នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦ លោក ម៉ែន អេង អភិបាលរងខេត្ត ដោយទទួលបានការចង្អុលបង្ហាញពីឯកឧត្ដម ប៉េង ពោធិ៍សា អភិបាលខេត្ត និងក្រោមការសម្របសម្រួលនីតិវិធីពីលោក ចាន់ វណ្ណៈ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្ត បានចុះអនុវត្តវិធានការរដ្ឋបាលចំហ និងបន្តស្រាវជ្រាវបង្ក្រាបទីតាំងសង្ស័យមានបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ស្ថិតនៅចំណុចទីតាំងផ្ទះល្វែង និងបុរីសម្រាប់ជួល (សរុបមានចំនួន ៣២ផ្ទះល្វែង) ក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ទីតាំងខាងលើនេះ មានតំណាងម្ចាស់ឈ្មោះ SHEN CHAOLIN ភេទប្រុស ជនជាតិចិន។

ប្រតិបត្តិការនេះ ក៏មានការចូលរួមសហការពីលោក ម៉ែន ចាន់រ៉ា អភិបាលក្រុងបាវិត ព្រមទាំងកម្លាំងសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង កម្លាំងអធិការដ្ឋាននគរបាលក្រុងបាវិត និងកម្លាំងជំនាញបង្ការបង្ក្រាបបទល្មើសពាក់ព័ន្ធជាច្រើនរូប។
លទ្ធផលនៃការចុះអនុវត្តការងាររដ្ឋបាលចំហចំនួន ០៤ទីតាំង រួមមាន៖
ក្រុមការងារបានពិនិត្យឃើញជនបរទេសស្នាក់នៅសរុបចំនួន ៣៥នាក់ (ស្រី ០៤នាក់) មាន ០៣សញ្ជាតិ (វៀតណាម ៩នាក់ ស្រី ១នាក់ មានលិខិតឆ្លងដែន ៥ក្បាល, ចិន ៣៣នាក់ ស្រី ១នាក់ មានលិខិតឆ្លងដែន ៥ក្បាល និងមីយ៉ាន់ម៉ា ស្រី ១នាក់ មានលិខិតឆ្លងដែនត្រឹមត្រូវ)។ ក្នុងនោះ៖
-ទីតាំងទី១ (ផ្ទះល្វែងលេខ ១-០៣)៖ មានជនបរទេស ០៤នាក់ (ស្រី ១នាក់) រួមមាន ជនជាតិចិន ០៣នាក់ (ប្រុស) និងវៀតណាម ០១នាក់ (ស្រី) មានលិខិតឆ្លងដែនត្រឹមត្រូវ និងពុំមានជាប់ពាក់ព័ន្ធនឹងបទល្មើស Online Scams ឡើយ។
-ទីតាំងទី២ (ផ្ទះល្វែងលេខ ៣-០២)៖ មានជនជាតិចិនចំនួន ១០នាក់ (ប្រុស) មានលិខិតឆ្លងដែនត្រឹមត្រូវ និងពុំពាក់ព័ន្ធនឹងបទល្មើស Online Scams។
-ទីតាំងទី៣ (ផ្ទះល្វែងលេខ ៣-០៨)៖ មានជនបរទេស ០៤នាក់ (ស្រី ១នាក់) រួមមាន ចិន ០៣នាក់ (ប្រុស) និងមីយ៉ាន់ម៉ា ០១នាក់ (ស្រី) មានលិខិតឆ្លងដែនត្រឹមត្រូវ និងពុំពាក់ព័ន្ធនឹងបទល្មើស Online Scams។
-ទីតាំងទី៤ (ផ្ទះល្វែងលេខ ២-០៧)៖ មានជនបរទេស ០៧នាក់ (ស្រី ១នាក់) រួមមាន វៀតណាម ០១នាក់ (ប្រុស) និងចិន ០៦នាក់ (ស្រី ១នាក់) មានលិខិតឆ្លងដែនត្រឹមត្រូវ និងពុំពាក់ព័ន្ធនឹងបទល្មើស Online Scams ឡើយ។

