ភ្នំពេញ៖ នារសៀលថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៦នេះ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ បានអញ្ជើញចុះជួបសួរសុខទុក្ខ ពិនិត្យស្ថានភាពផ្ទាល់ និងនាំយកជំនួយស្បៀងបឋម ទៅឧបត្ថម្ភជូនប្រជាពលរដ្ឋដែលកំពុងរងគ្រោះដោយសារទឹកជំនន់ នៅតាមទីទួលសុវត្ថិភាពទាំង៤ ក្នុងក្រុងប៉ោយប៉ែត។
ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមការងារចុះមូលដ្ឋានក្រុងប៉ោយប៉ែត និងអាជ្ញាធរខេត្តគ្រប់លំដាប់ថ្នាក់ ដែលបានខិតខំប្រឹងប្រែងអន្តរាគមន៍ជួយសង្គ្រោះ និងការពារសុវត្ថិភាពជូនប្រជាពលរដ្ឋបានទាន់ពេលវេលា។
ឯកឧត្តមក៏បានគូសបញ្ជាក់ផងដែរថា សុខទុក្ខ និងសុវត្ថិភាពរបស់ប្រជាពលរដ្ឋ គឺជាអាទិភាពចម្បងបំផុតរបស់ក្រុមការងាររាជរដ្ឋាភិបាល និងរដ្ឋបាលខេត្ត។ ទន្ទឹមនឹងនេះ ឯកឧត្តម បានផ្តាំផ្ញើឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់យកចិត្តទុកដាក់ថែរក្សាសុខភាពឱ្យបានល្អ ហើយយើងនឹងរួមសាមគ្គីគ្នាជម្នះដំណាក់កាលដ៏លំបាកនេះឱ្យបាន៕







