកបំផ្លាញវឌ្ឍនភាពរបស់ប្រទេស និងជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា ជាង ១៧លាននាក់នោះឡើយ។