លទ្ធផលនៃការឆែកឆេរ និងត្រួតពិនិត្យជាក់ស្តែងទីតាំងសង្ស័យជាប់ពាក់ព័ន្ធនឹង ONLINE SCAMS ចំនួន ០៥ទីតាំង៖
កម្លាំងសមត្ថកិច្ចបានរកឃើញជនបរទេសចំនួន ២០នាក់ (ស្រី ០១នាក់) មាន ០២សញ្ជាតិ ព្រមទាំងដកហូតសម្ភារ និងឧបករណ៍អេឡិចត្រូនិចជាច្រើន រួមមាន៖
១. ផ្ទះល្វែងលេខ ៥-០២៖ រកឃើញជនជាតិវៀតណាមចំនួន ០៩នាក់ (ស្រី ០១នាក់ មានលិខិតឆ្លងដែន ០៥ក្បាល), កុំព្យូទ័រ All-in-One ចំនួន ១៣គ្រឿង, ទូរស័ព្ទចម្រុះ ០៥គ្រឿង, ទូរស័ព្ទផ្ទាល់ខ្លួន ០៧គ្រឿង, ដុំ Wi-Fi ០១គ្រឿង និងរថយន្ត ០១គ្រឿង ម៉ាក Lexus CT200 ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 2BR-3799។
២. ផ្ទះល្វែងលេខ ៥-០៣៖ រកឃើញជនជាតិចិនចំនួន ០៤នាក់ (ប្រុស គ្មានលិខិតឆ្លងដែន), កុំព្យូទ័រយួរដៃ (Laptop) ចំនួន ០៩គ្រឿង, ទូរស័ព្ទដៃចម្រុះ ២៧គ្រឿង, ទូរស័ព្ទផ្ទាល់ខ្លួន ០៦គ្រឿង និងដុំ Wi-Fi ០១គ្រឿង។
៣. ផ្ទះល្វែងលេខ ៥-០៨៖ រកឃើញជនជាតិចិនចំនួន ០៤នាក់ (ប្រុស មានលិខិតឆ្លងដែន ០៤ក្បាល), កុំព្យូទ័រយួរដៃ ១២គ្រឿង, ទូរស័ព្ទដៃចម្រុះ ៥៣គ្រឿង, ទូរស័ព្ទផ្ទាល់ខ្លួន ០៤គ្រឿង និងដុំ Wi-Fi ០១គ្រឿង។
៤. ផ្ទះល្វែងលេខ ១-០៦៖ គ្មានមនុស្សស្នាក់នៅទេ ប៉ុន្តែបានរកឃើញម៉ូនីទ័រចំនួន ០២គ្រឿង, សំបកធុង CPU ចំនួន ០២គ្រឿង, កុំព្យូទ័រយួរដៃ ១៤គ្រឿង និងទូរស័ព្ទដៃចម្រុះចំនួន ៦៦គ្រឿង។
៥. ផ្ទះល្វែងលេខ ៣-០១៖ រកឃើញជនជាតិចិនចំនួន ០៣នាក់ (ប្រុស មានលិខិតឆ្លងដែន ០២ក្បាល), កុំព្យូទ័រយួរដៃ ០៣គ្រឿង, ទូរស័ព្ទដៃចម្រុះ ០៤គ្រឿង, ទូរស័ព្ទផ្ទាល់ខ្លួន ០៥គ្រឿង និងដុំ Wi-Fi ចំនួន ០៦គ្រឿង។
ក្រោយការត្រួតពិនិត្យលើសម្ភារ និងឧបករណ៍អេឡិចត្រូនិចទាំងអស់ខាងលើ សមត្ថកិច្ចជំនាញបានរកឃើញតម្រុយ និងភស្តុតាងមួយចំនួនដែលជាប់ពាក់ព័ន្ធនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។
បច្ចុប្បន្ន ក្រុមការងារបានសម្រេចប្រគល់មនុស្ស និងវត្ថុតាងពាក់ព័ន្ធទាំងអស់ ជូនទៅការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ដើម្បីបន្តនីតិវិធីច្បាប់ ព្រមទាំងបានសម្រេចបិទទីតាំងផ្ទះល្វែងសង្ស័យទាំងនោះជាបណ្តោះអាសន្នផងដែរ៕









