កីឡាការិនីហែលទឹកវ័យក្មេងរបស់ចិន Yu Zidi បានបញ្ចប់ការបង្ហាញខ្លួនក្នុងព្រឹត្តិការណ៍ Asian Games លើកដំបូងរបស់ខ្លួនយ៉ាងអស្ចារ្យ ដោយឈ្នះមេដាយមាស ៣ ក្នុង ៣ វិញ្ញាសាដែលខ្លួនចូលរួម។
បន្ទាប់ពីឈ្នះមេដាយមាសលើវិញ្ញាសា ហែលមេអំបៅ ២០០ម៉ែត្រ និង ហែល ២០០ម៉ែត្រចម្រុះ កីឡាការិនីវ័យត្រឹម ១៣ ឆ្នាំ រូបនេះបានបន្តបង្ហាញសមត្ថភាពដ៏គួរឱ្យចាប់អារម្មណ៍ ដោយឈ្នះមេដាយមាសលើវិញ្ញាសាហែលចម្រុះ ៤០០ម៉ែត្រ។

Yu Zidi បាននាំមុខតាំងពីដើមរហូតដល់ចប់ ដោយប្រើពេល ៤នាទី ២៨.៥៦វិនាទី ដែលជាកំណត់ត្រាថ្មីរបស់ Asian Games និងនាំមុខមិត្តរួមជាតិ Ke Wenxi ដល់ទៅ ៣.៩៥ វិនាទី។
ងាកមកវិញ្ញាសាកាយសម្ព័ន្ធ ថ្ងៃដ៏លេចធ្លោរបស់ចិនក៏បានបន្ថែមដោយជ័យជម្នះលើជប៉ុនក្នុងវិញ្ញាសា កីឡាកាយសម្ព័ន្ធជាក្រុមបុរស។ Zhang Boheng បានបង្ហាញការប្រកួតយ៉ាងរឹងមាំលើឧបករណ៍ High Bar ដើម្បីជួយចិនឈ្នះមេដាយមាស។
នេះជាលើកទី២ ដែល Zhang បានយកឈ្នះកីឡាករជប៉ុនក្នុងព្រឹត្តិការណ៍ Asian Games នៅជប៉ុននេះ។ មុននេះ គេក៏បានយកឈ្នះ Shinnosuke Oka ដើម្បីឈ្នះមេដាយមាសវិញ្ញាសា All-Around បន្ទាប់ពីកាលពី Olympic Games នៅទីក្រុងប៉ារីស កាលពី ២ ឆ្នាំមុន Zhang បានត្រឹមជាប់លេខ២ ក្រោម Oka។
នៅលើទីលានអត្តពលកម្ម ចិនក៏បានចាប់ផ្តើមយុទ្ធនាការរបស់ខ្លួនយ៉ាងល្អ ដោយឈ្នះមេដាយមាសទាំងបុរស និងនារី ក្នុងវិញ្ញាសា ដើរពាក់កណ្តាលម៉ារ៉ាតុង។
កីឡាករ Shi Shengji បានបង្កើនល្បឿនដាច់ចេញពីគូប្រជែង បន្ទាប់ពីចម្ងាយ ១០គីឡូម៉ែត្រ ហើយរក្សាការនាំមុខរហូតដល់ចប់ ដោយយកឈ្នះម្ចាស់កំណត់ត្រាពិភពលោករបស់ជប៉ុន Yamanishi Toshikazu។
ចំណែកផ្នែកនារី Yang Liujing បានឈ្នះមេដាយមាស បន្ទាប់ពីមិត្តរួមជាតិ Jiang Yunyan ដែលធ្លាប់ប្រកួតប្រជែងយ៉ាងប្រកៀកប្រកិត ត្រូវបានពិន័យ និងធ្លាក់ទៅឈរលេខ៣។
ក្នុងវិញ្ញាសា លើកទម្ងន់ កីឡាការិនីកូរ៉េខាងជើង Ri Song Gum បានបំបែកកំណត់ត្រាពិភពលោកចំនួន ៣ ក្នុងដំណើរឆ្ពោះទៅរកមេដាយមាស Asian Games លើកទី៣ របស់ខ្លួន។
កីឡាការិនីវ័យ ២៨ ឆ្នាំរូបនេះ លើកបាន ៩៤គីឡូក្រាម ក្នុងវិញ្ញាសា Snatch និង ១២១គីឡូក្រាម ក្នុង Clean and Jerk សរុប ២១៥គីឡូក្រាម ដែលធ្វើឱ្យនាងបង្កើតកំណត់ត្រាថ្មីទាំង ៣ ក្នុងប្រភេទទម្ងន់ ៤៩គីឡូក្រាមនារី។
នៅវិញ្ញាសាប្រណាំងកង់លើផ្លូវ កីឡាករសញ្ជាតិកាហ្សាក់ស្ថាន Alexey Lutsenko បានឈ្នះមេដាយមាសទី២របស់ខ្លួននៅ Nagoya បន្ទាប់ពីឈ្នះវិញ្ញាសា Road Race បុរស។
Lutsenko ដែលគ្រោងនឹងចូលនិវត្តន៍ពីកីឡាប្រណាំងកង់នៅចុងឆ្នាំនេះ ក៏បានឈ្នះមេដាយមាសក្នុងវិញ្ញាសា Individual Time Trial បុរស មុននេះផងដែរ។ ដូច្នេះ គេបានបញ្ចប់ការចូលរួម Asian Games ដោយប្រមូលបានមេដាយសរុប ៧គ្រឿង៕ អត្ថបទ៖នាង សុភាវុធ

