បាល់ទាត់៖ ក្រុមកំពូលតារាងនៅ Premier League, Manchester City កំពុងសម្លឹងឃើញខ្សែប្រយុទ្ធ Southampton, Danny Ings ដើម្បីជំនួសតំណែងខ្សែប្រយុទ្ធ Sergio Aguero ដែលគ្រោងចាកចេញ។ សារព័ត៌មាន Sky Sports អង់គ្លេសបានចុះផ្សាយថា Danny Ings បានក្លាយជាបេក្ខភាពនាំមុខគេ ក្នុងការជំនួសតំណែងកីឡាករអាហ្សង់ទីន Sergio Aguero ដែលកំពុងមិនសប្បាយចិត្តនៅ Manchester City។

អនាគតរបស់ Aguero កំពុងស្ថិតក្នុងមន្ទិល ខណៈកិច្ចសន្យារបស់គេនឹងអស់សុពលភាព នៅរដូវកាលក្តៅខាងមុខនេះ។ ជាការពិតក្លិបនៅទីក្រុង Manchester City មួយនេះក៏បានដាក់គោលដៅក្នុងការនាំយកខ្សែប្រយុទ្ធ Dortmund, Erling Haaland តែស្របពេលខ្សែប្រយុទ្ធន័រវេសមួយនេះ មានក្លិបធំៗនៅអឺរ៉ុបជាច្រើនតាមប្រម៉ាញ់ដូចជា Real Madrid, Manchester United និង Chelsea ជាដើម ហើយក៏មានតម្លៃថ្លៃលើសលុបទៅទៀតមិនក្រោម ១០០លានផោន។ Danny Ings ខ្សែប្រយុទ្ធរបស់ Southampton បច្ចុប្បន្នវ័យ ២៨ឆ្នាំបានផ្ទេរពី Liverpool នៅឆ្នាំ២០១៩ បង្ហាញខ្លួនសរុប ៦០ប្រកួតរកបាន ៣០គ្រាប់៕
អត្ថបទ៖នាង សុភាវុធ