ភ្នំពេញ៖ លោក Lord Hanson រដ្ឋមន្ត្រីនៃក្រសួងមហាផ្ទៃរបស់ព្រីតថេន បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងយ៉ាងសកម្មរបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដោយបង្ហាញពីការប្តេជ្ញាចិត្តសហប្រតិបត្តិការទ្វេភាគីជាមួយកម្ពុជា ដើម្បីបំបែកបណ្តាញឧក្រិដ្ឋកម្មតាមអ៊ីនធឺណិតឆ្លងដែន បង្កកទ្រព្យសម្បត្តិដែលទទួលបានដោយខុសច្បាប់ និងពង្រឹងការការពារជនរងគ្រោះ។
លោកលើកឡើងដូចនេះ ក្នុងអំឡុងពេលចូលរួមក្នុងសន្និសីទអន្តរជាតិ ស្តីពី ការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ICCOS) នៅថ្ងៃព្រឹកទី២៣ ខែកញ្ញា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ។ លោកបានសង្កត់ធ្ងន់ថា កិច្ចសហប្រតិបត្តិការអន្តរជាតិនៅកម្រិតរដ្ឋាភិបាលគឺមានសារៈសំខាន់ណាស់ក្នុងការប្រយុទ្ធប្រឆាំងនឹងបណ្តាញឧក្រិដ្ឋកម្មសកល ដែលកេងប្រវ័ញ្ចលើបុគ្គលនានា និងគំរាមកំហែងដល់សន្តិសុខជាតិ។
ក្នុងដំណើរទស្សនកិច្ចលើកដំបូងរបស់លោកមកកាន់កម្ពុជា Lord Hanson បានចូលរួមជាមួយដៃគូអន្តរជាតិនានា ក្នុងសន្និសីទអន្តរជាតិស្ដីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យារបស់កម្ពុជា និងចុះហត្ថលេខាលើអនុស្សរណៈយោគយល់ថ្មីរវាងព្រីតថេន និងកម្ពុជា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការប្រឈមមុខនឹងការគំរាមកំហែងសកលដែលកំពុងកើនឡើងនេះ។
លោកក៏នឹងជួបពិភាក្សាជាមួយទីភ្នាក់ងារអង្គការសហប្រជាជាតិ និងអ្នកសារព័ត៌មាន ដើម្បីស្វែងយល់បន្ថែមអំពីការវិវត្តនៃបញ្ហានេះនៅកម្ពុជា ហើយការកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាពិតជាមានសារៈសំខាន់។ តាមរយៈការប្រមូលផ្ដុំដៃគូអន្តរជាតិ និងការពង្រឹងកិច្ចសហប្រតិបត្តិការ កម្ពុជាកំពុងរួមចំណែកដោះស្រាយបញ្ហាឧក្រិដ្ឋកម្មដែលកំពុងរីកលូតលាស់លឿនបំផុតមួយនៅលើពិភពលោក។ ការរួមគ្នាព្រីតថេន និងកម្ពុជា អាចរំខានដំណើរការ និងបង្ក្រាបបណ្ដាញឧក្រិដ្ឋជន ការពារប្រជាពលរដ្ឋដែលងាយរងគ្រោះ និងពង្រឹងកិច្ចខិតខំប្រឹងប្រែងអន្តរជាតិ ក្នុងការប្រយុទ្ធប្រឆាំងនឹងការឆបោកតាមប្រព័ន្ធអនឡាញ៕ អត្ថបទ៖ ធូ វិរៈ







