ភ្នំពេញ៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងប្រាប់សម័យប្រជុំលើកទី៨១ នៃមហាសន្និបាតអង្គការសហប្រជាជាតិអំពីកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាដែលជាអាទិភាពដ៏សំខាន់បំផុត។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានថ្លែងបញ្ជាក់បែបនេះ ក្នុងឱកាសថ្លែងការណ៍ក្នុងសម័យប្រជុំលើកទី៨១ នៃមហាសន្និបាតអង្គការសហប្រជាជាតិ ក្រោមមូលបទ «ស្តារទំនុកចិត្តឡើងវិញ គ្រប់គ្រងបរិវិត្តកម្ម៖ អង្គការសហប្រជាជាតិដែល សម្រេចលទ្ធផលសម្រាប់ទាំងអស់គ្នា» ទីក្រុងញូវយ៉ក នាថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៦នេះ។
ក្នុងឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានលើកឡើងថា សំណួរមិនមែនស្ថិតត្រង់ថាតើពិភពលោករបស់យើងកំពុងផ្លាស់ប្តូរឬអត់នោះទេ ប៉ុន្តែគឺថាតើយើងអាចរួម គ្នាធ្វើឱ្យការផ្លាស់ប្តូរនោះប្រែក្លាយទៅជាកាលានុវត្តភាព ជាជាងការបែកបាក់គ្នា និងអសន្តិសុខដែរឬទេ។
ឯកឧត្តមបន្តថា បច្ចេកវិទ្យាបានផ្តល់មកទាំងសក្តានុពលវិជ្ជមាន និងហានិភ័យ។ បញ្ញាសិប្បនិម្មិត និងនវានុវត្តន៍ឌីជីថល អាចជួយពន្លឿនការអភិវឌ្ឍ និងពង្រីកកាលានុវត្តភាព ប៉ុន្តែការប្រើប្រាស់ខុសគោលដៅក៏អាចបង្កើន វិសមភាព អសន្តិសុខ និងឧក្រិដ្ឋកម្មឆ្លងដែនកាន់តែធ្ងន់ធ្ងរផងដែរ។
ឯកឧត្តមថ្លែងថា៖«ការប្រយុទ្ធប្រឆាំងនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាបានក្លាយជាអាទិភាពដ៏សំខាន់បំផុតមួយរបស់ជាតិយើង។ កម្ពុជា បានពង្រឹងក្របខ័ណ្ឌច្បាប់ និងស្ថាប័នរបស់ខ្លួន ព្រមទាំងបង្កើនប្រតិបត្តិការអនុវត្តច្បាប់ប្រឆាំងនឹងទីតាំងឆបោក និងបណ្តាញឧក្រិដ្ឋជនដែលនៅពីក្រោយសកម្មភាពទាំងនោះ ដោយទទួលបាន លទ្ធផលជាក់ស្តែងដែលមិនអាចប្រកែកបាន»។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានគូសបញ្ជាក់ថា ប៉ុន្តែគ្មានប្រទេសណាមួយអាចទទួលបានជោគជ័យដោយឯកឯងនោះទេ។ បណ្តាញឧក្រិដ្ឋជនធ្វើ ប្រតិបត្តិការឆ្លងកាត់ព្រំដែន ដែលទាមទារឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិកាន់តែរឹងមាំ។ នៅសប្តាហ៍នេះ កម្ពុជាបានរៀបចំដោយជោគជ័យនូវសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងនឹងការឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា ដែលសហការរៀបចំដោយការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកបញ្ហា គ្រឿងញៀន និងឧក្រិដ្ឋកម្ម (UNODC) និងអង្គការប៉ូលីសអន្តរជាតិ (INTERPOL) ព្រមទាំងស្ថាប័ន ផ្សេងទៀត។ សន្និសីទនេះបានអំពាវនាវឱ្យមានសកម្មភាពរួមគ្នា និងការសម្របសម្រួលទាំងនៅ កម្រិតជាតិ តំបន់ និងសកលលោក ដើម្បីទប់ស្កាត់ និងលុបបំបាត់ឧក្រិដ្ឋកម្មនេះ៕
