ភ្នំពេញ៖ មានមន្រ្តីនគរបាលជាតិចំនួន ៧៧នាក់ ត្រូវបានក្រសួងមហាផ្ទៃសម្រេចដាក់ទណ្ឌកម្មវិន័យតាមកម្រិតនៃទោសដែលបានប្រព្រឹត្តពាក់ព័ន្ធករណីឆបោកតានប្រព័ន្ធបច្ចេកវិទ្យា (Online Scams) និងជនជាតិខ្មែរ និងបរទេសជិត ៥ពាន់នាក់ ត្រូវជាប់ឃុំ។
លោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃបានបញ្ជាក់ថា គិតមកត្រឹមខែកញ្ញា ឆ្នាំ២០២៦ នៅកម្ពុជាមានជនជាតិខ្មែរ និងបរទេស ជាប់ពាក់ព័ន្ធសំណុំរឿងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ៤.៨៣៤នាក់ ត្រូវបានឃាត់ និងឃុំខ្លួនជាបន្តបន្ទាប់ក្នុងមណ្ឌលអប់រំកែប្រែ និងពន្ធនាគារ២៣កន្លែងទូទាំងប្រទេស។ មិនមែនតែជនស៊ីវិលនោះទេ ក៏មានមន្រ្តីនគរបាលជាតិ៧៧នាក់ដែរ ដែលត្រូវបានក្រសួងមហាផ្ទៃសម្រេចដាក់ទណ្ឌកម្មវិន័យតាមកម្រិតនៃទោសដែលបានប្រព្រឹត្ត។
បើតាមអ្នកនាំពាក្យរង ក្នុងចំណោមជនជាប់ឃុំសរុបជិត ៥ពាន់នាក់នោះ រួមមានជនជាតិខ្មែរចំនួន ៤៩១នាក់ និងជនបរទេសចំនួន ៤.៣៤៣នាក់ មកពី ២៧ សញ្ជាតិផ្សេងៗគ្នា។ ជនជាប់ឃុំទាំងនោះ ត្រូវបានបែងចែកជា ៤ប្រភេទច្បាស់លាស់ ទី១-គឺជនត្រូវចោទមានចំនួន ៤.១៦៨នាក់ ដែលជាជនរងការចោទប្រកាន់ជាស្ថាពរពីតំណាងអយ្យការនៅតាមសាលាដំបូងរាជធានី-ខេត្ត ទី២-គឺជនជាប់ចោទ មានចំនួន ៤៤១នាក់ សំដៅលើជនដែលកំពុងស្ថិតក្រោមការគ្រប់គ្រង និងដំណើរការស៊ើបសួរ។ ទី៣-គឺពិរុទ្ធជន មានចំនួន ១៩៤នាក់ ត្រូវបានចៅក្រមជំនុំជម្រះបើកសវនាការសម្រេចផ្ដន្ទាទោសរួចរាល់ ប៉ុន្តែសាលក្រមមិនទាន់ចូលជាស្ថាពរ ដោយសារសាមីខ្លួននៅមានសិទ្ធិប្ដឹងតវ៉ាតាមផ្លូវច្បាប់ និងប្រភេទទី៤-គឺទណ្ឌិតមានចំនួន ៣១នាក់ ដែលជាជនរងសាលក្រមចូលជាស្ថាពរ និងកំពុងអនុវត្តទោសជាប់ពន្ធនាគារ ឬពិន័យជាប្រាក់តាមការកំណត់របស់តុលាការ។
ដោយឡែកពាក់ព័ន្ធនឹងទីតាំងឃុំឃាំង អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានគូសបញ្ជាក់ថា ក្នុងចំណោមពន្ធនាគារ និងមណ្ឌលអប់រំកែប្រែទាំង ២៣ នៅទូទាំងប្រទេស ពន្ធនាគារចំនួន ៥ ដែលមានចំនួនជនជាប់ឃុំពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាច្រើនជាងគេ រួមមាន ពន្ធនាគារខេត្តស្វាយរៀង នៅលំដាប់ថ្នាក់លេខ១ បន្ទាប់មកគឺ ពន្ធនាគារខេត្តព្រះសីហនុ ពន្ធនាគារខេត្តបន្ទាយមានជ័យ មណ្ឌលអប់រំកែប្រែទី១ (ម១) និងពន្ធនាគារខេត្តកោះកុង។
បន្តមកលម្អិតពីករណីមន្រ្តីនគរបាលជាតិរងទណ្ឌកម្មវិន័យ ពាក់ព័ន្ធនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា លោក ទូច សុឃៈ បានលើកឡើងអំពីចំណាត់ការវិន័យផ្ទៃក្នុងយ៉ាងម៉ឺងម៉ាត់ ក្នុងនោះចំពោះករណីពាក់ព័ន្ធស្រាល ឬសើរៗ ក្រសួងបានអនុវត្តទណ្ឌកម្មវិន័យស្របតាម «ប្រកាសស្តីពីបទវិន័យនគរបាលជាតិកម្ពុជា ឆ្នាំ២០២៤» ដូចជា ការព្រមានលើកទី១ ការបន្ថយឋានន្តរស័ក្តិ ការផ្អាកការងារ និងបៀវត្សរ៍បណ្តោះអាសន្ន រហូតដល់ការដកហូត ឬបញ្ចប់មុខតំណែង និងបណ្ដេញចេញពីក្របខណ្ឌ។
ដោយឡែក ចំពោះមន្ត្រីណាដែលមានការពាក់ព័ន្ធធ្ងន់ធ្ងរឈានដល់បទល្មើសព្រហ្មទណ្ឌ លោក ទូច សុឃៈ បានបន្ថែមថា សមត្ថកិច្ចក៏បានកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ជាធរមាន ដោយគ្មានការលើកលែងឡើយ៕ អត្ថបទ៖ វង្ស សុភាព
