ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រកាសថា មិនត្រឹមតែTYDAទេ សម្តេចគ្រោងនឹងជួបសំណេះសំណាលជាមួយក្រុមគ្រូពេទ្យផ្សេងៗទៀត តាមពេលវេលាជាបន្តបន្ទាប់នាពេលក្រោយ ដើម្បីលើកទឹកចិត្ត និងអរគុណពួកគេ ដែលបានលះបង់កម្លាំងកាយ កម្លាំងចិត្ត និងកិច្ចខិតខំប្រឹងប្រែងគ្រប់បែបយ៉ាងដើម្បីប្រយុទ្ធនឹងសត្រូវឥតប្រមោល គឺកូវីដ-១៩។
ថ្លែងក្នុងពិធីជួបសំណេះសំណាលជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ(TYDA) នៅព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា វាមិនមែនជារឿងចៃដន្យទេ ដែលសម្តេចគិតគូរសេនារីយ៉ូច្រើនក្នុងពេលតែមួយ ហើយក៏មិនមែនជារឿងចៃដន្យដែរ ដែលសម្តេចបង្កើតក្រុមគ្រូពេទ្យសម្តេចតេជោប្រឆាំងកូវីដ-១៩ ដែលភាគច្រើនជាក្រុមគ្រូពេទ្យរបស់TYDA បានចូលសកម្មភាពដ៏លំបាក និងគ្រោះថ្នាក់នាពេលកន្លងមក រហូតដល់ទទួលបានជោគជ័យគាប់ប្រសើរនៅថ្ងៃនេះ។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ក្នុងគ្រាដ៏លំបាកនោះ សម្តេច ក្នុងនាមជាអ្នកទទួលខុសត្រូវចំពោះជាតិ និងប្រជាជនកម្ពុជា រួមទាំងក្រុមគ្រូពេទ្យTYDA និងគ្រូពេទ្យទូទាំងប្រទេស បានរួមគ្នាជំនះរាល់ការលំបាក បែកគ្រួសារ ប្តី ប្រពន្ធ កូន និងឪពុកម្តាយ ដើម្បីបុព្វហេតុជាតិ និងប្រជាជនកម្ពុជា។
សម្តេចតេជោ ហ៊ុន សែន បានប្រកាសថ្លែងអំណរគុណដល់ក្រុមគ្រូពេទ្យទាំងអស់ ដែលបានស្ម័គ្រចិត្តជួយដល់អាយុជីវិតប្រជាជនកម្ពុជា ក្នុងគ្រាដ៏លំបាកដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩៕



