គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ នៅព្រឹកថ្ងៃទី២៤ខែកញ្ញា ឆ្នាំ២០២៦នេះ បានរៀបចំពិធីគោរពរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា រម្លឹកខួបលើកទី៣៣ «ទិវាប្រកាសរដ្ឋធម្មនុញ្ញា» ដោយមានគណៈប្រតិភូថ្នាក់ដឹកនាំ និងមន្ត្រីរាជការ គ្រប់ក្រសួង រដ្ឋលេខាធិការដ្ឋាន និងស្ថាប័ននានា បានអញ្ជើញចូលរួមដាក់ក្រពុំបិណ្ឌផ្កាឈូកនៅវិមានរដ្ឋធម្មនុញ្ញ ស្ថិតនៅរាជធានីភ្នំពេញ។
នៅក្នុងពិធីគណៈប្រតិភូមកពីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងក្រសួងកិច្ចការនារី បានប្រាប់BTVឲ្យដឹងថា ក្នុងនាមមន្រ្តីរាជការ និងប្រជាពលរដ្ឋរស់នៅក្នុងប្រទេសកម្ពុជា ពិតជាមានអាម្មណ៍រីករាយដែលបានចូលរួមក្នុងពិធីរម្លឹកខួបលើកទី៣៣ ថ្ងៃប្រកាសរដ្ឋធម្មនុញ្ញា ដែលជាច្បាប់កំពូលនៃព្រះរាជាណាចក្រកម្ពុជា។ គណៈប្រតិភូទាំងនោះបន្តថា តាមការយល់ឃើញក្នុងរយៈពេលជាង៣០ឆ្នាំមកនេះ ប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈបានចូលរួមគោរពរដ្ឋធម្មនុញ្ញ ដែលបានធានាសន្តិភាព សន្តិសុខ សណ្តាប់ធ្នាប់នៅក្នុងប្រទេស និងសិទ្ធិសេរីភាពរស់នៅជាដើម។
គួររម្លឹកដែរថា ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ១៩៩៣ ជាទិវាប្រវត្តិសាស្ត្រ ដែលរដ្ឋធម្មនុញ្ញជាច្បាប់កំពូល នៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានព្រះករុណា ព្រះបាទ សម្តេចព្រះនរោត្តម សីហនុ អតីតព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ បានឡាយព្រះហត្ថលេខាលើព្រះរាជក្រមប្រកាសឱ្យប្រើរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាជាផ្លូវការ។ ហើយគិតត្រឹមថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦នេះ គឺជាខួបលើកទី៣៣ នៃទិវាប្រកាសរដ្ឋធម្មនុញ្ញ។
ការអនុវត្តរដ្ឋធម្មនុញ្ញក្នុងរយៈពេលជាង៣០ឆ្នាំកន្លងមក ក្រោមម្លប់នៃសុខសន្តិភាព និងឯកភាពជាតិ អាស្រ័យដោយមាននយោបាយឈ្នះ ឈ្នះ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បច្ចុប្បន្នជាប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានធ្វើឱ្យសម្រេចសមិទ្ធផលធម្មនុញ្ញដ៏ធំធេងលើគ្រប់វិស័យ ប្រកបដោយភាពជោគជ័យត្រចះ ត្រចង់ ដែលធ្វើឱ្យប្រជារាស្ត្រកំពុងរស់នៅក្នុងសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ រីកចម្រើនឥតឈប់ឈរ ក្រោមមាគ៌ាដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជា និងក្រោមម្លប់ដ៏ត្រជាក់នៃអង្គព្រះមហាក្សត្រ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត៕ អត្ថបទ៖ទូច សោភ័ណ








